ពង្រឹងដល់សុខភាពបេះដូង
ការបរិច្ចាកឈាម ជួយពង្រឹងដល់សុខភាពបេះដូង-សរសៃឈាមទាំងស្រុងតែម្តង។ ការកើនឡើងនៃជាតិដែកក្នុងឈាម ធ្វើអោយប្រឈមនឹងជំងឺបេះដូងកាន់តែខ្លាំង។ អ្វីដែលពិសេសនោះគឺថា ការបរិច្ចាកឈាមជាទៀងទាត់ ជួយអោយបុរសអាចកាត់បន្ថយជាតិដែកក្នុងឈាមបាន។ ការធ្វើបែបនេះ អាចបន្ថយការកើតជំងឺគាំងបេះដូងរហូតដល់ ៨៨ ភាគរយឯណោះ។ លើសពីនេះទៅទៀត ការបរិច្ចាកឈាមទៀងទាត់អាចជួយបន្ថយការប្រឈមភាពធ្ងន់ធ្ងរនៃបញ្ហាបេះដូង-សរសៃឈាមបានដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល បាន ៣៣ ភាគរយដែរ។
ជម្រុញអោយមានការផលិតកោសិកាគ្រាប់ឈាមថ្មី
នៅពេលឈាមត្រូវបានគេបូមចេញ រាងកាយរបស់អ្នកនឹងចាប់ផ្តើមជំនួសឈាមដែលបានបាត់បង់នោះភ្លាមៗតែម្តង។ កោសិកាថ្មីត្រូវបានផលិតចេញពីខួរឆ្អឹងក្នុងរយៈពេល ៤៨ ម៉ោង ហើយកោសិកាគ្រាប់ឈាមទាំងអស់ដែលត្រូវបានបរិច្ចាកនោះ ក៏ត្រូវបានជំនួសវិញបានទាំងស្រុងក្នុងរយៈពេលមួយទៅ ២ ខែក្រោយ។ ដូច្នេះហើយ ការបរិច្ចាកឈាម ជួយភ្ញោចអោយមានការផលិតកោសិកាគ្រាប់ឈាមថ្មី។ ដំណើរការណ៍នៃការជំនួសឡើងវិញនេះ អាចជួយអោយរាងកាយមានសុខភាពល្អ និងធ្វើការកាន់តែមានប្រសិទ្ធភាពទៀត។
រំលាយកាឡូរី
ការបរិច្ចាកឈាមជាទៀងទាត់ ក៏អាចធ្វើអោយមនុស្សមានរូបរាងសមសួនបានដែរ។ ការបរិច្ចាកឈាមបាន ៤៥០ មីលីលីត្រ អាចរំលាយជាតិខ្លាញ់រហូតដល់ ៦៥០ កាឡូរី។
ជម្រុញអោយមនុស្សចាស់ៗយល់ថា មានសុខុមាលភាព
មនុស្សចាស់ជាច្រើនដែលមានសុខភាពល្អបានប្រាប់ពីអារម្មណ៍របស់ពួកគាត់ ក្រោយពីបរិច្ចាកឈាមជាទៀងទាត់ថា វាដូចជាធ្វើអោយពួកគាត់មានកម្លាំងឡើងវិញ និងសុខភាពមាំមួនអញ្ចឹង។
កាត់បន្ថយការប្រឈមនឹងជំងឺមហារីក
ចូរបរិច្ចាកឈាម ដើម្បីជួយកាត់បន្ថយការប្រឈមនឹងជំងឺមហារីក។ បើយោងទៅតាមមជ្ឈមណ្ឌលឈាម Miller-Keystone បានអោយដឹងថា ការបរិច្ចាកឈាមទៀងទាត់ អាចជួយកាត់បន្ថយការប្រឈមនឹងជំងឺមហារីកបានដូចជា ជំងឺមហារីកថ្លើម សួត ពោះវៀនធំ ក្រពះ និងបំពង់កបាន។ ការប្រឈមមុខនឹងថយចុះចំពោះមនុស្សដែលឧស្សាហ៍បរិច្ចាកឈាម។
ទទួលបានការពិនិត្យសុខភាពដោយឥតគិតថ្លៃទៀត
ក្រៅពីប្រយោជន៍ខាងលើ អ្នកបរិច្ចាកឈាមនឹងទទួលបានការពិនិត្យសុខភាពដោយឥតគិតថ្លៃ ជាមួយនឹងការធ្វើតេស្តឈាមទៀត។ គេនឹងធ្វើតេស្តទៅលើកម្រិត អេម៉ូគ្លូបីន ព្រមទាំងវាស់សម្ពាធឈាម និងពិនិត្យលើរាងកាយទៀត។ ឈាម ក៏ត្រូវបានធ្វើតេស្តរកមើលជំងឺសំខាន់ៗមួយចំនួនទៀតដែរ។
ជួយជីវិតមនុស្ស
តាមរយៈការបរិច្ចាកឈាម មានមនុស្សជាច្រើនណាស់ដែលត្រូវបានជួយសង្គ្រោះ ហើយសង្ឃឹមថា នឹងត្រូវបានផ្តល់អោយគេនូវរាល់ស្ថានភាពជាច្រើនទៀត។ ឈាមដែលបរិច្ចាកហើយ អាចផ្តល់ជីវិតទីពីរដល់អ្នកដែលត្រូវការបាន។
ផ្តល់សេចក្តីសុខដល់មនុស្សជាច្រើន
នៅពេលអ្នកបរិច្ចាកឈាម វាមិនត្រឹមតែមានឥទ្ធិពលចំពោះអ្នកជំងឺដែលត្រូវការឈាមរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែ អ្នកក៏បានជួយសង្គ្រោះដល់មនុស្សជុំវិញខ្លួនអ្នកជំងឺនោះផងដែរ។ ក្នុងសហគមន៍ទាំងមូលនឹងទទួលបានប្រយោជន៍ពីភាពសប្បុរសរបស់អ្នកតែម្តង៕