គេនិយាយថា អ្នកនឹងតែងតែចងចាំនូវស្នាមថើមដំបូងជានិច្ច ហើយចាប់តាំងពីការថើប គឺជាសកម្មភាពមនុស្សដែលមនុស្សភាគច្រើនពេញចិត្តមក ចូរស្រមៃថា ការថើប គឺជាមធ្យោបាយមួយប្រភេទជួយអោយអ្នកមានសុខភាពល្អ។ ចាប់តាំងពីការពង្រឹងដល់សុខភាពធ្មេញ រហូតដល់រំលាយជាតិខ្លាញ់ វាក៏មានរឿងរីករាយជាច្រើនទៀតដែលបានមកពីការថើប។
មានប្រយោជន៍ដល់សុខភាពធ្មេញ
តាមការស្រាវជ្រាវបានអោយដឹងថា ទឹកមាត់ដែលផលិតចេញពីការឧស្សាហ៍ថើបគ្នា អាចមានប្រយោជន៍ល្អចំពោះសុខភាពធ្មេញ។ ទឹកមាត់អាចជួយបង្ការ និងកាត់បន្ថយការកើតជាកំណកជាប់ធ្មេញ។ការថើប អាចជួយអោយសន្សំពេលវេលាក្នុងការជួបជាមួយពេទ្យធ្មេញ ព្រមទាំងមិនចាំបាច់ទៅអោយពេទ្យខាត់ធ្មេញទៀតដែរ។
ជួយអោយអាយុវែង
អ្នកដែលចូលចិត្តថើបគ្នា ទំនងជាមានអាយុវែងជាងគេ។ ការស្រាវជ្រាវបានអោយដឹងថា ការថើបគ្នាយ៉ាងពិសេសជារៀងរាល់ព្រឹក អាចជួយបន្ថែមអាយុដល់ជីវិតរបស់អ្នកបាន។ ស្នាមថើមនៅពេលព្រឹកដ៏ល្អ អាចជួយបន្ថែមអាយុបានរហូតដល់ ៥ ឆ្នាំ។
រំលាយជាតិខ្លាញ
រឿងដែលធម្មតាមួយគឺថា ការថើបថ្នមៗអាចជួយរំលាយជាតិខ្លាញ់ពី ៦ ទៅ ១២ កាឡូរី។ កាលណាអ្នកធ្វើអោយខ្លួនឯងចេញចំហាយកាន់តែច្រើន ការរំលាយជាតិខ្លាញ់ក៏កាន់តែច្រើនដែរ។ ចូរស្រមៃថា វានឹងមានការរំលាយជាតិខ្លាញ់រហូតដល់ ៣០០ កាឡូរី ខណៈពេលកំពុងរួមភេទ។
មានផលល្អចំពោះបេះដូង
ការថើប គឺជាសកម្មភាពមួយជួយផលិតអ័រម៉ូន Adrenaline។ Adrenaline ធ្វើអោយបេះដូងច្របាច់កាន់តែខ្លាំង និងបង្កើនរបត់ឈាមរត់។ ឥទ្ធិពលនៃការថើបដែលមានចំពោះបេះដូង គឺជារឿងសំខាន់ដូចគ្នានឹងការហាត់ប្រាណបែបអ៊ែរ៉ូប៊ិកដែរ ដូចជាការរត់ ឬជិះកង់។
បំបាត់ស្ត្រេសបានមួយចំនួន
ការថើបរយៈពេលខ្លីមួយនឹងជួយកាត់បន្ថយស្ត្រេស ភាពតានតឹង និងជាអំណះអំណាងមួយបញ្ជាក់ថា អ្នកពិតជាមានអារម្មណ៍សុខស្រួល។ អ័រម៉ូនដែលបញ្ចេញដោយសារស្ត្រេសឈ្មោះថា Cortical នឹងត្រូវបានកាត់បន្ថយក្នុងពេលដែលមនុស្សកំពុងតែមានតណ្ហាថើបគ្នា។ បើសិនជាអ្នកជួបបញ្ហាស្ត្រេសរយៈពេលយូរពេញមួយថ្ងៃនៅកន្លែងធ្វើការ ឬកន្លែងណាមួយនោះ ចូរប្រើការថើប ដើម្បីបន្ធូរភាពតានតឹងទៅ។
ធ្វើអោយអ្នកមើលទៅកាន់តែស្រស់ស្អាត
ការថើប គឺជាការប្រើមុខដើម្បីហាត់ប្រាណ។ ការថើប ទាមទារអោយមានការប្រើប្រាស់សាច់ដុំមុខប្រមាណ ៣០ ប្រភេទខុសៗគ្នា។ ការថើប នឹងជួយពង្រឹងដល់កម្លាំងមុខ និងរក្សាបាននូវចរន្តឈាមរត់ទៀតផង។ របត់ឈាមរត់ដែលល្អក្នុងមុខ គឺជារឿងមួយដែលងាយបំផុត និងមិនបាច់អស់ប្រាក់ឡើយ ក្នុងការធ្វើអោយអ្នកមើលទៅក្មេងជាងវ័យ និងបំបាត់ភាពជ្រីវជ្រួញបានទៀត។
ជួយបង្ការជំងឺ
ខណៈពេលកំពុងតែថើប អ្នកនឹងផលិតទឹកមាត់កាន់តែច្រើន។ ការផលិតទឹកមាត់ អាចជួយអោយប្រព័ន្ធភាពស៊ាំប្រឆាំងទប់ទលនឹងជំងឺ និងការបង្ករោគជាច្រើនបាន។ ការថើបដ៏លឿនមួយ អាចជួយអោយអ្នកមានសុវត្ថិភាពពីជំងឺជាច្រើនបាន។
គ្រប់គ្រងការឈឺចាប់
ការថើប អាចជួយទប់ទល់នឹងការឈឺចាប់បាន។ ទឹកមាត់ដែលកើតចេញពីការថើបគ្នា ផលិតមកមានជាតិថ្នាំស្ពឹកបែបធម្មជាតិតែម្តង។ សម្រាប់អ្នកដែលមានបានប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ខ្លាំងៗដូចជា ម៉កហ្វីន នោះ សារធាតុ Endorphins ដែលបង្កើតឡើងក្នុងពេលថើបគ្នាយ៉ាងត្រេកត្រអាលនេះ នឹងបំពេញតួនាទីជាថ្នាំបំបាត់ការឈឺចាប់ខ្លាំងជាងនេះរហូតដល់ ២០០ ដងឯណោះ។
ពង្រឹងដល់ការគោរពខ្លួនឯង
ការថើប ធ្វើអោយមនុស្សម្នាក់ៗយល់ថា ខ្លួនឯងកាន់តែគួរអោយស្រលាញ់ និងមានមោទនៈភាពខ្លាំងជាងមុន។ តើនរណាទៅ ដែលមិនចង់មានអារម្មណ៍ថា ខ្លួនឯងគួរអោយស្រលាញ់ និងមានមោទនៈភាពទៅ? ការថើប កើតចេញពីទំនុកចិត្ត និងការគោរពខ្លួនឯង ដូច្នេះ ចូរស្រមៃថា អ្នកនឹងទទួលបានអត្ថប្រយោជន៍បន្ថែមទៀត បើសិនជាអ្នក គឺជាអ្នកជំនាញខាងថើប។ ជាទូទៅ ការដែលមានអារម្មណ៍ថាគោរពខ្លួនឯងកាន់តែខ្លាំង នោះអ្នកនឹងមានសុខភាពកាន់តែល្អ។
ធ្វើអោយស្ងប់អារម្មណ៍
ការថើប ត្រូវបានគេដឹងថា ជួយកាត់បន្ថយការថប់អារម្មណ៍ និងបញ្ឈប់ការមានអារម្មណ៍រំភើបខ្លាំងបាន។ ការថើប ជួយបង្កើនអ័រម៉ូនអុកស៊ីតូស៊ីន។ អុកស៊ីតូស៊ីន គឺជាអ័រម៉ូនជួយរំងាប់អារម្មណ៍។ បើសិនជាអ្នកមានអ្វីមួយកើតមានក្នុងចិត្ត ដោះស្រាយមិនចេញពេញមួយថ្ងៃ អ្នកក៏អាចយកឈ្នះវា ដោយភាពស្ងប់អារម្មណ៍តាមរយៈការថើបបានដែរ៕