ពេលខ្លះ អារម្មណ៍នៃការឈឺឈៀបៗ ឬហៅថាឈឺដូចមានគេចាក់ម្ជុរនៅចុងដៃចុងជើង អាចកើតឡើងជារៀងរាល់ថ្ងៃបាន។ ប៉ុន្តែអ្វីដែលជាដំណឹងល្អនោះ វាមិនមែនជារឿងដែលគ្រោះថ្នាក់ឡើយ ហើយក៏អាចបាត់ទៅវិញដោយខ្លួនឯងដែរ។ យ៉ាងណាមិញ មានមូលហេតុខ្លះៗដែរ ដែលនាំឲ្យមានបញ្ហាឈឺឈៀបៗនៅចុងដៃចុងជើងនេះដូចជា ជំងឺទឹកនោមផ្អែម និងការខូចសរសៃប្រសាទ ដែលវាត្រូវការការព្យាបាល។ ដូច្នេះបើសិនជាអ្នកកំពុងតែជួបបញ្ហាឈឺឈៀបៗនៅចុងដៃចុងជើងមែន យកល្អអ្នកគួរតែសាកល្បងព្យាបាលដូចខាងក្រោមនេះសិន៖
រក្សាជំហរឲ្យបានត្រឹមត្រូវ
ជាធម្មតា ការឈឺឈៀបៗនៅចុងដៃចុងជើង កើតឡើងដោយសារតែជំហរមិនត្រឹមត្រូវ។ ចូរប្រាកដថា រាងកាយអ្នកស្ថិតក្នុងជំហរដែលត្រឹមត្រូវហើយដោយមិនខ្វល់ថាអ្នកឈរ ឬអង្គុយឡើយ
បន្ថយស្រ្តេស
ការដែលមានអារម្មណ៍ឈឺឈៀបៗនៅចុងដៃចុងជើងរាល់ថ្ងៃ គឺជារឿងក្រពុលមុខប្រចាំជីវិតដែរ។ នេះដោយសារតែ សាច់ដុំរឹងជាប់ ហើយក៏ជាអ្វីដែលនាំឲ្យកើតអាការៈឈឺឈៀបៗទៀត។ ដូច្នេះដើម្បីកុំឲ្យសាច់ដុំរឹងជាប់បែបនេះ អ្នកគួរតែបន្ថយស្រ្តេសឲ្យបានច្រើនបំផុតតាមរយៈការហាត់យូហ្គា និងងូតទឹកបន្ធូរអារម្មណ៍។
ត្រាំទឹកអំបិល
បើយើងនិយាយដល់ការងូតទឹកបន្ធូរអារម្មណ៍ អ្នកគួរតែងូតទឹកក្តៅឧណ្ហៗដែលមានអំបិលលាយ ១ ទៅ ២ស្លាបព្រា ព្រោះវាផ្ទុកទៅដោយជាតិម៉ាញ៉េស្យូម សម្រាប់ជួយបន្ធូរការឈឺឈៀបៗនេះបាន។
ហាត់ប្រាណទៀងទាត់
ការដែលហាត់ប្រាណបានគ្រប់គ្រាន់ក៏ជារឿងដ៏អស្ចារ្យមួយដែរបើសិនជាអ្នកងាយនឹងជួបបញ្ហាឈឺឈៀបៗនៅដៃជើង។ តើអ្នកមានដឹងទេថា របៀបរស់នៅបែបស៊ីដេកៗអាចធ្វើឲ្យខូចខាតដល់សរសៃប្រសាទដែរទេ? តើអ្នកមានដឹងថា ការដែលធាត់ខ្លាំងក៏អាចបង្កផលវិបាកដូចគ្នានេះដែរទេ? មិនខ្វល់ថាការឈឺឈៀបៗនៅចុងដៃចុងជើងបង្កឡើងដោយអ្វីទេ អ្នកគួរតែធ្វើលំហាត់ប្រាណ។
ម៉ាស្សា
មានហេតុផលពីរយ៉ាងដែលថា ការហាត់ប្រាណអាចជាវិធីព្យាបាលការឈឺឈៀបៗនៅចុងដៃចុងជើងយ៉ាងមានប្រសិទ្ធភាព។ ដំបូងឡើយ វាជួយបន្ថយស្រ្តេស ដែលជាដើមហេតុនៃការឈឺបែបនេះ។ ទីពីរ ការម៉ាស្សានឹងជួយបង្កើនរបត់ឈាមរត់ ដែលអាចជួយផ្គត់ផ្គង់ជីវជាតិ និងអុកស៊ីសែនដល់សរសៃប្រសាទបានគ្រប់គ្រាន់។
ស្អំទឹកក្តៅ
អ្នកប្រហែលជាអាចទុកចិត្តលើការស្អំទឹកក្តៅបានគ្រប់ពេលដែលចុងដៃចុងជើងអ្នកកំពុងតែឈឺឈៀបៗហើយ។ វាមិនខុសពីការម៉ាស្សាទេ ការស្អំទឹកក្តៅឧណ្ហៗនឹងជួយជម្រុញដល់របត់ឈាមរត់។
ញ៉ាំអាហារសម្បូរវីតាមីន B
ចូរប្រាកដថា របបអាហារប្រចាំថ្ងៃអ្នកផ្ទុកទៅដោយវីតាមីន B ច្រើន។ នេះដោយសារតែ ជីវជាតិមួយនេះសំខាន់សម្រាប់ជួយឲ្យសរសៃប្រសាទមានសុខភាពល្អ។ ប្រភពអាហារដ៏ល្អបំផុតនោះគឺគ្រាប់ធញ្ញជាតិ សាច់ក្រហម ត្រី ស៊ុត ទឹកដោះគោ និងផលិតផលធ្វើពីទឹកដោះគោ៕