វាមានរឿងច្រើនណាស់ដែលអ្នកអាចធ្វើបានដើម្បីបង្ការរោគសញ្ញានៃការក្រហាយដើមទ្រូងនៅផ្ទះដោយខ្លួនឯងបាន។ ចូរញ៉ាំអាហារតិចៗ និងចៀសវាងការញ៉ាំច្រើន។ មិនត្រូវញ៉ាំអាហារនៅរយៈពេល៣ ទៅ៤ម៉ោងមុនគេងឡើយ។ ចូរផ្តល់ពេលវេលាដល់ខ្លួនឯងឲ្យបានច្រើនដើម្បីរំលាយអាហារ ដូច្នេះក្រពះនឹងមិនច្រាលអាហារទៅបំពង់ករវិញនៅពេលយប់ឡើយ។ មិនត្រូវញ៉ាំអាហារពេលយប់ជ្រៅឡើយ ព្រោះពេលអ្នកចូលគេង អាស៊ីតក្នុងក្រពះ និងអាហារអាចច្រាលឡើងទៅលើ ធ្វើឲ្យក្រហាយដើមទ្រូងបាន។ ក្រៅពីនេះ តើយើងអាចធ្វើអ្វីបានទៀតទៅដើម្បីដោះស្រាយបញ្ហាក្រហាយដើមទ្រូងបាន?
ផ្លាស់ប្តូររបបអាហារ
ប្រភេទនៃអាហារដែលអ្នកញ៉ាំប្រហែលជាធ្វើឲ្យមិនស្រួលក្នុងក្រពះហើយ។ បើសិនជាអ្នកងាយនឹងមានបញ្ហាច្រាលអាហារមកបំពង់ករ ចូរចៀសវាងការញ៉ាំអាហារហិរ អាហារមានជាតិអាស៊ីត និងអាហារផ្សេងៗទៀតដែលធ្វើឲ្យច្រាលទឹកអាស៊ីតពីក្រពះដោយសារតែវាធ្វើឲ្យសាច់ដុំខ្ចឹបនៅករក្រពះធូរ។ អាហារដែលនាំឲ្យច្រាលអាស៊ីតក្នុងក្រពះឡើងទៅបំពង់ករមានដូចជា ប៉េងប៉ោះ ខ្ទឹមស ផ្លែឈើជូរៗ ខ្ទឹមបារាំង សូកូឡា ជីអង្កាម និងអាហារមានជាតិខ្លាញ់។ អ្នកក៏គួរតែចៀសវាងការញ៉ាំគ្រឿងស្រវឹងដែរ។
ជ្រើសរើសភេសជ្ជៈដែលត្រឹមត្រូវ
វាមិនខុសគ្នានឹងអាហារទេ គឺមានភេសជ្ជៈមួយចំនួនអាចជម្រុញឲ្យមានរោគសញ្ញានៃការក្រហាយដើមទ្រូងបាន។ ប៉េងប៉ោះ និងផ្លែឈើជូរៗប្រហែលជាជម្រុញដល់ការច្រាលអាហារពីក្រពះបាន ដូច្នេះទឹករបស់វាក៏អាចបង្កបញ្ហាដូចគ្នាដែរ។ ភេសជ្ជៈផ្សេងៗទៀតដែលធ្វើឲ្យច្រាលអាហារនៅក្រពះដែរនោះមានដូចជា តែ កាហ្វេ គ្រឿងស្រវឹង និងភេសជ្ជៈមានជាតិហ្គាស។
ត្រូវមានភាពឆ្លាតវៃក្នុងការហាត់ប្រាណ
ការដែលហាត់ប្រាណបានគ្រប់គ្រាន់គឺជារឿងសំខាន់សម្រាប់ថែរក្សាសុខភាពទូទៅ ប៉ុន្តែប្រភេទនៃសកម្មភាពដែលអ្នកធ្វើនេះប្រហែលជាប៉ះពាល់ ឬជម្រុញដល់រោគសញ្ញានៃការច្រាលអាហារក្នុងក្រពះបាន។ ការហាត់ប្រាណដែលបង្កើនសម្ពាធក្នុងពោះប្រហែលជាបង្ខំអ្វីៗដែលមានក្នុងក្រពះច្រាលចេញទៅបំពង់ករបាន។ ការហាត់យូហ្គាក៏ដូចគ្នាអ៊ីចឹងដែរ។ សរុបមក ឲ្យតែការហាត់ប្រាណ ឬសកម្មភាពដែលជម្រុញដល់សម្ពាធនៅពោះ គួរតែកុំធ្វើអីបើសិនជាអ្នកងាយនឹងមានបញ្ហាច្រាលអាហារក្នុងក្រពះ។
ពិនិត្យទៅលើការស្លៀកពាក់ផង
ការផ្លាស់ប្តូររបៀបរស់នៅអាចមានឥទ្ធិពលគួរឲ្យភ្ញាក់ផ្អើលទៅលើរោគសញ្ញានៃការច្រាលអាហារទៅបំពង់ករបាន។ ការស្លៀកពាក់ក៏ប្រហែលពាក់ព័ន្ធនឹងរឿងនេះដែរ។ សម្លៀកបំពាក់ដែលតឹងៗពេក ជាពិសេសនៅតំបន់ពោះ វាប្រហែលជាអាចបង្ខំឲ្យអាហារនៅក្នុងពោះច្រាលឡើងទៅលើដែរ។ ដូច្នេះចូរចៀសវាងការស្លៀកខោដែលតឹងៗ ឬខ្សែក្រវ៉ាត់តឹងៗ៕