គ្រាប់រីករាយ គឺមិនត្រឹមតែជាគ្រាប់ធញ្ញជាតិមួយប្រភេទដែលមានរសជាតិឆ្ងាញ់តែប៉ុណ្ណោះទេ ប៉ុន្តែអាចផ្ដល់ផលល្អប្រសើរជាច្រើនចំពោះសុខភាពរាងកាយ។ (អាន ៖ ឈប់ខ្វល់រឿងដេកមិនលក់ នៅពេលដឹងរឿងទាំងនេះ) នោះក៏ព្រោះតែគ្រាប់រីករាយមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់ល្អៗ, ជាតិសសៃ, ប្រូតេអ៊ីន រួមទាំងសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលល្អសម្រាប់រក្សាសុខភាពរាងកាយរឹងមាំជៀសឆ្ងាយពីជំងឺផ្សេងៗ ក៏ដូចជាជួយឲ្យស្រកទម្ងន់បានផងដែរ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍ស្មានមិនដល់នៃការទទួលទាន គ្រាប់រីករាយ ចំពោះសុខភាព ៖
១. សុខភាពពោះវៀនធំ
គ្រាប់រីករាយ ជាប្រភពដ៏ប្រសើរនៃជាតិសសៃ dietary fiber។ ដូច្នេះហើយទើបការទទួលទានគ្រាប់រីករាយក្នុងបរិមាណសមល្មមជាប្រចាំអាចផ្ដល់អត្ថប្រយោជន៍យ៉ាងប្រសើរដល់ដំណើរការមុខងារពោះវៀនធំ។ ជាតិសសៃ Dietary fiber នៅក្នុងរបបអាហារជួយសម្រួលដល់ចលនាពោះវៀនឲ្យដំណើរការបានត្រឹមត្រូវជៀសផុតពីបញ្ហាផ្សេងៗទាក់ទងនឹងមុខងារនៃពោះវៀន។
២. សុខភាពភ្នែក
គ្រាប់រីករាយ គឺជាគ្រាប់ធញ្ញជាតិតែមួយគត់ដែលមានផ្ទុកបរិមាណដ៏ច្រើននៃសារធាតុ zeaxanthin និងlutein។ សារធាតុទាំងនេះជួយបង្កើនសុខភាពរាងកាយ ដោយកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗ ជាពិសេសជំងឺផ្សេងៗទាក់ទងជាមួយភ្នែក និងជំងឺមហារីក។
៣. គ្រប់គ្រងជំងឺទឹកនោមផ្អែម
គ្រាប់រីករាយ ជួយក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែម តាមរយៈសារធាតុប្រឆាំងអុកស៊ីតកម្មដែលវាមានផ្ទុក។ សារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងគ្រាប់រីករាយអាចជួយកាត់បន្ថយដំណើរការនៃ glycation (ការផ្សារភ្ជាប់ខុសប្រក្រតីនៃជាតិស្ករជាមួយប្រូតេអ៊ីន)។
៤. មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម
គ្រាប់រីករាយ ក៏ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម រួមបញ្ចូលទាំង betacarotene, lutein និង gamma-tocopherol។ សារធាតុ Beta-carotene ដើរតួជាវីតាមីន A និង gamma-tocopherol ជាវីតាមីន E។ វីតាមីនទាំងពីរ ជាសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដែលធ្វើឲ្យការទទួលទានគ្រាប់រីករាយក្លាយជាវិធីដ៏មានប្រសិទ្ធិភាពបំផុតមួយជួយក្នុងការកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ។ វត្តមាននៃសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងកម្រិតខ្ពស់ក៏អាចជួយទប់ស្កាត់ផលប៉ះពាល់ដោយ Oxidative ផងដែរ។
៥. សុខភាពបេះដូង
ការទទួលទានគ្រាប់រីករាយជួយរក្សាសុខភាពល្អរឹងមាំនៃបេះដូង នោះក៏ព្រោះតែគ្រាប់ធញ្ញជាតិនេះជាប្រភពដ៏ប្រសើរនៃជាតិខ្លាញ់ monounsaturated fats ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ។ ដូចដែលបានដឹងរួចមកហើយថា កូឡេស្តេរ៉ូលមិនល្អជាសត្រូវនៃសុខភាពបេះដូងល្អ ដោយវាអាចបង្កឲ្យស្ទះសសៃឈាមបេះដូង ជាហេតុនេះការនាំឈាមផ្គត់ផ្គត់បេះដូង គឺមិនគ្រប់គ្រាន់ដូចប្រក្រតីបណ្ដាលឲ្យគាំងបេះដូង ព្រមទាំងបញ្ហានៃជំងឺបេះដូងផ្សេងៗ។
៦. ពង្រឹងប្រព័ន្ធភាពស៊ាំ
គ្រាប់រីករាយ ក៏មានផ្ទុកសម្បូរទៅដោយវីតាមីន B6 ដែលមានឥទ្ធិពលអស្ចារ្យជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយឲ្យមានលក្ខណៈកាន់តែប្រសើរឡើង និងដំណើរការមុខងារបានត្រឹមត្រូប។ កម្រិតនៃសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដែលមានក្នុងគ្រាប់រីករាយជួយទប់ស្កាត់ជំងឺរាតត្បាតផ្សេងៗ។
៧. គ្រប់គ្រងទម្ងន់
គ្រាប់រីករាយ គឺមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ល្អ monounsaturated fats និងជាតិសសៃដែលជួយធ្វើឲ្យអ្នកឆ្អែតបានយូរ។ ហើយជាតិប្រូតេអ៊ីនក្នុងគ្រាប់រីករាយប្រើប្រាស់ជាតិខ្លាញ់ និងដុតបំផ្លាញ់ជាតិខ្លាញ់ក្នុងរាងកាយជំនួសការរក្សាទុកវា៕