នៅប្រទេសកម្ពុជាយើងមានប្រជាជនមិនតិចឡើយដែលឆ្លងកាត់ជីវិតជាមួយនឹងជំងឺសន្លាក់ដែលធ្វើអោយមានការឈឺចុកចាក់។ទោះបីជាវាមិនអាចឆក់យកជីវិតយើងភ្លាមៗក្តី វាជាមូលហេតុចម្បងមួយដែលនាំអោយខាតបង់ការងារនិងនាំអោយមានពិការភាព។នៅក្នុងងត្ថបទនេះ អ្នកនឹងបានយល់ដឹងជាមួលដ្ឋានអំពីជំងឺសន្លាក់និងវិធានការមួយចំនួនដែលអាចជួយអ្នកបាន។
តើអ្វីទៅជាជំងឺរលាកសន្លាក់?
ពាក្យ “ជម្ងឺរលាកសន្លាក់ (arthritis) ” មានន័យថា “ការរលាកទៅលើសន្លាក់ណាមួយ” ។ ការរលាក(inflammation) គឺជា លក្ខណៈធម្មជាតិរបស់មនុស្ស ដែលបញ្ជាក់ពីការមានជំងឺ, រងរបួស រួមបញ្ចូលទាំងការហើម, តឹង, ឈឺចាប់ ។ ការរលាកដែលមានរយៈពេលយូរ ឬ ឧស្សាហ៍កើតឡើងវិញដដែល ដូចជាជំងឺរលាក សន្លាក់ អាចបណ្តាលអោយងាប់ជាលិកា ។
សន្លាក់ គឺជាកន្លែងដែលក្បាលឆ្អឹងពីរ ឬច្រើននៅប្រឈមមុខគ្នា ភាគច្រើនដើម្បីឲ្យឆ្អឹងកម្រើកបាន ដូចជានៅត្រកៀក ឬ ជង្គង់ជាដើម ។ ឆ្អឹងនៃសន្លាក់ គ្របដណ្តប់ដោយសារធាតុម្យ៉ាងដែលទន់ ហើយស្ពោត ហៅថាឆ្អឹងខ្ចី – ដែលទ្រ និង អនុញ្ញាតអោយសន្លាក់ធ្វើចលនាបានដោយគ្មានការ ឈឺចាប់ ។ សន្លាក់ត្រូវបានខ័ណ្ឌដោយស្រទាប់ស្តើងនៃជាលិកា ហៅថាស៊ីណូវ្យូម (synovium) ខ្សែរខ័ណ្ឌស៊ីណូវ្យូមនេះផលិតទឹកស៊ីណូវ្យាល់ (synovial fluid) សំរាប់ចិញ្ចឹមសន្លាក់ និង ជួយកាត់ បន្ថយភាពសឹករិចរិលនៃសន្លាក់ ។ បន្ទះជាលិការឹងមាំ ហៅថាសរសៃចង (ligaments) សំរាប់ តភ្ជាប់ឆ្អឹង និង ជួយអោយសន្លាក់នៅនឹងល្អ ។ សាច់ដុំ និង សរសៃពួរជួយទ្រទ្រង់សន្លាក់ និង ធ្វើអោយយើងអាចកំរើក និង មានចលនាបាន។
ជំងឺរលាកសន្លាក់ធ្វើអោយតំបន់ដែលនៅក្នុង ឬ ជុំវិញសន្លាក់ក្លាយជារលាក, ធ្វើអោយឈឺចាប់, ឡើងរឹង ហើយពេលខ្លះពិបាកធ្វើចលនាទៀតផង ។ ជំងឺរលាកសន្លាក់ប្រភេទខ្លះអាចធ្វើអោយ មានបញ្ហាដល់ស្បែក និង សរីរាង្គខាងក្នុង ។
ប្រភេទជំងឺរលាកសន្លាក់
ជាទូទៅ ជំងឺរលាកសន្លាក់មានជាង១០០ប្រភេទ តែប្រភេទជំងឺរលាកសន្លាក់ដែលនិយម កើតមានឡើងជាងគេ រួមាន ៖
• ជម្ងឺរលាកសន្លាក់ឆ្អឹង (Osteoarthritis) ៖ វាជាជំងឺដែលឧស្សាហ៍កើតឡើងបំផុត ។វាកើត មាននៅពេលឆ្អឹងខ្ចីដែលដុះគ្របលើផ្នែកចុងនៃឆ្អឹងចាប់ផ្តើមសិករិចរិលបន្តិចម្តងៗ ។ គ្មាន ការការពារពីឆ្អឹងខ្ចីនេះ ឆ្អឹងក៏ចាប់ផ្តើមកកិតគ្នា ដែលនាំអោយហើម និង ឈឺចាប់ ។ ជំងឺនេះ អាចកើតមានឡើងនៅលើសន្លាក់ណាមួយ, ប៉ុន្តែញឹកញាប់បំផុតនោះ គឺនៅលើដៃ ជង្គង់ ត្រកៀក និង សន្លាក់តូចៗ (ទ្រនុងខ្នង) ។ ជំងឺរលាកសន្លាក់ឆ្អឹង ជាញឹកញាប់កើតមាននៅ ពេលដែលឆ្អឹងខ្ចីខូច ឬ ចុះអន់ថយដោយសារតែអាយុកាល ឬ ការប្រើប្រាស់ខ្លាំងពេក ។ ហេតុនេះហើយបានជាពេលខ្លះគេហៅជំងឺនេះថាជា ជំងឺសន្លាក់ចុះអន់ខ្សោយ ។
• ជំងឺរលាកសន្លាក់ឆ្អឹងរ៉ាំរ៉ៃ (Rheumatoid arthritis) ៖ ជាជំងឺកើតឡើងយូរយារ ដែលអាចជះ ឥទ្ធិពលអាក្រក់ដល់សន្លាក់នៅផ្នែកណាមួយនៃតួខ្លួន លើកលែងតែផ្នែកខ្នងខាងក្រោម ដែលជាទូទៅទាក់ទងទៅនឹងដៃ, ចង្កេះ និង ជង្គង់ ។ អ្នកដែលមានជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ប្រព័ន្ធភាពស៊ាំក្នុងខ្លួន (អង្គការពារនឹងជំងឺ) ច្រឡំវាយប្រហារខ្លួនឯង ធ្វើអោយសន្លាក់នោះ ហើម ។ បន្ទាប់មក ការរលាកក៏បានរីករាលដាលទៅកាន់ជាលិកាដែលនៅជុំវិញនោះ រួចក៏ បំផ្លាញរួមទាំងឆ្អឹងខ្ចី និង ឆ្អឹងផងដែរ ។ ករណីធ្ងន់ធ្ងរមួយចំនួន, ជំងឺនេះអាចជះឥទ្ធិពល ទៅលើផ្នែកផ្សេងៗទៀតនៃដងខ្លួន ដូចជាស្បែក, ភ្នែក, សួត និង សរសៃប្រសាទ ។
• រោគប្រគ្រីវ (Gout) ៖ ជាការឈឺចាប់ កើតមានឡើងនៅពេលដែលខ្លួនមនុស្សយើងមិន អាចបញ្ចេញចោលនូវអាស៊ីតអ៊ុយរិចបាន (uric acid) ។ សំនល់នៃអាស៊ីតអ៊ុយរិចនេះមាន ទំរង់ដូចជាម្ជុលគ្រាប់គ្រីស្តាល់ចាក់ដោតនៅក្នុងសន្លាក់ដែលជាហេតុធ្វើអោយហើម និង ឈឺ ។ Gout និយមកើតនៅលើម្រាមមេជើង, ជង្គង់ និង សន្លាក់ចង្កេះ ។
រោគសញ្ញានៃជំងឺរលាកសន្លាក់មានអ្វីខ្លះ?
រោគសញ្ញានៃជំងឺរលាកសន្លាក់ខុសគ្នាពីប្រភេទមួយទៅប្រភេទមួយ និងខុសគ្នាពីមនុស្សម្នាក់ទៅ មនុស្សម្នាក់ទៀត ។ ប៉ុន្តែ ជាទូទៅ ជំងឺរលាកសន្លាក់ឆ្អឹងមិនមែនបណ្តាលមកពីអ្វីផ្សេងក្រៅតែពី សន្លាក់នោះទេ ។ អាការៈរោគនៃជំងឺរលាកសន្លាក់អាចមានដូចជាគ្រុនក្តៅ, អស់កំលាំង, ឡើង កន្ដួលច្រើន និង សញ្ញានៃការរលាកសន្លាក់រួមមាន ៖
• ឈឺចាប់
• ឡើងប៉ោង, ហើម
• តឹង ហើយរឹង
• ងាយនឹងឈឺចាប់ (ពេលប៉ះ)
• ឡើងក្រហម
• ក្តៅ ក្រហាយ … ។
មានប្រភេទជំងឺរលាកសន្លាក់ជាច្រើន ដែលមិនស្តែងអោយឃើញនូវរោគសញ្ញាច្បាស់លាស់ ។ វាហាក់ដូចជាបណ្តាលមកពីមូលហេតុផ្សេងៗគ្នាជាច្រើន ។ អ្នកស្រាវជ្រាវកំពុងតែធ្វើការសិក្សា ទៅលើតួនាទីរបស់ហ្សេនេទិច (តំណរពូជ) និង ដំណើរនៃការវិវត្តន៍របស់ជំងឺរលាកសន្លាក់ ។
ទោះបីជាមិនមានមូលហេតុច្បាស់លាស់ដែលនាំអោយមានជំងឺរលាកសន្លាក់ច្បាស់លាស់ក៏ដោយ ក៏ប៉ុន្តែមានកត្តាមួយចំនួនដែលនាំអោយមនុស្សម្នាក់អាចនឹងកើតមានជំងឺរលាកសន្លាក់ ។
• អាយុ (Age) ៖ អាយុកាន់តែចាស់ កាន់តែប្រឈមមុខទៅនឹងជំងឺរលាកសន្លាក់ ពិសេសជំងឺរលាកសន្លាក់ឆ្អឹង (Osteoarthritis)
• ភេទ (Gender) ៖ ជាទូទៅ ជំងឺរលាកសន្លាក់កើតលើស្ត្រីច្រើនជាងបុរស
• ភាពធាត់លើសទម្ងន់ (Obesity) ៖ ភាពធាត់ពេកបានដាក់សម្ពាធ និង សង្កត់យ៉ាងធ្ងន់ទៅ លើសន្លាក់ ដែលបង្កើនការដាច់ រហែក និង ប្រឈមមុខទៅនឹងជំងឺរលាកសន្លាក់
• កត្តាការងារ (Work factors) ៖ ការងារមួយចំនួនដែលទាមទារចលនាដដែលៗ ឬ ការលើក របស់ធ្ងន់ៗអាចនឹងគាបសង្កត់លើសន្លាក់ ឬ រងរបួសដែលបណ្តាលអោយកើតជំងឺរលាក សន្លាក់ ជាពិសេសគឺជាជំងឺរលាកសន្លាក់ឆ្អឹង ។
តើជំងឺរលាកសន្លាក់កើតឡើងញឹកញាប់ទេ?
ជំងឺរលាកសន្លាក់ គឺជាជំងឺដែលកើតឡើងច្រើនលើមនុស្ស។ វាត្រូវបានគេប៉ាន់ប្រមាណ ឃើញថា មួយនាក់ក្នុងចំនោមបីនាក់ ឬជនជាតិអាមេរិចច្រើនជាង ៧០ លាននាក់មានជម្ងឺរលាកសន្លាក់ ឬ ឈឺសន្លាក់ ។ វាជាមូលហេតុចម្បងដែលនាំអោយខាតបង់ពេលវេលាការងារនិងនាំអោយមានពិការភាពរបស់មនុស្សជា ច្រើន ។ ជំងឺរលាកសន្លាក់ឆ្អឹង បានជះឥទ្ធិពលទៅលើប្រជាជនអាមេរិចជាង ២០ លាននាក់ ។ វាអាចកើតលើមនុស្សគ្រប់វ័យ, ប៉ុន្តែជាធម្មតាគឺកើតលើមនុស្សចាស់ ។
តើគេធ្វើរោគវិនិច្ឆ័យជម្ងឺរលាកសន្លាក់ដោយរបៀបណា?
ជាធម្មតា គេអាចដឹងពីជំងឺរលាកសន្លាក់ឆ្អឹងបានតាមរយៈ ការសាកសួរប្រវត្តិជំងឺ, ការពណ៏នាពី រោគសញ្ញា និង ការពិនិត្យទៅខ្លួនអ្នកជំងឺផ្ទាល់ ។ គេអាចប្រើវិធីសាស្ត្ររូបភាពដូចជា ការថតកាំ រស្មីអ៊ិច (X-rays) ឬ MRI ដើម្បីអោយដឹងពីលក្ខណៈរបស់សន្លាក់ ។ ប្រសិនបើសង្ស័យថាមាន ជំងឺរលាកសន្លាក់ផ្សេងទៀត គេអាចនឹងធ្វើការវិភាគទៅលើឈាម, ទឹកនោម ឬ ទឹកសន្លាក់ នៅឯមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ដើម្បីងាយស្រួលកំណត់ប្រភេទជំងឺរលាកសន្លាក់ ។ ការធ្វើតេស្ត នេះ ក៏អាចជួយអោយយើងដឹងពីជំងឺផ្សេងៗទៀតដែលមាននៅក្នុងខ្លួនយើងផងដែរ ។
តើគេព្យាបាលជំងឺរលាកសន្លាក់ដោយវិធីណា?
គោលដៅនៃការព្យាបាលជំងឺរលាកសន្លាក់គឺ កាត់បន្ថយភាពឈឺចុកចាប់ រួមទាំងបង្កើនចលនា និង កំលាំងរបស់សន្លាក់ ។ ជំរើសនៃការព្យាបាលអាចរួមមាន ៖ ការប្រើប្រាស់ថ្នាំ, លំហាត់ ប្រាណថ្មមៗ, ការស្អំដោយទឹកក្តៅ ឬ ត្រជាក់, ដាក់របស់ការពារសន្លាក់ និង ចុងក្រោយ គឺការវះកាត់ ។ គំរោងនៃការព្យាបាលរបស់អ្នកអាចមានច្រើនជាងមួយក្នុងចំនោមជំរើសទាំងនះ ។
តើមនុស្សមានជំងឺរលាកសន្លាក់នឹងមានអនាគតបែបណា?
ការធ្វើរោគវិនិច្ឆ័យទាន់ពេល អាចអោយយើងគ្រប់គ្រងជំងឺរលាកសន្លាក់, ការឈឺចាប់ និង ភាពពិការផ្សេងៗត្រូវបានកាត់បន្ថយ ។ ម្យ៉ាងទៀត វាក៏អាចជួយយើងដើម្បីការពារការងាប់ ជាលិកាផ្សេងៗដែលបណ្តាលមកពីជំងឺរលាកសន្លាក់ ។ ការព្យាបាលអោយទាន់ពេលវេលា គឺជាកត្តាចាំបាច់ណាស់សំរាប់ជំងឺរលាកសន្លាក់ឆ្អឹងរ៉ាំរ៉ៃ ដើម្បីការពារការសឹករិចរិល និង ពិការភាព ផ្សេងៗទៀត ។
តើគេអាចបង្ការជំងឺរលាកសន្លាក់បានដែរឬទេ?
ទោះបីជាគេមិនអាចបង្ការជំងឺរលាកសន្លាក់បានក៏ដោយ, ក៏ប៉ុន្តែ នេះជាជំហានខ្លះៗដែលកាត់ បន្ថយការប្រឈមមុខទៅនឹងការវិវត្តនៃជំងឺនិង ពន្យា ឬ ការពារការខូចខាតរបស់សន្លាក់ដូចជា ៖
• រក្សាទំងន់ខ្លួន ៖ ការលើសទម្ងន់អាចធ្វើអោយរោយ ឬ បង្កការលំបាកដល់សន្លាក់
• លំហាត់ប្រាណក្នុងចលនាថ្មមៗ ៖ ធ្វើអោយសាច់ដុំរបស់អ្នកមានកំលាំងមាំមួន ដើម្បីអាចជួយការពារ និង ទ្រទ្រង់សន្លាក់របស់អ្នក
• ប្រើប្រាស់ឧបករណ៍ និង វិធីសាស្ត្រការពារសន្លាក់នៅកន្លែងការងារ ៖ ការលើកដាក់ របស់របរ និង ស្ថានភាពធ្វើចលនាសមស្របអាចជួយការពារសាច់ដុំ និង សន្លាក់របស់អ្នក
• ទទួលទានអាហារដែលមានសុខភាព ៖ រក្សាលំនឹង និង របបចំណីអាហារអាចជួយបង្កើន កំលាំង និង សុខភាពរបស់ឆ្អឹង និង សាច់ដុំរបស់អ្នក ៕