របបអាហារត្រឹមត្រូវសម្រាប់កុមារ នឹងជួយឱ្យពួកគេរឹងមាំ និងមានសុខភាពល្អ។ ដូច្នេះ តើអ្នកជាឪពុកម្តាយ គួរជ្រើសរើសអាហារបែបណាទៅ?
១.អាហារថាមពល
អាហារប្រភេទនេះ ផ្ដល់ទាំងថាមពល និងកម្ដៅចំពោះរាងកាយ ដែលសម្បូរទៅដោយជាតិកាបូអ៊ីដ្រាត ក្នុងនោះមានដូចជា បាយ គុយទាវ នំប៉័ង ប្រេងឆា និងពពួកបន្លែមានជាតិម្សៅ ដូចជា ពោត ត្រាវ ដំឡូងជ្វា ជាដើម។
២.អាហារស្ថាបនារាងកាយ
អាហារនេះមានជាតិប្រូតេអ៊ីន ហើយផ្ដល់ឲ្យនូវការជួសជុល សាងសង់កោសិកា និងជាលិកាក្នុងរាងកាយ និងធ្វើឲ្យលូតលាស់បានល្អ។ ក្នុងនោះមានដូចជាសាច់គោ ទឹកដោះគោ សាច់ជ្រូក ត្រី មាន់ និងស៊ុត។ ចំណែកបន្លែមានសណ្ដែកដី តៅហ៊ូ និងផលិតផលធ្វើពីសណ្ដែកដទៃទៀត។
៣.ក្រុមអាហារការពាររាងកាយ
វា ជួយការពារក្មេងពីជំងឺផ្សេងៗ ព្រោះសម្បូរជាតិខនិជ និងវីតាមីន ហើយមាននៅក្នុងបន្លែ និងផ្លែឈើ។ នៅក្នុងរបបអាហារកូនយើងគួរតែមានពពួកបន្លែបៃតង ឬល្ពៅជាដើម ចំណែកផ្លែឈើគួរតែមានចេក ក្រូច ល្ហុង និងល្មុត៕