សួតមានសុខភាពល្អ ជួយឲ្យមនុស្សយើងអាចដកដង្ហើមបានស្រួល និងអាចផ្ដល់អុកស៊ីសែន ទៅកាន់ចរន្តឈាម ជួយឲ្យរាងកាយមានសុខភាពល្អ។ ផ្ទុយទៅវិញ នៅពេលសួតយើងមានសុខភាពមិនល្អ រាងកាយ និងសកម្មភាពដែលយើងចូលចិត្តផ្សេងៗទៀតក៏មានបញ្ហាដែរ។ ខាងក្រោមនេះជាតិចនិកមួយចំនួនជួយឱ្យសួតអ្នកមានសុខភាពល្អ៖
.កុំជក់បារី
អ្នកជក់បារីកាន់តែច្រើន កត្តាប្រឈមកើតជំងឺមហារីកសួត និងជំងឺសួតរ៉ាំរ៉ៃ ក៏កើតមានខ្ពស់ដែរ។ ការជក់បារី មិនថាតិច ឬច្រើន សុទ្ធតែមិនមានសុវត្ថិភាពចំពោះសុខភាពសួត។
.ហាត់ប្រាណ
ការហាត់ប្រាណ ជួយសម្រួលដល់សួតក្នុងការបញ្ជូនអុកស៊ីសែនទៅកាន់បេះដូង និងសាច់ដុំបានល្អ។ ការហាត់ប្រាណមិនមែនចាំបាច់ត្រូវតែធ្វើឲ្យសួតខ្លាំងក្លានោះទេ តែវាបានជួយឲ្យសួតដំណើរការបានប្រសើរ។
.តាមដានអាការៈក្អក
បើអ្នកក្អក លើសពីមួយខែ គួរតែទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ។ ការក្អករ៉ាំរ៉ៃអាចជាសញ្ញាព្រមានថា យើងមានបញ្ហាសុខភាពដែលត្រូវការធ្វើរោគវិនិច្ឆ័យ។
.មានឥរិយាបថល្អ
អ្នកមិនត្រូវអង្គុយចំកោងខ្លួន ឬដើរដោយកោងៗខ្នងនោះទេ។ ឥរិយាបថបែបនេះ អាចកាត់បន្ថយសមត្ថភាពធ្វើការរបស់សួត ក្នុងការបញ្ជូនអុកស៊ីសែនទៅកាន់បេះដូង និងសាច់ដុំ។
.ចៀសវាងកន្លែងមានខ្យល់ពុល
ដូចនឹងការជក់បារីដែរ កន្លែងមានការបំពុលបរិយាកាស ក៏មានផលប៉ះពាល់ដល់សួតរបស់យើងដែរ៕