យោងតាមការសិក្សារបស់ស៊ុយអែតបានបង្ហាញថាជំងឺតំរងនោមរ៉ាំរ៉ៃអាចមានហានិភ័យខ្ពស់នៃជំងឺវង្វេងវង្វាន់។
ចំពោះ អ្នកដែលមានជំងឺតម្រងនោមរ៉ាំរ៉ៃសរីរាង្គតម្រងនោម ដែលមានរាងដូចគ្រាប់សណ្តែកនេះ នឹង បាត់បង់សមត្ថភាពក្នុងការច្រោះកាកសំណល់ពីឈាមបន្តិចម្តងៗ និងបំបាត់ជាតិរាវ។
សូម្បីតែការកាត់បន្ថយមុខងារខ្សោយតំរងនោមក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃជំងឺសរសៃឈាមបេះដូង និងការឆ្លងមេរោគដែរ ហើយមានភ័ស្តុតាងកាន់តែច្រើនឡើង ដែលបង្ហាញពីទំនាក់ទំនងរវាងតម្រងនោម និងខួរក្បាល។
ការសិក្សាបានវិភាគទិន្នន័យសុខភាពពីមនុស្សវ័យចំណាស់ជិត ៣៣០.០០០ នាក់។ គ្មាននរណាម្នាក់មានជំងឺវង្វេងស្មារតី ឬធ្លាប់បានប្តូរតម្រងនោម ឬការលាងឈាម នៅពេលដែលការស្រាវជ្រាវបានចាប់ផ្តើមនោះទេ។
ក្នុងអំឡុងពេលនៃការតាមដានជាមធ្យម ៥ ឆ្នាំ, ៦% ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺវង្វេង។ អ្នកស្រាវជ្រាវបានរកឃើញថា នៅពេលមុខងារតម្រងនោមថយចុះអត្រានៃជំងឺវង្វេងបានកើនឡើង។
អត្រានៃជំងឺវង្វេងគឺខ្ពស់ជាង ៤ ដងក្នុងចំនោមអ្នក ដែលមានអត្រានៃការច្រោះតម្រងនោមទាបជាង ៣០ មីលីលីត្រ ក្នុងមួយនាទី បើប្រៀបធៀបទៅនឹងអ្នកដែលមានអត្រាច្រោះធម្មតា ៩០ ទៅ ១០៤ មីលីលីត្រ ក្នុងមួយនាទី។
ក្រោយពីធ្វើការកែសម្រួល កត្តាហានិភ័យនៃជំងឺវង្វេងដទៃទៀត (ដូចជាការជក់បារី ការប្រើប្រាស់គ្រឿងស្រវឹង សម្ពាធឈាមខ្ពស់ និងទឹកនោមផ្អែម) អ្នកស្រាវជ្រាវបានសន្និដ្ឋានថា បើប្រៀបធៀបនឹងអ្នកដែលមានមុខងារតំរងនោមធម្មតា អ្នកដែលមានអត្រាច្រោះឈាមពី ៣០ ទៅ ៥៩ មីលីលីត្រ ក្នុងមួយនាទី មានអត្រាខ្ពស់ជាង ៧១% ហានិភ័យនៃជំងឺវង្វេង។ អ្នកដែលមានអត្រាច្រោះទាបជាង ៣០ មីលីក្រាម មានហានិភ័យខ្ពស់ជាង ១៦២% ។
អ្នកស្រាវជ្រាវ ក៏បានវិភាគទិន្នន័យនៃការធ្វើតេស្តឈាមលើអ្នកចូលរួមជិត ២០៦.០០០នាក់ ដែលបានធ្វើតេស្តឈាមច្រើនក្នុងរយៈពេលមួយឆ្នាំ ដើម្បីប៉ាន់ស្មានថាតើមុខងារតម្រងនោមបានធ្លាក់ចុះយ៉ាងដូចម្តេច។ ការថយចុះលឿននៃអត្រាច្រោះតម្រងនោម ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងហានិភ័យខ្ពស់នៃការធ្វើរោគវិនិច្ឆ័យជំងឺវង្វេងផងដែរ។
អ្នកស្រាវជ្រាវបាននិយាយថា ១០ ភាគរយ នៃករណីជំងឺវង្វេងនៅក្នុងការស្រាវជ្រាវអាចត្រូវបានកំណត់ថាអត្រានៃការច្រោះតម្រងនោម ៦០ មីលីលីត្រ ក្នុងមួយនាទី ឬតិចជាងនេះ។ នោះជាភាគរយខ្ពស់ នៃករណីវង្វេងស្មារតី ជាងការដែលទាក់ទងទៅនឹងកត្តាហានិភ័យផ្សេងទៀតដូចជាជំងឺបេះដូង និងទឹកនោមផ្អែម។ គេបានកត់សម្គាល់ថា ហានិភ័យនៃជំងឺវង្វេងក៏ដូចជាជំងឺតម្រងនោមរ៉ាំរ៉ៃ កើនឡើងតាមអាយុ៕