ជំងឺក្រឡាភ្លើងគឺជាជំងឺដ៏កម្រមួយ តែវាគឺជាផលវិបាកដែលគម្រាមគំហែងដល់អាយុជីវិតមួយប្រភេទនៃការមានផ្ទៃពោះ។ ភាពកម្ររបស់វាគឺ មានមួយក្នុងចំណោមស្រ្តីមានផ្ទៃពោះ ២០០០ ទៅ៣០០០នាក់។ ជំងឺនេះធ្វើឲ្យស្រ្តីមានផ្ទៃពោះប្រកាច់បាន។ ទោះបីជាស្រ្តីមានផ្ទៃពោះមិនធ្លាប់មានប្រវត្តិប្រកាច់ក៏ប្រហែលជាជួបបញ្ហាក្រឡាភ្លើងនេះដែរ។
គ្មាននរណាម្នាក់ដឹងច្បាស់ថាជំងឺត្រៀមក្រឡាភ្លើងនេះបង្កឡើងដោយអ្វីឡើយ ប៉ុន្តែអ្នកជំនាញនិយាយថា ជំងឺនេះច្រើនតែកើតឡើងក្រោយពីស្រ្តីមានផ្ទៃពោះស្រាប់តែលើសសម្ពាធឈាមភ្លាមៗ ហើមជើង និងមានជាតិប្រូតេអ៊ីនចេញតាមទឹកនោមច្រើន។ ហើយរឿងនេះច្រើនតែកើតឡើងក្រោយពីស្រ្តីមានផ្ទៃពៅបាន ២០សប្តាហ៍ទៅ។ បើសិនជាការត្រៀមក្រឡាភ្លើងធ្វើឲ្យប្រកាច់ ឬសន្លប់ហើយ នោះហើយដែលខ្មែរយើងចំណាំហៅក្រឡាភ្លើង។
ទោះបីជាយ៉ាងណាក៏ដោយ អាការៈមួយចំនួននៃជំងឺនេះមានជាប់ទាក់ទងនឹងផលវិបាកនៃការមានផ្ទៃពោះ ហើយក៏ប្រហែលជាធ្វើបង្កឡើងដោយបញ្ហាផ្សេងៗទៀតដែរដូចជា ជំងឺទឹកនោមផ្អែម ឬជំងឺតម្រងនោម។ ខាងក្រោមនេះគឺជាសញ្ញាមួយចំនួននៃការត្រៀមក្រឡាភ្លើង៖
ចង្អោ និងក្អួត
ឈឺក្បាល
ហើមមុខ ឬដៃ
ឡើងទម្ងន់ខ្លាំង
មានបញ្ហាលើការមើលឃើញ
ពិបាកនោម
ខាងក្រោមនេះគឺជាសញ្ញាដែលជាប់ទាក់ទងនឹងការក្រឡាភ្លើង៖
ឈឺក្បាល
ឈឺសាច់ដុំ
សន្លប់
ឡេះឡះ
ប្រកាច់៕