មានមនុស្សមិនតិចទេ ដែលចង់បានរាងស្អាតតែខ្ជិលទៅកន្លែងហាត់ប្រាណ(Gym) ដោយសារតែមូលហេតុជាច្រើនដូចជា៖ ការហត់នឿយពីការងារ ការដែលមិនសូវដឹងពីរបៀបប្រើប្រាស់ឧបករណ៍នៅកន្លែងហាត់ប្រាណ តម្លៃបង់ចូលហាត់ថ្លៃពេក ឬ ក៏មកពីខ្ជិលជិះទៅកន្លែងហាត់ព្រោះវាឆ្ងាយពីផ្ទះ។
អ្នកខ្លះប្រហែលជាគិតថា គួរតែទិញឧបករណ៍ហាត់ប្រាណដាក់ផ្ទះហើយហាត់ម្នាក់ឯង។ តែវាមិនមែនជាការងាយស្រួលទេព្រោះថា ពេលខ្លះហាត់ប្រាណម្នាក់ឯងពិតជាកំសត់ណាស់ព្រោះគ្មានអ្នកកំដរ និង គ្មានបានឃើញគេឯង។ ម្យ៉ាងវិញទៀតនោះ តម្លៃឧបករណ៍ហាត់ប្រាណក៏មានមិនថោកដែរ។ ការតាំងចិត្តហាត់ប្រាណបែបនេះ គឺមិនងាយធ្វើបានទេ ព្រោះថាវាត្រូវការចំណាយពេលវេលានិងកម្លាំងចិត្តយ៉ាងរឹងប៉ឹង។

ចុះតើអ្នកគួរធ្វើដូចម្តេច ដើម្បីបានសាច់ដុំស្អាតនឹងគេ ដោយមិនចាំបាច់ទៅកន្លែងហាត់ប្រាណ? វាលែងជាបញ្ហាទៀតហើយ ព្រោះថាប៉ុន្មានចំនុចខាងក្រោមនេះនឹងជួយអ្នកឲ្យសម្រេចក្តីបំណងដែលប៉ងយូរមកហើយ។
១. ឆ្លៀតគ្រប់ពេលវេលា៖ ឆ្លៀតគ្រប់ពេលវេលា? វាមានន័យថា អ្នកគួរតែឆ្លៀតហាត់ប្រាណដោយប្រយោលពេលអ្នកកំពុងធ្វើការងារប្រចាំថ្ងៃ។ តើការហាត់ប្រាណដោយប្រយោលនេះមានអ្វីខ្លះ? ពេលអ្នកត្រូវឡើងទៅជាន់ខាងលើ អ្នកគួរតែឡើងតាមកាំជណ្តើរធម្មតា ជៀសវាងការឡើងតាមជណ្តើរយន្ត។ ពេលអ្នកត្រូវធ្វើដំណើរទៅធ្វើការ អ្នកគួរតែធាក់កង់ឬដើរ ជំនួសឲ្យការធ្វើដំណើរតាមរថយន្ត។ វាថែមទាំងជួយសន្សំថវិកាផងដែរ។
២. គួរយកខ្លួនអ្នកធ្វើជាឧបករណ៍ហាត់ប្រាណ៖ បើគ្មានឧបករណ៍ហាត់ គ្មានបញ្ហា។ ខ្លួនអ្នកហ្នឹងហើយដែលជាឧបករណ៍ហាត់។ អ្នកអាចឆ្លៀតពេលអាវ៉ង់ពេលដែលកំពុងមើលទូរទស្សន៍ ឬ ក៏លួចហាត់ប្រាណត្រកៀកដោយឈរពាក់កណ្តាលអង្គុយ (Squat)នៅក្នុងជណ្តើរយន្ត។ ការហាត់ប្រាណដោយគ្មានឧបករណ៍គឺមានច្រើនណាស់ដែលអ្នកអាចរៀនបានតាមអ៊ីនធើណេត។

៣. ត្រូវគិតពីរបបអាហារ៖ ការគិតពីរបបអាហារ តែមិនបានហាត់ប្រាណ មិនអាចធ្វើឲ្យសាច់ដុំអ្នករីកធំដូចគេដែលជាអ្នកហាត់ប្រាណនោះទេ។ តែវាអាចជួយអ្នកឲ្យស្រក់ខ្លាញ់នៅក្នុងខ្លួន ដែលជាកត្តាមួយអនុញាតឲ្យសាច់ដុំដែលមានស្រាប់លេចចេញរូបរាងផុតពីស្រទាប់ខ្លាញ់។
៤. ទទួលទានទឹកឱ្យបានគ្រប់គ្រាន់៖ ការស្រាវជ្រាវពីសាកលវិទ្យាល័យ Connecticut បានធ្វើតេស្តិ៍ការលូតលាស់សាច់ដុំរបស់អត្តពលិកអំឡុងពេលហ្វឹកហាត់បានបង្ហាញឱ្យឃើញថា អត្តពលិកដែលស្ថិតក្នុងស្ថានភាពខ្សោះជាតិទឹកមានកម្រិតអរម៉ូនករទីស៊ុល កើនឡើង ដែលធ្វើឱ្យមានការធ្លាក់ចុះលើកម្រិតអរម៉ូនតេស្តូស្តេរ៉ូន ដែលជាអរម៉ូនចម្បងសម្រាប់ការលូតលាស់សាច់ដុំ៕