មានវិធីជាច្រើនដើម្បីជួយកាត់បន្ថយបញ្ហាហើមដក់ក្រោមភ្នែក។ វិធីខ្លះសាមញ្ញាមែនទែន ដោយគ្រាន់តែទទួលទានទឹកឱ្យបានច្រើន។ ខ្លះទៀតមានលក្ខណៈធ្ងន់ធ្ងរ ដូចជាការវះកាត់កែសម្ផស្សជាដើម។ ខាងក្រោមនេះ គឺជាវិធីងាយៗខ្លះៗ ដែលជួយដល់ការលុបបំបាត់បញ្ហាហើមដក់ក្រោមភ្នែក។
១. គេងឱ្យបានគ្រប់គ្រាន់៖ ការចូលគេងពេលយប់ឱ្យបានទៀងទាត់ នឹងជួយអ្នកកាត់បន្ថយការហើមភ្នែក។ មនុស្សពេញវ័យត្រូវការការគេងប្រហែល ៧ ទៅ ៩ម៉ោង ក្នុងមួយយប់។ ដើម្បីធានាថាអ្នកគេងបានគ្រប់គ្រាន់ ចូរបង្កើតទម្លាប់ចូលគេងហើយប្រកាន់ខ្ជាប់ឱ្យបានរៀងរាល់ថ្ងៃ។
២. កំណត់រកអ្វីដែលធ្វើឱ្យអ្នកអាឡែរហ្សី៖ ពិគ្រោះជាមួយគ្រូពេទ្យ ប្រសិនបើអ្នកមានអាឡែរហ្សីតាមរដូវកាល ឬ ជាមួយនឹងរបស់អ្វីមួយ។ អាឡែរហ្សីអាចបណ្តាលឱ្យភ្នែករបស់អ្នកឡើងក្រហម និង ហើម។ នេះអាចជម្រុញឱ្យអ្នកត្រដុសភ្នែករបស់អ្នកកាន់តែច្រើន ដែលបណ្តាលឱ្យកាន់តែហើមថែមទៀត។
៣. ជៀសវាងការទទួលទានអាល់កុល៖ ព្យាយាមដាក់កម្រិតឬជៀសវាងការទទួលទានស្រានិងភេសជ្ជៈជាតិអាល់កុលផ្សេងទៀត ដែលអាចធ្វើឱ្យអ្នកខ្សោះជាតិទឹក។ ការខ្វះជាតិទឹកអាចបណា្ខលឱ្យអ្នកមានបញ្ហាដក់ក្រោមភ្នែក។
៤. បន្ថយការទទួលទានអំបិល៖ ការបរិភោគអំបិលច្រើនពេក អាចបណ្តាលឱ្យមានការចាល់ទឹកនៅក្នុងរាងកាយ។ វាក៏អាចបណ្តាលឱ្យមានបញ្ហាសុខភាពផ្សេងទៀតដូចជាហានិភ័យខ្ពស់នៃបញ្ហាបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាល។
៥. ផឹកទឹកឱ្យបានគ្រប់គ្រាន់៖ បញ្ហាហើមដក់ក្រោមភ្នែក អាចជាលទ្ធផលនៃការខ្សោះជាតិទឹក។ ត្រូវប្រាកដថាអ្នកផឹកទឹកឱ្យបានច្រើនជារៀងរាល់ថ្ងៃ ដើម្បីឱ្យស្បែករបស់អ្នកមានសុខភាពល្អ។ វិធានទូទៅដែលល្អប្រសើរ គឺត្រូវផឹកទឹក៨កែវក្នុងមួយថ្ងៃ៕