សាកនិយាយឲ្យត្រង់ទៅមើល តើអ្នកដែលមានមិត្តម្នាក់ឬច្រើននាក់ដែលតែងតែបង្ហោះថាពួកគេនៅកន្លែងហាត់កីឡាដែរឬទេ។ ឬក៏ម្នាក់នោះគឺជាអ្នក?
ប្រាកដណាស់ នៅពេលដែលអ្នកឃើញគេបង្ហោះដូច្នេះ អ្នកប្រហែលជាអាចមានអារម្មណ៍ល្អនាពេលព្រឹក តែអ្នកក៏អាចមានអារម្មណ៍ថាធុញផងដែរ។
តាមប្រភពព័ត៌មាន Independent អ្នកស្រាវជ្រាវពីសាកលវិទ្យាល័យ Brunel University ទីក្រុងឡុនដុនបានធ្វើការសិក្សាថាតើហេតុអ្វីបានជាមានមនុស្សជាច្រើនចែករំលែកលំហាត់ប្រាណរបស់ពួកគេលើប្រព័ន្ធសង្គម? លទ្ធផលដែលបានចេញមកនោះប្រហែលជាមិនល្អទេ។
ចម្លើយនោះគឺ ញៀននឹងការទាក់ទាញចំណាប់អារម្មណ៍ និងជំនឿចិត្ត!
អ្នកដែលតែងតែចូលចិត្តប្រាប់គេឯងពីការធ្វើលំហាត់ប្រាណរបស់ខ្លួនតែងតែជាប្រភេទមនុស្សមានអំនួតលើខ្លួនឯងជ្រុល។ យោងទៅតាមអ្នកស្រាវជ្រាវទាំងនោះ គោលដៅដំបូងរបស់មនុស្សប្រភេទនេះគឺដើម្បីអួតពីពេលដែលពួកគេប្រើប្រាស់សម្រាប់ថែរក្សាសម្រស់របស់ខ្លួន។ ជាការពិតណាស់ ការបង្ហោះបែបនេះភាគច្រើនតែងទទួលបានការ Like ច្រើនជាងការបង្ហោះផ្សេងៗទៀតផង។
ការសិក្សាខាងលើបានសរុបមកថា “មនុស្សប្រភេទនេះតែងតែចែករំលែកពីសមិទ្ធិផលរបស់ខ្លួនដែលត្រូវបានជំរុញដោយអារម្មណ៍ទាមទារចំណាប់អារម្មណ៍ និងការទទួលស្គាល់ពីមនុស្សលើ Facebook។” ប៉ុន្តែ ចំនួននៃការ Like របស់មនុស្សមិនប្រាកដជាមានន័យថាមនុស្សទាំងអស់ចូលចិត្តការអួតនោះទេ។
វេជ្ជបណ្ឌិត Tara Marshal បាននិយាយថា “ទោះជាការសិក្សារបស់យើងបានឲ្យឃើញថាការអួតរបស់មនុស្សប្រភេទខាងលើត្រូវបានតបស្នងដោយការ Like និងការ Comment ច្រើនជាងការបង្ហោះពីអ្វីផ្សេងពិតមែន ប៉ុន្តែពេលខ្លះមនុស្សទាំងនោះត្រូវបានជំរុញឲ្យបង្ហោះបន្ថែមព្រោះតែមិត្តរបស់គេលើ Facebook ធ្វើការ Like ក្នុងពេលដែលលួចស្អប់នឹងអំនួតទាំងនោះទៅវិញ។”
ដូច្នេះសូមអ្នកសាកសួរខ្លួនឯងទៅមើលថាអ្នកបង្ហោះចែករំលែកពីលំហាត់ប្រាណខ្លួនដោយមូលហេតុអ្វី? ហើយតើអ្នកដែល Like និង Comment លើការបង្ហោះរបស់អ្នកទាំងនោះត្រូវបានធ្វើឡើងដោយចិត្តស្មោះឬទេ?