តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ការធ្វើលំហាត់ប្រាណពេលព្រឹកគឺជាជំរើសមួយដ៏ប្រសើរក្នុងការជួយបញ្ចុះសម្ពាធឈាម និង ជួយសម្រួលដល់ការទទួលទានដំណេក។
លោកវេជ្ជបណ្ឌិត Scott Collier មកពីសាកលវិទ្យាល័យAppalachian State បានធ្វើការស្រាវជ្រាវពីឥទ្ធិពលនៃការធ្វើលំហាត់ប្រាណមានទៅលើសម្ពាធឈាម។ ដោយធ្វើការរួមគ្នាជាមួយនឹងជំនួយការរបស់លោក ដែលរួមមានលោកKimberly Fairbrother និង លោកBen Cartner។

លោកវេជ្ជបណ្ឌិតបានធ្វើការពិសោធន៍ទៅលើក្រុមមនុស្សដែលមានអាយុពី៤០ឆ្នាំទៅ៦០ឆ្នាំ ដោយតាមដានលើកម្រិតសម្ពាធឈាមនិងទំលាប់នៃការទទួលទានរបស់ពួកគេ។ ក្រុមមនុស្សខាងលើនេះបានទទួលការធ្វើលំហាត់ប្រាណ៣ដងក្នុងមួយសប្តាហ៍ ហើយម្តងៗមានរយៈពេល៣០នាទី។ ពួកគេហាត់ប្រាណ៣ពេលខុសៗគ្នា ដែលក្នុងនោះមាន ម៉ោង៧ព្រឹក ម៉ោង១រសៀល និងម៉ោង៧ល្ងាច។
ជាលទ្ធផល ក្រុមអ្នកដែលបានធ្វើលំហាត់ប្រាណនៅពេលព្រឹក ចុះសម្ពាធឈាមបាន១០%។ រីឯពេលយប់វិញពួកអ្នកហាត់ប្រាណពេលព្រឹកនេះ បានថយចុះសម្ពាធឈាមរហូតដល់២៥% និង បានទទួលទានដំណេកបានប្រសើរជាងមុន។

លោកវេជ្ជបណ្ឌិតបានធ្វើរបាយការណ៍ថា៖ “វាពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ ដែលការហាត់ប្រាណពេលព្រឹកមានភាពប្រសើរជាងការហាត់ប្រាណពេលល្ងាច ក្នុងការជួយបញ្ចុះសម្ពាធឈាមនិងជួយសម្រួលដល់ការទទួលទានដំណេក។ ហើយចំពោះការហាត់ប្រាណនៅម៉ោង១រសៀលវិញគឺបានផ្តល់នូវផលប្រយោជន៍តិចតួចប៉ុណ្ណោះ។”
លោកបានបន្តថា៖ “ពួកយើងមិនទាន់បានដឹងនូវមូលហេតុដែលធ្វើឲ្យមានភាពខុសគ្នាដូចនេះនៅឡើយ។ តែយើងបានដឹងយ៉ាងច្បាស់ថា បើលោកអ្នកចង់បញ្ចុះសម្ពាធឈាម និង ចង់ទទួលទានដំណេកបានស្រួលជាងមុននោះ ការហាត់ប្រាណពេលព្រឹកនៅម៉ោង៧ គឺជាជម្រើសដ៏ប្រសើររបស់អ្នក។”