បំពេញរាជ្យ ឬកំពីងរាជ្យ គឺជាផ្លែឈើត្រូពិចមួយប្រភេទដែលមានរសជាតិជូរអែម និងសម្បូរណាស់ដែរក្នុងប្រទេសកម្ពុជា។ (អាន ៖ ឈប់ខ្វល់រឿងដេកមិនលក់ នៅពេលដឹងរឿងទាំងនេះ)ហើយភាគច្រើននៃពួកយើងសុទ្ធតែបានស្គាល់ និងធ្លាប់ ឬឧស្សាហ៍ទទួលទាន ផ្លែបំពេញរាជ្យ ប៉ុន្តែប្រហែលជាមិនចាប់អារម្មណ៍ដឹងទេថា ផ្លែឈើមួយនេះអាចផ្ដល់ផលល្អៗស្មានមិនដល់ចំពោះសុខភាពបាន។ ថាតើផ្លែបំពេញរាជ្យប្រសើរយ៉ាងណាខ្លះទៅ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍ដ៏អស្ចារ្យនៃការទទួលទានផ្លែបំពេញរាជ្យចំពោះសុខភាព ៖
១. ព្យាបាលប្រតិកម្មអាឡែកហ្ស៊ី
ផ្លែបំពេញរាជ្យ មានផ្ទុកសម្បូរទៅដោយជាតិអាស៊ីត Bryonotic និង Sandorinic ដែលជាភ្នាក់ងារព្យាបាល ហើយទប់ស្កាត់បញ្ហាប្រតិកម្មអាឡែកហ្ស៊ីផ្សេងៗ។
២. ជម្រុញពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
ផ្លែបំពេញរាជ្យ ក៏ជាប្រភពដ៏ប្រសើរនៃជាតិសសៃដែលល្អសម្រាប់ការបង្កើនបាក់តេរីល្អៗក្នុងរាងកាយ ហើយបាក់តេរីទាំងនេះជួយពង្រឹងប្រព័ន្ធភាពស៊ាំ។ លើសពីនេះទៅទៀត ផ្លែបំពេញរាជ្យ គឺមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលមួយប្រភេទហៅថា quercetin ដែលទទួលខុសត្រូវធ្វើឲ្យប្រព័ន្ធភាពស៊ាំកាន់តែខ្លាំងក្លាប្រសើរឡើង។
៣. ទប់ស្កាត់ជំងឺមហារីក
បំពេញរាជ្យ មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយក្នុងការទប់ស្កាត់ការរីកលូតលាស់នៃកោសិកាមហារីក។ យោងតាមការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញឲ្យដឹងថា ជាតិអាស៊ីត secotriterpene និងkoetjapic ដែលមានផ្ទុកក្នុងផ្លែបំពេញរាជ្យមានប្រសិទ្ធិភាពប្រឆាំងនឹងកោសិកាមហារីកបានយ៉ាងប្រសើរ។
៤. ទប់ស្កាត់ជំងឺទឹកនោមផ្អែម
បំពេញរាជ្យ ជាជម្រើសនៃផ្លែឈើដ៏ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម ក៏ព្រោះតែវាមានផ្ទុកសម្បូរទៅដោយជាតសសៃ និងមានសន្ទស្សន៍ជាតិស្ករទាប។ ជាតិសសៃជួយកាត់បន្ថយការស្រូបយកជាតិស្ករទៅក្នុងឈាមដែលធ្វើឲ្យកម្រិតនៃជាតិស្ករក្នុងឈាមមានសភាពប្រក្រតី។
៥. ទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហម
ផ្លែបំពេញរាជ្យ មានផ្ទុកសម្បូរទៅដោយជាតិដែកដែលជាជាតិរ៉ែចាំបាច់សម្រាប់ការផលិតកោសិកាគ្រាប់ឈាមក្រហម។ លើសពីនេះទៅទៀត បំពេញរាជ្យ ក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលជួយសម្រួលដល់ពោះវៀនឲ្យធ្វើការស្រូបយកជាតិដែកប្រកបដោយប្រសិទ្ធិភាព។
៦. កាត់បន្ថយកូឡេស្តេរ៉ូលមិនល្អ
ផ្លែបំពេញរាជ្យ មានផ្ទុកជាតិសសៃរលាយ pectins ដែលជួយកាត់បន្ថយកូឡេស្តេរ៉ូលមិនល្អ ប៉ុន្តែបង្កើនកម្រិតកូឡេស្តេរ៉ូលល្អ ធ្វើឲ្យអ្នកជៀសផុតពីបញ្ហានៃជំងឺដាច់សសៃឈាមខួរក្បាល, ជំងឺបេះដូង និងលើសឈាម។ លើសពីនេះទៅទៀត pectins ទប់ស្កាត់ជាតិខ្លាញ់មិនឲ្យស្រូបចូលទៅក្នុងប្រព័ន្ធចរន្តឈាម៕