ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងហើយថា ទ្រលឹងទឹង គឺជាផ្លែឈើដែលមានរសជាតិជូរ ប៉ុន្តែប្រហែលជាមិនចាប់អារម្មណ៍ទេថា ផ្លែឈើមួយប្រភេទនេះអាចផ្ដល់អត្ថប្រយោជន៍ល្អៗគួរឲ្យភ្ញាក់ផ្អើលចំពោះសុខភាពបាន។ (អាន ៖ ឈប់ខ្វល់រឿងដេកមិនលក់ នៅពេលដឹងរឿងទាំងនេះ) ហេតុអ្វីល្អទើបទ្រលឹងទឹងប្រសើរចំពោះសុខភាព? នោះក៏ព្រោះតែវាមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ សារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីនផ្សេងៗ រួមទាំងវីតាមីន B, វីតាមីន C, ផូស្វ័រ និងជាតិដែក ដែលចាំបាច់សម្រាប់សុខភាពរាងកាយរឹងមាំ ជៀសឆ្ងាយពីជំងឺផ្សេងៗ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីមូលហេតុដែលអ្នកគួរសាកល្បងចាប់ផ្ដើមទទួលទានផ្លែទ្រលឹងទឹង ដើម្បីប្រយោជន៍សុខភាព៖
១. ព្យាបាលប្រតិកម្មអាឡែកហ្ស៊ី ៖ ទ្រលឹងទឹងមានផ្ទុកសារធាតុប្រឆាំង ក៏ដូចជាជួយសម្រាលអាការៈនៃបញ្ហាអាឡែកហ្ស៊ី។ ដូច្នេះការទទួលទានផ្លែទ្រឹលឹងទឹង ឬទឹកទ្រលឹងទឹងស្រស់ ឬតែស្លឹកទ្រលឹងទឹង ទៀងទាត់អាចជួយកាត់បន្ថយអាឡែកហ្ស៊ីបាន។
២. ព្យាបាលជំងឺក្អក ៖ អ្នកអាចបន្ថែមទឹកផ្លែទ្រលឹងទឹងស្រស់ចូលក្នុងស៊ីរ៉ូក្អក ក៏ព្រោះវាអាចផ្ដល់ផលវិជ្ជមានយ៉ាងប្រសើរក្នុងការកាត់បន្ថយអាការៈក្អក និងហៀរសំបោរ។ រសជាតិជូរ ក៏ជួយធ្វើឲ្យស៊ីរ៉ូក្អកមានរសជាតិស្រួលលេបជាងមុនផងដែរ។
៣. សុខភាពឆ្អឹង ៖ ធ្មេញ និងឆ្អឹងប្រែជាខ្សោយទៅៗតាមវ័យរបស់អ្នក។ ការទទួលទានថ្នាំគ្រាប់ជាតិកាល់ស្យូមប្រហែលជាជម្រើសដ៏ល្អមួយ ប៉ុន្តែបំពេញជាតិកាល់ស្យូមក្នុងរាងកាយតាមរយៈអាហារកាន់តែប្រសើរជាង។ ផ្លែទ្រលឹងទឹង គឺជាផ្លែឈើមួយប្រភេទដែលល្អបំផុតសម្រាប់រក្សាសុខភាពឆ្អឹងរឹងមាំ ដោយសារធាតុផូស្វ័រដែលវាមានផ្ទុកបំពេញបន្ថែមនូវជាតិកាល់ស្យូមដោយបង្កើនប្រសិទ្ធិភាពនៃជាតិរ៉ែនេះ ហើយបន្ថែមដង់ស៊ីតេ ក៏ដូចជាពង្រឹងសុខភាពឆ្អឹង និងធ្មេញ។
៤. ព្យាបាលជំងឺទឹកនោមផ្អែម ៖ ទ្រលឹងទឹង គឺជាជម្រើសនៃផ្លែឈើដ៏ប្រសើរសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ អ្នកអាចកិនកំទេច ឬបុកផ្លែទ្រលឹងទឹង ៦ គ្រាប់ ហើយលាយវាជាមួយទឹកធម្មតាមួយកែវ។ ដាំឲ្យពុុះ និងស្រងយកកាកចេញសិន សឹមទទួលទាន។ អ្នកអាចទទួលទានទឹកល្បាយនេះយ៉ាងហោចណាស់ ២ ដងក្នុងមួយថ្ងៃជាប្រចាំ។
៥. ព្យាបាលអាការៈឈឺសន្លាក់ ៖ ដើម្បីបំបាត់អាការៈឈឺសន្លាក់ អ្នកគួរតែកិន ឬបុកកំទេចស្លឹកទ្រលឹងទឹងចំនួន ១ក្ដាប់ដៃពេញ ជាមួយនឹងទ្រលឹងទឹង ១ ផ្លែ ឲ្យម៉ដ្ឋ រួចបន្ថែមទឹកធម្មតាចូលបន្តិច ហើយកូរឲ្យសព្វចូលគ្នា សឹមលាបវាត្រង់កន្លែងឈឺឲ្យបានយ៉ាងហោចណាស់ ២ ទៅ ៣ ដងក្នុងមួយថ្ងៃជាប្រចាំ។
៦. ព្យាបាលរោគមុន ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិន ឬបុកកំទេចផ្លែទ្រលឹងទឹងឲ្យម៉ត់ រួចលាបវាទៅលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់ ហើយទុកចោលសម្រាប់រយៈពេលពី ៣ ទៅ ៤ នាទីសិន សឹមលាងសម្អាតចេញជាមួយទឹកស្អាតធម្មតាជាការស្រេច។