ការពិតជាក់ស្តែង ការផ្លាស់ប្តូរកម្រាលពូកគឺជាកិច្ចការផ្ទះដ៏ហត់នឿយមួយសម្រាប់រាល់ចុងសប្តាហ៍។ ប៉ុន្តែប្រសិនបើអ្នកនៅតែបិទភ្នែកធ្វើមិនដឹងមិនលឺនិងទុកកម្រាលពូកអ្នកយូរនោះ អ្នកនឹងជួបប្រទះការភ្ញាក់ផ្អើលដ៏គួរឲ្យខ្ពើមមិនខាន។
យោងទៅតាម Mary Malone ដែលជាអ្នកជំនាញខាងបោកគក់ក្នុងគេហទំព័រ about.com បានឲ្យដឹងថាការមិនផ្លាស់ប្តូរកម្រាលពូកក្នុងរយៈពេលដ៏យូរអាចនាំឲ្យមានការប៉ះពាក់ដល់សុខភាពដូចជាធ្វើឲ្យមេរោគចូលក្នុងដំបៅជាដើម។ នាងបាននិយាយថា មនុស្សយើងគ្រប់រូបបន្តបែកញើសសូម្បីតែពេលគេង មានន័យថារាងកាយរបស់យើងបញ្ចេញជាតិខ្លាញ់ និងដី។
នាងបានបន្តថា “ជួនកាលមានទឹកមាត់ ទឹកនោម ទឹកកាម និងកាកសំណល់ផ្សេងៗនៅលើក្រណាត់ទៀតផង។ ដំបៅ ឬមុខរបួសអាចនឹងចូលមេរោគប្រសិនបើសម្រោមពូកនោះមិនត្រូវបានសម្អាតជាប្រចាំ។”
នាងក៏បានបន្ថែមទៀតថា មេរោគផ្សេងទៀតក៏អាចឆ្លងមកអ្នកគេងតាមរយៈស្រោមពូកផងដែរ។ និងបានបន្តថា “ការសម្អាតកម្រាលពូក និងស្រោមខ្នើយមិនជាប្រចាំ អាចធ្វើឲ្យកាកសំណល់ទាំងនោះជ្រាបចូលទៅក្នុងខ្នើយ និងពូក ហើយទាំងនោះគឺពិបាកសម្អាតជាងកម្រាលដែលអាចយកដាក់ក្នុងម៉ាស៊ីនបោកខោអាវទៀតផង។”
ប៉ុន្តែសាស្រ្តាចារ្យ Val Curtis ដែលមកពី London School of Hygiene & Tropical Medicine មិនគិតថាកម្រាលពូកមិនស្អាតអាចនាំឲ្យមានគ្រោះថ្នាក់នោះទេ។លោកបាននិយាយថា៖ “បើតាមខ្ញុំដឹង មិនទាន់មាននរណាម្នាក់ដែលបង្ហាញថាការមិនផ្លាស់ប្តូរកម្រាលអាចនាំឲ្យមានការប៉ះពាល់ដល់សុខភាពឡើយ។ កម្រាលពូកមិនមែនជាទីតាំងដ៏ល្អសម្រាប់បាក់តេរីដែលប៉ះពាល់ដល់ស្បែកឡើយ ហើយចៃ និងសត្វល្អិតរស់នៅលើពូកក៏មិនសូវបានដែរក្នុងពេលបច្ចុប្បន្ននេះ។ ប៉ុន្តែការសម្អាតជាប្រចាំនឹងធ្វើឲ្យកម្រាលរបស់អ្នកមានសភាព ក្លិន និងគុណភាពល្អ ដូចការដែលអ្នកសម្អាតខោអាវរបស់អ្នកជាប្រចាំអញ្ចឹង៕”