ការហៀរទឹកមាត់ គឺសំដៅដល់ពេលដែលមានទឹកមាត់ច្រើនលើសហៀរចេញពីក្នុងមាត់មនុស្សម្នាក់ ហើយនរណាក៏ធ្លាប់ជួបប្រទះស្ថានភាពនេះយ៉ាងហោចណាស់ម្ដងដែរ។ (អាន ៖ ឈប់ខ្វល់រឿងដេកមិនលក់ នៅពេលដឹងរឿងទាំងនេះ)ប៉ុន្តែតើអ្នកដឹងអត់ថា ប្រសិនបើការហៀរទឹកមាត់កើតឡើងជាប្រចាំ និងមានបរិមាណច្រើននោះវាអាចជារោគសញ្ញានៃជំងឺ ឬភាពមិនប្រក្រតីណាមួយកំពុងកើតមានក្នុងរាងកាយហើយ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីមូលហេតុនៃការគេងហៀរទឹកមាត់ រួមជាមួយនឹងវិធីកាត់បន្ថយ ក៏ដូចជាបញ្ឈប់អាការៈ ឬបញ្ហានេះផងដែរ ៖
– ហេតុអ្វីទើបហៀរទឹកមាត់នៅពេលគេង ឬគេងហៀរទឹកមាត់?
នៅពេលគេងនោះសាច់ដុំនៃមុខ ក៏ដូចជាសកម្មភាពរ៉េផ្លិននៃការលេប គឺសម្រាកទាំងស្រុង។ ជាធម្មតាទឹកមាត់ប្រមូលផ្ដុំនៅក្នុងមាត់ខណៈពេលគេង ហើយអាចចាប់ផ្ដើមស្រក់ ឬហៀរចេញយឺតៗ ក៏ព្រោះការសម្រាកនៃសាច់ដុំផ្ទៃមុខនាំឲ្យមាត់មានការបើកចំហរបន្តិច។ ប៉ុន្តែការហៀរទឹកមាត់ច្រើនលើស ឬហួសប្រមាណ គឺអាចជាសញ្ញាមួយនៃជំងឺទាក់ទងនឹងសសៃប្រសាទ ឬបញ្ហានៃការស្ទះក្នុងច្រមុះ។ ហើយចំពោះអ្នកដែលមានបញ្ហាសុខភាពស្រាប់ ដូចជាជំងឺដាច់សសៃឈាមខួរក្បាល គឺងាយនឹងជួបប្រទះអាការៈហៀរទឹកមាត់ញឹកញាប់ និងមានបរិមាណច្រើនហួសប្រមាណ។
– ថាតើធ្វើយ៉ាងណាដើម្បីកាត់បន្ថយ ឬបញ្ឈប់ការហៀរទឹកមាត់?
១. សម្អាតស៊ីនុសច្រមុះ
មួយក្នុងចំណោមហេតុផលដទៃទៀតនៃការហៀរទឹកមាត់ គឺការស្ទះក្នុងច្រមុះ ដែលធ្វើឲ្យពិបាកដកដង្ហើមតាមច្រមុះ ហើយមនុស្សនឹងដកដង្ហើមតាមមាត់វិញជាហេតុបណ្ដាលឲ្យមានការហៀរទឹកមាត់។ ការសម្អាតបំបាត់ការស្ទះនៃស៊ីនុសច្រមុះ អាចជាវិធីដ៏ល្អបំផុតមួយដោះស្រាយបញ្ហាគេងហៀរទឹកមាត់។ វិធីដើម្បីបំបាត់ការស្ទះស៊ីនុសអាចជា ការងូតទឹកក្ដៅ, ការប្រើប្រាស់ប្រេងកូឡាមកហិតដើម្បីឲ្យស្រួលដកដង្ហើម ឬការប្រើប្រាស់ផលិតផលផ្សេងទៀតដែលមានប្រសិទ្ធិភាពជួយឲ្យដកដង្ហើមបានស្រួលនៅពេលគេង។ ទោះជាយ៉ាងណា ត្រូវប្រាកដខ្លួនឯងផងដែរថា អ្នកព្យាបាលបញ្ហារោគឆ្លងណាមួយក្នុងច្រមុះ ប្រសិនបើកើតមាន។ បើមិនដូច្នោះទេ អ្នកនឹងអាចជួបប្រទះនូវបញ្ហាជាច្រើនដូចជា ស្ទះក្នុងច្រមុះ ឬពិបាកដកដង្ហើម ជាដើម។
២. ផ្លាស់ប្ដូរទីតាំង ឬរបៀបនៃការគេង
ការគេងផ្ងារ គឺជាទីតាំងនៃការគេងដ៏ល្អបំផុតសម្រាប់អ្នកឧស្សាហ៍គេងហៀរទឹកមាត់ ក៏ព្រោះក្នុងទឹតាំងបែបនេះទឹកមាត់ទាំងអស់ដែលផលិតដោយរាងកាយនឹងស្ថិតនៅតែក្នុងមាត់មិនអាចហៀរចេញក្រៅបាន។ ផ្ទុយទៅវិញ ប្រសិនបើអ្នកគេងផ្អៀង ឬផ្កាប់ ទឹកមាត់ដែលប្រមូលផ្ដុំក្នុងមាត់ គឺងាយនឹងហៀរចេញប្រឡាក់លើខ្នើយណាស់។
៣. សម្រកទម្ងន់ចេញខ្លះ
ទម្ងន់ដែលច្រើនលើស ដើរតួនាទីយ៉ាងសំខាន់មួយក្នុងដំណើរការនៃការគេង។ មនុស្សភាគច្រើនទទួលរងបញ្ហានៃការស្ទះដង្ហើមពេលគេង ដោយសារតែទម្ងន់ច្រើនលើសរបស់ពួកគេ។ ការហៀរទឹកមាត់ និងការស្រមុក គឺអាការៈដែលនឹងកើតមានអមមកជាមួយនៅពេលអ្នកជួបប្រទះបញ្ហាស្ទះដង្ហើមពេលគេង (sleep apnea)។
៤. ត្រូវប្រាកដថាអ្នកប្រើប្រាស់ថ្នាំត្រឹមត្រូវ
ប្រសិនបើអ្នកទទួលទានថ្នាំណាមួយនោះ ចូរប្រាកដថា វាមិនមែនជាថ្នាំដែលអាចបណ្ដាលឲ្យមានការផលិតទឹកមាត់លើសកម្រិត។
៥. គេងដាក់ក្បាលឲ្យខ្ពស់
ការគេងលើខ្នើយខ្ពស់ល្មមមួយអាចជួយកាត់បន្ថយការហៀរទឹកមាត់បាន។
៦. ពិចារណាទទួលការវះកាត់
ជួនកាល វេជ្ជបណ្ឌិតប្រហែលជានឹងណែនាំឲ្យអ្នកទទួលការវះកាត់ ដើម្បីកាត់ក្រពេញចេញ ប្រសិនបើអ្នកជួបប្រទះនូវបញ្ហាធ្ងន់ធ្ងរទាក់ទងជាមួយសសៃប្រសាទដែលជាហេតុបណ្ដាលឲ្យមានការហៀរទឹកមាត់ច្រើនហួស។ ប៉ុន្តែទោះជាយ៉ាងណា វេជ្ជបណ្ឌិតណាក៏ធ្វើការណែនាំឲ្យអនុវត្តវិធីមួយចំនួនខាងលើសិន ប្រសិនមិនបានផលទើបអាចឈានដល់ការវះកាត់៕