កាហ្វេបានក្លាយជាភេសជ្ជៈមួយប្រភេទដែលមនុស្សរាល់គ្នាពិសារជារៀងរាល់ថ្ងៃ។ ក្នុងចំណោមមនុស្ស ១០នាក់ ៩នាក់ហើយដែលពិសារកាហ្វនៅពេលព្រឹកព្រលឹមមុនពេលបំពេញការងារប្រចាំថ្ងៃ។ ប្រាកដណាស់វាអាចជួយឲ្យយើងជៀសវាងពីអារម្មណ៍ងងុយដេកពេលធ្វើការ។ តែយើងអាចនឹងទទួលទានកាហេ្វខុសពេលវេលា ហើយការទទួលទានខុសពេលហ្នឹងហើយ អាចធ្វើឲ្យយើងជួបនឹងផលវិបាកផ្សេងៗ ដូចខាងក្រោម៖
- កើនអាស៊ីតក្រពះ
ក្រពះរបស់មនុស្សយើងគ្រប់គ្នាមានជាតិអាស៊ីតក្លរីដ្រិច ហើយបើកម្រិតរបស់វាស្ថិតនៅក្នុងកម្រិតធម្មតានោះគឺមិនមានបញ្ហាអ្វីទេ។ តែនៅពេលដែលក្រពះយើងទំនេរ ហើយយើងទទួលកាហ្វេនោះ គឺដូចជាយើងបន្ថែមសារធាតុអាស៊ីតចូលក្នុងក្រពះអញ្ចឹងដែរ។ ដល់ពេលយូរៗទៅ វាអាចធ្វើឲ្យមានការខូចខាតទៅលើក្រពះ ក៏ដូចជាផ្លូវរំលាយអាហារទាំងមូលផងដែរ ដែលបណ្តាលឲ្យមាន ជម្ងឺរលាកក្រពះ ជម្ងឺរលាកពោះវៀន និង ជម្ងឺដំបៅក្រពះ។
- ធ្វើឲ្យថប់អារម្មណ៍
នៅពេលដែលយើងទៅធ្វើការដោយមិនបានបរិភោគអាហារពេលព្រឹក គឺខួរក្បាលរបស់យើងមានការថយចុះនូវកម្រិតអរម៉ូន សេរ៉ូតូនីន ដែលជាអរម៉ូនធ្វើឲ្យយើងសប្បាយចិត្ត។ ពេលដែលខួរក្បាលរបស់យើងមិនមានអរម៉ូនហ្នឹងគ្រប់ យើងអាចមានអារម្មណ៍ថប់ៗមិនសប្បាយចិត្ត។ បើសិនជាយើង ផឹកកាហ្វេនៅពេលកំពុងតែអញ្ចឹងទៀត វាធ្វើឲ្យយើងកាន់តែថប់លើសដើម ព្រោះវាបានទៅភ្ញោចឲ្យមានការកើនឡើងនូវអរម៉ូន ករទីសូល និង អាដ្រេណាលីន។
- ខ្សោះជាតិទឹក
ការទទួលទានកាហ្វេពេលមិនទាន់បរិភោគអាហារ អាចធ្វើឲ្យមានការកើនឡើងនូវបរិមាណទឹកនោម ដែលជាហេតុធ្វើឲ្យបាត់បង់ជាតិទឹក។ បើសិនជាគិតថា កាហ្វេក៏ជាទឹកដែរនោះ អ្នកពិតជាខុសហើយដែលយកវាមកផឹកជំនួសទឹក។
- បាត់បង់នូវចំណង់អាហារ
នៅពេលយើងទទួលទានកាហ្វេនៅពេលព្រឹកមុនពេលញ៉ាំអាហារ វាធ្វើឲ្យយើងមិនចង់ញ៉ាំអាហារទេ ទោះបីជាយើងគ្រោងថានឹងញ៉ាំក៏ដោយ។ ដោយសារតែហេតុផលនេះហើយ ទើបបានជាគេយកកាហ្វេមកសម្រកទម្ងន់។ ជារួមមក តើពេលណាយើងគួរទទួលទានកាហ្វេ? អ្នកស្រាវជ្រាវរកឃើញថា យើងអាចទទួលទានកាហ្វេក្រោយពេលដែលយើងបានបរិភោគអាហារពេលព្រឹករួចហើយ ពោលគឺនៅចន្លោះ ម៉ោង ១០ព្រឹកនិងពេលកណ្តាលថ្ងៃត្រង់៕