ជាការពិតណាស់ស្រ្តីភាគច្រើនចាប់ផ្តើមមានភាពទម្រន់នៅពេលមានទម្ងន់ ដោយភាគច្រើនពួកគេចូលចិត្តចំណាយពេលទៅលើការញ៉ាំ និង គេង។ ក៏ប៉ុន្តែអ្នកជំនាញជាច្រើនអ្នកមកហើយបាននិយាយថា ការហាត់ប្រាណបន្តិចបន្តួចនៅពេលមានផ្ទៃពោះ អាចជួយម្តាយនៅពេលសម្រាល។ នៅថ្ងៃ គេបានរកឃើញរបកគំហើញថ្មីមួយទៀតថា វាមិនត្រឹមតែជួយដល់ម្តាយក្នុងការសម្រាលតែប៉ុណ្ណោះទេ វាថែមទាំងជួយដល់ទារកក្នុងផ្ទៃថែមទៀតផង។
ដើម្បីស្វែងរកភាពខុសគ្នារវាងទារកដែលម្តាយមិនបានហាត់ប្រាណពេលមានផ្ទៃពោះ និង ម្តាយដែលបានហាត់ អ្នកវិទ្យាសាស្ត្រមកពី Baylor College of Medicine នៅ Houston បានយកសត្វកណ្តុរដែលមានពូជអំបូរតែមួយមកធ្វើការពិសោធន៍។ សត្វកណ្តុរទាំងនោះ ត្រូវបានបែងចែកទៅជា២ក្រុម ដោយពាក់កណ្តាលយកទៅដាក់ក្នុងទ្រុងដែលមានកងវិលសម្រាប់រត់ និង ពាក់កណ្តាលទៀតយកទៅដាក់ក្នុងទ្រុងដែលអត់មាន។

សត្វកណ្តុរដែលនៅក្នុងទ្រុងមានកង បានរត់បានចម្ងាយជាមធ្យម៩.៦គីឡូម៉ែត្រក្នុងមួយយប់។ តែនៅពេល ពួកវាមានកូនក្នុងពោះ ពួកវារត់បានចម្ងាយត្រឹមតែ ៣.២គីឡូម៉ែត្រតែប៉ុណ្ណោះ។ កូនដែលកណ្តុរមួយក្រុមនោះបង្កើតមក មានភាពរហ័សរហួន ៥០%ជាងកូនដែលបង្កើតដោយក្រុមកណ្តុរមិនមានកងរត់។
អ្នកវិទ្យាសាស្ត្រដែលជាមេក្រុម លោក Robert Waterland និយាយថា៖ “ទោះបីជាមនុស្សភាគច្រើនគិតថា ភាពស្វាហាប់រហ័សរហួនបានមកពីកត្តាសែនពីកំណើត តែការសិក្សារបស់យើងបានបង្ហាញមកយ៉ាងច្បាស់ថា កត្តាបរិយាកាសជុំវិញក៏ដើរតួមួយយ៉ាងសំខាន់ដែរក្នុងការវិវត្តន៍របស់ទារកនៅក្នុងផ្ទៃ។”

ប្រសិនបើលោកអ្នកចង់ឲ្យបុត្រធីតារបស់លោកអ្នកកើតមកមានភាពរហ័សរហួននិងវាងវៃនោះ លោកអ្នកគួរតែឲ្យពួកទម្លាប់ខ្លួនទៅនឹងការរស់នៅដែលពោរពេញដោយភាពសកម្ម និង ស្វាហាប់។ អ្នកម្តាយគ្រប់រូបគួរគប្បីធ្វើសកម្មភាពហាត់ប្រាណបន្តិចបន្តួចនៅពេលមានទម្ងន់។ គ្រាន់តែដើរចុះដើរឡើង និង ធ្វើលំហាត់ប្រាណបន្តិចបន្តួចក៏អាចជួយដល់អនាគតរបស់កូនលោកអ្នកដែរ។
តែត្រូវចងចាំថា “កុំហាត់លើសកម្រិត!”