មានមនុស្សជាច្រើនយល់ថា ការឈឺក្បាលក្រោយពេលផឹកស្រា គឺបង្កឡើយដោយសារសារធាតុ ស៊ុលភីត នៅក្នុងស្រា តែនេះមិនពិតទេ។ យោងតាម Vinepair បានឲ្យដឹងថា សារធាតុ Tannin, Histamine និង ស្ករ ជាសារធាតុចម្បងធ្វើឲ្យឈឺក្បាលក្រោយពេលផឹកស្រា។
តើសារធាតុទាំងអស់នោះ ជាអ្វី?
Tannin គឺជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមាននៅសំបក គ្រាប់ និង ឬស របស់ទំពាំងបាយជូរ។ សារធាតុនេះហើយ ធ្វើឲ្យយើងមានអារម្មណ៍ស្ងួតក្នុងមាត់ក្រោយពេលដាក់មួយកែវ។ ជាធម្មតា វាមិនមានផលប៉ះពាល់អ្វីធំដុំទេ តែពេលខ្លះវាក៏ជាមូលហេតុធ្វើឲ្យឈឺក្បាលផងដែរ។
កត្តាចូលរួមមួយទៀត គឺស្ករ។ នៅពេលវាលាយជាមួយនឹងអាល់កុល រាងកាយរបស់យើង ត្រូវការទឹកជាច្រើន ដើម្បីរំលាយវា។ ដូចនេះហើយ បើសិនជាយើងមិនផឹកទឹកឲ្យបានច្រើនជាងមុនទេនោះ យើងនឹងអាចប្រឈមមុខជាមួយនឹងអាការៈឈឺក្បាលហើយ។
កត្តាទី៣ គឺសារធាតុ Histamine។ វាគឺជាសារធាតុ ដែលត្រូវបានបញ្ចេញនៅក្នុងរាយកាយរបស់យើង នៅពេលមានអាឡែហ្ស៊ី។ យោងតាម Vinepair បានឲ្យដឹងថា នៅពេលយើងផឹកស្រា រាងកាយរបស់យើងបានបញ្ចេញសារធាតុ Histamine ដែលធ្វើឲ្យយើង មានអាការៈដូចអាឡែហ្ស៊ី។ ពោលគឺមានអារម្មណ៍ស្ងួតភ្នែកនិងឈឺក្បាល។
ក្រោយពីបានដឹងពីមូលហេតុហើយ តើយើងគួរធ្វើយ៉ាងណាដើម្បីចៀសវាងកុំឲ្យឈឺក្បាល ដោយសារស្រា?
លោកវេជ្ជបណ្ឌិត Seymour Diamond ណែនាំឲ្យផឹកកាហ្វេខ្លាំង ២កែវ មុនពេលទៅផឹកស្រា ព្រោះថា នៅពេលផឹកកាហ្វេ សារធាតុកាហ្វេអ៊ីនធ្វើឲ្យសរសៃឈាមរួមតូច ដែលអាចកាត់បន្ថយឥទ្ធិពលរបស់ស្រា។
វិធីមួយទៀត គឹយើងត្រូវលេបថ្នាំអាឡែកហ្ស៊ីជាមុន ព្រោះវាអាចទប់សារធាតុ Histamine មិនឲ្យចេញ។ ដូចនេះហើយ យើងនឹងមិនមានអាការៈដូចអាឡែហ្ស៊ី ក្រោយពេលផឹកស្រាទេ។
វិធីសាមញ្ញមួយទៀត គឺយើងគួរតែផឹកយឺតៗ ដោយមិនបង្ខំ។
ជាចុងក្រោយនេះ គឺយើងត្រូវចេះជ្រើសរើសប្រភេទស្រា។ ជាទូទៅ ស្រាដែលមិនមានរសជាតិផ្អែម ផឹកមិនសូវស្រវឹងទេ ព្រោះវាគ្មានជាតិស្ករ ដែលអាចធ្វើឲ្យយើងបាត់បង់ជាតិទឹក។ តែបើពួកស្រាទំពាំងបាយជូរ និង ស្រាក្រឡុកដែលមានជាតិផ្អែមឆ្ងាញ់នោះ គឺធ្វើឲ្យយើងឆាប់ស្រវាំងនិងឈឺក្បាលណាស់៕