ការបង្កើនចំណង់អាហាររបស់កូនៗ អាចនឹងទាមទារឱ្យមានវិធីគន្លឹះខ្លះៗ ជាពិសេសនៅពេលដែលអាហារដែលឱ្យកូនអ្នកទទួលទានអាហារដែលគេមិនពេញចិត្ត។ ទោះយ៉ាងណាក៏ដោយ អ្នកមិនចាំបាច់ពិបាកចិត្តនឹងរឿងនេះទេ ដោយសារតែគេហទំព័រ Flintobox បានចុះផ្សាយពីវិធីដើម្បីធ្វើឱ្យកូនរបស់អ្នកមិនសូវពិបាករឿងញ៉ាំ។
១) អាហារពេលព្រឹក៖ ការទទួលទានអាហារពេលព្រឹក គឺជាការចាំបាច់ ដោយសារតែវាមានការពាក់ព័ន្ធជាមួយនឹងចំណង់អាហាររបស់កូនអ្នក។ អាហារពេលព្រឹកដែលមានតុល្យភាព ជួយបង្កើនការធ្វើមេតាប៉ូលីស (រំលាយអាហារទៅជាថាមពល) បន្ទាប់ពីមិនមានអ្វីក្នុងពោះកាលពីពេលយប់ ហើយជម្រុញឱ្យរាងកាយចាប់ផ្តើមធ្វើការនៅក្នុងថ្ងៃថ្មីពេញមួយថ្ងៃ។
២) ឱ្យញ៉ាំរៀងរាល់ ២ ម៉ោងម្តង៖ កុមារដែលមិនចេះឃ្លានអាហារ អាចនឹងមានធុញថប់នៅពេលដែលឱ្យញ៉ាំច្រើនៗពេកក្នុងពេលតែមួយ។ អ្នកអាចឱ្យគេញ៉ាំតិចៗ តែច្រើនដង។ ពោលគឺរាល់២ម៉ោងម្តង ដើម្បីឱ្យប្រព័ន្ធរំលាយអាហាររបស់គេចេះចង់អាហារឡើងវិញ។
៣) ផ្តល់ជូននូវអាហារដែលកូនអ្នកចូលចិត្ត៖ សម្រាប់កុមារខ្លះដែលមានចំណង់អាហារទាប អាហារតិចណាស់ដែលគេចូលចិត្ត។ ប្រសិនបើករណីបែបនេះ អ្នកគួរតែរកអាហារដែលពួកគេចូលចិត្ត ដើម្បីធ្វើឱ្យចំណង់អាហាររបស់ពួកគេចាប់ផ្តើមមានជាមុនសិន ក្រោយមកចាំអ្នកឱ្យកូនអ្នកញ៉ាំអ្វីដែលអ្នកចង់ឱ្យគេញ៉ាំ។
៤) ការរត់លេង ឬ ការហាត់ប្រាណបន្ថែម៖ អ្នកប្រហែលជាដឹងស្រាប់ទៅហើយថា ការហាត់ប្រាណអាចបង្កើនចំណង់អាហារ។ សម្រាប់កូនរបស់អ្នកគឺដូចគ្នា។ ប្រសិនបើកូនអ្នកមិនសូវឃ្លាន អ្នកឱ្យគេរត់លេងហត់ទៅ ពេលនោះពួកគេពិតជាឃ្លានមិនខាន។
៥) ឱ្យកូនផឹកទឹក៣០នាទីមុនម៉ោងបាយ៖ កុមារគួរតែផឹកទឹកមុនដំបូងគេបង្អស់នៅពេលព្រឹក។ ពួកគេក៏គួរតែទទួលទានទឹកឱ្យបានមុនពេលបាយកន្លះម៉ោងផងដែរ។ នេះគឺធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់ពួកគេចាប់ដំណើរការ ហើយការរំលាយអាហារក៏មានភាពងាយស្រួល៕