ភាគច្រើននៃស្ត្រីហាក់ដូចជាដឹងអំពីរឿងធម្មតាដែលបង្កគ្រោះថ្នាក់ដល់ទ្វារមាសរបស់ពួកគេ ដូចជាដៃគូរួមភេទច្រើន ជាប់វត្ថុណាមួយនៅក្នុងទ្វារមាសដោយចៃដន្យ និង ការមិនបានធ្វើតេស្តរកជម្ងឺមហារីកស្បូនតាមការកំណត់។ ប៉ុន្តែក្នុងនាមជាគ្រូពេទ្យឯកទេសរោគស្ត្រី លោកស្រីវេជ្ជបណ្ឌិត Heather Rupe បានរកឃើញកត្តាជាច្រើនផ្សេងទៀត ដែលមនុស្សទូទៅនឹកឃើញមិនដល់ ហើយលោកស្រីវេជ្ជបណ្ឌិតបានសរសេរនៅលើគេហទំព័រ WebMD ដែលមានដូចខាងក្រោម៖
១. ការជក់បារី៖ ស្ត្រីដែលជក់បារីមានហានិភ័យខ្ពស់ក្នុងការកើតជម្ងឺមហារីកមាត់ស្បូន។ ស្រ្តីជក់បារីនឹងវិវត្តទៅជាជម្ងឺមហារីករហូតដល់ ៧៥% ខណៈដែលស្រ្តីមិនជក់បារីមានអត្រាត្រឹមតែ ២៥% ប៉ុណ្ណោះ។
២. ជម្ងឺទឹកនោមផ្អែម៖ ជម្ងឺទឹកនោមផ្អែមអាចជះឥទ្ធិពលដល់ផ្នែកទាំងអស់នៃរាងកាយ ប៉ុន្តែស្ត្រីភាគច្រើនមិនដឹងថា វាអាចប៉ះពាល់ដល់ទ្វារមាសរបស់ពួកគេផងដែរ។ ជាការពិត ការឆ្លងមេរោគផ្សិតច្រើនអាចជារោគសញ្ញាដំបូងនៃជម្ងឺទឹកនោមផ្អែមចំពោះស្ត្រី។
៣. ភាពធាត់៖ ភាពធាត់អាចបង្កការលំបាកដល់ស្រ្តីក្នុងការមានគភ៌ ហើយវាបង្កើនហានិភ័យនៃផលវិបាកនៃការមានគភ៌ច្រើនប្រភេទ ដូចជាជម្ងឺព្រាយក្រឡាភ្លើង និងត្រូវឱ្យមានការវះកាត់។ ភាពធាត់ក៏បង្កើនហានិភ័យនៃជំងឺមហារីកស្បូនដែរ។
៤. សម្អាតទ្វារមាសញឹកជ្រុលពេក៖ Labia (បបូរទ្វារមាស) គួរតែត្រូវបានលាងសម្អាតជាមួយសាប៊ូកម្រិតស្រាលនៅពេលងូតទឹក ប៉ុន្តែផ្នែកខាងក្នុងនៃទ្វាមាសមិនត្រូវការសាប៊ូឱ្យទៅដល់ហ្នឹងទេ។ វាបង្កការរំខានដល់ប្រព័ន្ធអេកូទ្វារមាសរបស់បាក់តេរីធម្មតាដែលមានប្រយោជន៍។ ប្រសិនបើបាក់តេរីធម្មតាងាប់អស់ វានឹងអាចជាឳកាសបង្ករោគរបស់បាក់តេរីអាក្រក់។
៥៖ ការទល់លាមក៖ ទ្វារមាសនិងគូថរបស់អ្នកគឺជាអ្នកជិតខាងដែលជិតស្និទ្ធបំផុត។ ការទល់លាមក អាចធ្វើឱ្យជញ្ជាំងចុះខ្សោយរវាងទ្វារមាសនិងរន្ធគូថ បង្កើតបានជាក្លនទ្វារមាស។ សូមពិគ្រោះជាមួយអ្នកផ្តល់សេវាសុខភាពរបស់អ្នកអំពីការព្យាបាលវេជ្ជសាស្រ្ត៕