របបអាហារអាចជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើសុខភាពស្បូន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារបែបណាទើបល្អសម្រាប់ឱ្យស្បូនមានសុខភាពល្អ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃដើម្បីរក្សាសុខភាពស្បូន ៖
១. អាហារសម្បូរជាតិសសៃ
ការទទួលទានរបបអាហារសម្បូរជាតិសសៃអាចជួយកម្ចាត់កាកសំណល់និងជាតិពុលពីក្នុងរាងកាយគួរឱ្យកត់សម្គាល់។ របបអាហារមានជាតិសសៃខ្ពស់អាចជួយកម្ចាត់កម្រិតនៃអ័រម៉ូន estrogen ដែលលើសក្នុងរាងកាយទប់ស្កាត់បញ្ហាដុំសាច់ក្នុងស្បូន។ នៅពេលញ៊ាំអាហារសម្បូរជាតិសសៃ អ្នកក៏ចាំបាច់ត្រូវទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ផងដែរ។
២. អាហារមានផ្ទុកសម្បូរទៅដោយវីតាមីន C
វីតាមីន C មានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មដែលជួយទប់ស្កាត់ការវិវត្តនៃកោសិកាមហារីក។ ការទទួលទានបន្លែផ្លែឈើមានផ្ទុកសម្បូរទៅដោយវីតាមីន C ក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយផងដែរ។ ខណៈដែលប្រព័ន្ធភាពស៊ាំរាងកាយចុះខ្សោយជាកត្តាចម្បងមួយបង្កើនហានិភ័យនៃជំងឺមហារីកមាត់ស្បូន។
៣. បន្លែ
ជាប្រភពដ៏ល្អបំផុតមួយនៃកាល់ស្យូម ប៉ូតាស្យូម ម៉ាញ៉េស្យូម និងវីតាមីន។ ការទទួលទានរបបអាហារសម្បូរទៅដោយបន្លែអាចជួយរក្សាសុខភាពស្បូនបានយ៉ាងប្រសើរ។ បន្លែក៏ជួយពន្យឺតដំណើរការនៃការលូតលាស់ដុំសាច់ក្នុងស្បូនផងដែរ។ ទោះជាយ៉ាងណាគួរព្យាយាមជ្រើសរើសទទួលទានបន្លែដែលមានផ្ទុកសារធាតុ phytoestrogens ខណៈដែលវាមានសមត្ថភាំពគ្រប់គ្រងកម្រិតនៃអ័រម៉ូន estrogen ក្នុងរាងកាយ។
៤. ផ្លែឈើ
ជាពិសេសប្រភេទនៃផ្លែឈើដែលមានផ្ទុកសម្បូរទៅដោយវីតាមីន C និងសារធាតុ bioflavonoids អាចជួយបង្អាក់ការលូតលាស់ដុំសាច់ក្នុងស្បូន។ វាថែមទាំងអាចគ្រប់គ្រងកម្រិតនៃអ័រម៉ូន estrogen ផងដែរ។ ដូច្នេះត្រូវប្រាកដថាអ្នកបានទទួលទានផ្លែឈើគ្រប់គ្រាន់រាល់ថ្ងៃ។ សារធាតុ Bioflavonoids ក៏ជួយទប់ស្កាត់ហានិភ័យនៃជំងឺមហារីកស្បូនគួរឱ្យកត់សម្គាល់។
៥. ផលិតផលអាហារផ្សំឡើងពីទឹកដោះគោ
ដូចជាយ៉ាអួរ ឈីស ទឹកដោះគោ និងបឺរទឹកដោះគោជាដើម គឺចាំបាច់ណាស់សម្រាប់រក្សាសុខភាពស្បូនល្អប្រសើរ។ ផលិតផលអាហារផ្សំឡើងពីទឹកដោះគោទាំងនេះ គឺមានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូម និងវីតាមីន D ខណៈដែលកាល់ស្យូមជួយពង្រឹងភាពរឹងមាំនៃឆ្អឹង វីតាមីន D ដើរតួនាទីសំខាន់ក្នុងរាងកាយទប់ស្កាត់ដុំសាច់ក្នុងស្បូន។ អ្នកក៏ត្រូវការវីតាមីន D ដើម្បីជាជំនួយដល់ការស្រូបយកជាតិកាល់ស្យូមផងដែរ។
៦. តែបៃតង
ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនប្រភេទជួយប្រយុទ្ធប្រឆាំងកោសិកាមហារីក។ តែបៃតងក៏មានសមត្ថភាពប្រឆាំងការរលាកក្នុងរាងកាយដែលជាអ្វីមួយផ្សារភ្ជាប់នឹងហានិភ័យនៃជំងឺជាច្រើនរួមទាំងមហារីក៕