ភ្នំពេញ៖ ក្រោយពេលរៀបការមានគូស្វាមីភរិយាថ្មីខ្លះសម្រេចចិត្តរស់នៅតែពីរនាក់ប្ដីប្រពន្ធដើម្បីកសាងសុភមង្គលគ្រួសារ។ ការសម្រេចចិត្តបែបនេះគេតែងតែយល់ថាបុគ្គលពីរនាក់នោះជាមនុស្សមានទំនួលខុសត្រូវក្នុងជីវិត។ ក៏ប៉ុន្តែ តើការសម្រេចចិត្តរស់នៅតែពីនាក់ប្ដីប្រពន្ធក្រោយពេលរៀបការវាបានផ្ដល់គុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះចំពោះគូស្វាមីនោះ?
ជាការពិតណាស់ ក្នុងជីវិតជាប្ដីបប្រពន្ធថ្មីថ្មោង ផលអវិជ្ជមានរមែងតែងតែកើតមានចំពោះពួកគេ។ ហើយការរស់នៅនោះអាចមានជាគុណវិបត្តិនៃការរស់នៅមួយចំនួនដូចជា៖ ពួកគេស្ថិតនៅក្នុងចំណោមគូស្រករនៅក្មេងខ្វះបទពិសោធន៍ជីវិត, មិនទាន់មានការងារធ្វើត្រឹមត្រូវ, អាចជួបការលំបាក បើសិនមិនទាន់មានសមត្ថភាពក្នុងការរស់នៅដោយខ្លួនឯងបាន, ជួបផលវិបាកក្នុងពេលមានផ្ទៃពោះនិងការចិញ្ចឹមបីបាច់ថែរក្សាកូន, មានការមមាញឹក មិនមានពេលគ្រប់គ្រាន់ថែទាំ និងណែនាំកូន, គ្មានចាស់ទុំជាបង្គោលនិងជាព្រះសម្រាប់ធ្វើបុណ្យទាន។
ប៉ុន្តែក្នុងនោះក៏មានគុណសម្បត្តិនៃការរស់នៅតែពីរនាក់ផងដែរ នោះគឺ៖ ធ្វើឲ្យគូស្វាមីមានសេរីភាពច្រើនក្នុងការធ្វើអ្វីមួយ, រារាំងបាននូវទំនាស់រវាងម្ដាយឪពុកក្មេកនិងកូនប្រសា, មានឯករាជភាពក្នុងគ្រួសារ, មានម្ចាស់ការនិងទទួលខុសត្រូវលើជីវិតខ្លួនឯង, បញ្ហាដែលអាចនឹងកើតមានឡើងចំពោះស្វាមីនិងភរិយាក្រោយពេលរៀបការក៏អាចកាត់បន្ថយ។
តែទោះជាយ៉ាងណា ប្រសិនបើគូស្វាមីនោះ មានភាពចាស់ចិត្តចាស់គំនិត មានសមត្ថភាពគ្រប់គ្រាន់ មានលទ្ធភាពសមរម្យ និងមានទំនួលខុសត្រូវខ្ពស់វាមិនមែនជាបញ្ហាចោទសម្រាប់ការរស់នៅបែបនេះទេ។ ប៉ុន្តែជាទូទៅ តាមការសង្កេត កូនខ្មែរតាមស្រុកស្រែចំការ ភាគច្រើនក្មេងៗ មិនសូវមានចំណេះ ខ្វះទំនួលខុសត្រូវ គ្មានលទ្ធភាពគ្រប់គ្រាន់ តែងតែជួបនូវគុណវិបត្តិច្រើនជាងគុណសម្បត្តិ៕