ជម្ងឺលើសឈាមបង្កើនហានិភ័យនៃការគាំងបេះដូង ជម្ងឺខ្សោយបេះដូង ជម្ងឺដាច់សរសៃឈាមខួរក្បាល ជម្ងឺខ្សោយតំរងនោម និងបញ្ហាសុខភាពដែលអាចគំរាមកំហែងដល់អាយុជីវិតដទៃទៀត។ ជាការល្អណាស់ ដែលជម្ងឺនេះអាចគ្រប់គ្រងបានដោយការផ្លាស់ប្តូររបៀបរស់នៅ និងការប្រើថ្នាំដែលមានតំលៃថោក ប៉ុន្តែតិចជាងពាក់កណ្តាលនៃអ្នកដែលមានជម្ងឺលើសឈាមអាចគ្រប់គ្រងវាបាន។
ក្រុមអ្នកជំនាញបានណែនាំថា ៥០%ទៅ៩០% នៃជម្ងឺលើសឈាមអាចត្រូវបានគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាព ជាមួយនឹងការផ្លាស់ប្តូររបៀបរស់នៅ។ ខាងក្រោមនេះ គឺជាវិធីគ្រប់គ្រងការលើសសម្ពាធឈាមដោយមិនមានការប្រើប្រាស់ថ្នាំ ដោយលោកវេជ្ជបណ្ឌិតឯកទេសបេះដូង R. Tood Hurst ដែលមានចុះផ្សាយនៅលើគេហទំព័រវេជ្ជសាស្រ្ត WebMD។

១. ការធ្វើសកម្មភាពរាងកាយ៖ សូម្បីតែកម្រិតនៃការហាត់ប្រាណតិចក៏ដោយ អាចធ្វើអោយមានការផ្លាស់ប្តូរសម្ពាធឈាមរបស់អ្នក។ ប្រសិនបើអ្នកមិនចូលចិត្តហាត់ប្រាណទេ អ្នកគួរតែចាប់ផ្តើមធ្វើវាបន្តិចម្តងៗ អាចពី៥នាទីទៅ១០នាទីក្នុងមួយថ្ងៃ។ យូរៗទៅ អ្នកនឹងអាចហាត់ប្រាណបានយូរជាងនេះហើយ។
២. របបអាហារដែលមានសុខភាពល្អ៖ លោកវេជ្ជបណ្ឌិត Hurst សូមណែនាំឱ្យកាត់ចេញនូវអាហារដែលមានជាស្ករខ្ពស់ និង អាហារកែច្នៃ។ ជាពិសេសគឺអ្នកគួរតែតាមដានកម្រិតជាតិប្រៃក្នុងអាហាររបស់អ្នក។

៣. ការសម្រកទំងន់៖ ការស្រកទំងន់រាងកាយរបស់អ្នក ៥% ត្រូវបានបង្ហាញថា អាចបន្ថយសម្ពាធឈាមបានយ៉ាងខ្លាំង។ ប្រសិនបើអ្នកស្រកបាន ១០% ត្រូវបានបង្ហាញថា ស្ថានភាពសុខភាពបេះដូងរបស់អ្នកកាន់តែប្រសើរឡើង។
៤. ការទទួលទានជាតិអាល់កុលមានកំណត់ (តិចជាងមួយកែវក្នុងមួយថ្ងៃ)៖ ការសិក្សាថ្មីៗនេះបានបង្ហាញថា អ្នកដែលផឹកស្រាពី ៧ទៅ១៣កែវក្នុងមួយសប្តាហ៍ អាចមានជម្ងឺលើសឈាមកម្រិតទី១ រហូតដល់ ៥៣%។
បន្ថែមលើការផ្លាស់ប្តូររបៀបរស់នៅទាំងនេះសូមជៀសវាងការប្រើប្រាស់ថ្នាំប្រឆាំងនឹងការឈឺចាប់ជាប្រចាំដូចជា Ibuprofen និង Naproxen និង អ្នកត្រូវព្យាបាលការគេងស្រម៉ុកប្រសិនបើអ្នកមានវា៕