ទោះបីជាភាគច្រើននៃពួកយើងស្គាល់និងធ្លាប់ទទួលទានអង្ករសម្រូប ប៉ុន្តែប្រហែលជាមិនដឹងទេថាវាល្អអ្វីខ្លះចំពោះសម្រស់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើត្រូវយកមកធ្វើបែបណាខ្លះទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះប្រើប្រាស់អង្ករសម្រូបដោះស្រាយបញ្ហាសម្រស់ ៖
១. ស្បែកភ្លឺស្រស់ថ្លា
អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងត្រូវលាងសម្អាតអង្ករចំនួនកន្លះពែងជាមុនសិន បន្ទាប់មកគ្រាន់តែចាក់អង្ករក្នុងចាន់គោមស្អាតមួយនិងបន្ថែម ១ពែងចូល។ ត្រាំអង្ករសម្រាប់រយៈពេល ១៥នាទី រហូតដល់សារធាតុចិញ្ចឹមដ៏ច្រើនលើសលុបចូលក្នុងទឹក។ ត្រងទឹកអង្ករទុក និងប្រើប្រាស់អង្ករសម្រាប់ចម្អិនទទួលទាន។ ចំពោះទឹកអង្ករអ្នកអាចប្រើប្រាស់ដុំសំឡីស្អាតមួយជ្រលក់ចូល និងលាបផ្ដិតៗសម្អាតលើស្បែកមុខ ព្រមទាំងក។ ម៉ាស្សាថ្នមៗសម្រាប់រយៈពេលពី ២ ទៅ ៣នាទី។ រងចាំសម្រាប់រយៈពេល ១០នាទី រហូតដល់ស្ងួតទាំងស្រុងតែម្ដង។ លាងសម្អាតចេញជាមួយទឹកស្អាតធម្មតា។ អនុវត្តរាល់ថ្ងៃដើម្បីឱ្យស្បែកភ្លឺរលោងស្អាត។ រូបមន្តនេះដើរតួជា Toner ដ៏មានប្រសិទ្ធភាពដើម្បីកម្ចាត់ស្នាមអ៊ុចៗនិងរន្ធញើសធំ។
២. រក្សាភាពយឺតរឹងមាំនៃស្បែក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនអង្ករសម្រូប ២ស្លាបព្រាបាយឱ្យម៉ដ្ឋជាមុនសិន បន្ទាប់មកសឹមបន្ថែមយ៉ាអួរសុទ្ធ ១ស្លាបព្រាបាយចូល។ កូរលាយឱ្យសព្វ សឹមលាបល្បាយលើស្បែកមុខដែលទើបលាងសម្អាតរួច។ រងចាំសម្រាប់រយៈពេលប្រហែល ១០នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ ចូរព្យាយាមអនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍។
៣. ព្យាបាលមុន
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ដុំសំឡីស្អាតជ្រលក់ក្នុងទឹកអង្ករ ២ស្លាបព្រាបាយ។ បន្ទាប់មកប្រើប្រាស់លាបផ្ទាល់លើស្បែកមុខដែលលាងសម្អាតរួច។ រងចាំរហូតដល់ស្ងួតសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហ។
៤. ព្យាបាលសក់ខូច
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនអង្ករសម្រូបពី ៣ ទៅ ៤ស្លាបព្រាយបាយឱ្យម៉ដ្ឋ បន្ទាប់មកសឹមបន្ថែមផ្នែកពណ៌សនៃស៊ុត ១គ្រាប់ចូល។ កូរឱ្យសព្វចូលគ្នា សឹមបន្ថែមទឹកធម្មតា ១ពែងចូល។ កូរវឹកឱ្យសព្វម្ដងទៀត សឹមលាបល្បាយលើសក់។ រងចាំសម្រាប់រយៈពេលប្រហែល ១០នាទី សឹមលាងសម្អាតចេញ។ រូបមន្តនេះជួយសម្អាតសក់ កម្ចាត់ភាពកខ្វក់ និងជាតិប្រេងដែលលើស។ អនុវត្តសារឡើងវិញម្ដង ឬ ២ដងក្នុងមួយសប្តាហ៍។
៥. ព្យាបាលអង្គែ
បន្ទាប់ពីកក់សម្អាតសក់ជាមួយសាប៊ូរួច ចូរចាក់ទឹកអង្ករលើក្បាល ហើយធ្វើការម៉ាស្សាសក់ថ្នមៗ និងទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទីសឹន សឹមលាងចេញជាមួយទឹកធម្មតាជាការស្រេច។ ដើម្បីទទួលបានលទ្ធផលឆាប់រហ័ស និងប្រសើរ ចូរអនុវត្តឱ្យបានយ៉ាងហោចណាស់ ២ដង ក្នុងមួយសប្តាហ៍៕