ទំពែកជាស្ថានភាពមួយដែលសក់ជ្រុះច្រើនពីលើស្បែកក្បាល។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើយើងអាចបណ្ដុះសក់លើតំបន់ស្បែកក្បាលដែលទំពែកវិញបានដែរឬទេ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗជួយបណ្ដុះសក់ ៖
១. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកម្ដៅប្រេងដូងពី ២ ទៅ ៣ស្លាបព្រាបាយសម្រាប់រយៈពេលពី ២ ទៅ ៣វិនាទីជាមុនសិន។ បន្ទាប់មកលាបម៉ាស្សាប្រេងលើស្បែកក្បាលដែលទំពែកចង់បណ្ដុះសក់។ រងចាំសម្រាប់រយៈពេលពី ៤ ទៅ ៥ម៉ោង សឹមលាងសម្អាតចេញ។ អ្នកក៏អាចទុកសម្រាប់រយៈពេលពេញមួយយប់ផងដែរ។ អនុវត្តពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍។
២. ប្រេងជីអង្កាម
លាយប្រេងជីអង្កាមពី ៣ ទៅ ៥ដំណក់ក្នុងទឹកធម្មតា ១ពែង។ កូរឱ្យសព្វ សឹមលាបលើស្បែកក្បាលនិងសក់។ បន្ទាប់មកសឹមពាក់មួកផ្ទាស្ទិកងូតទឹក ឬកន្សែងក្ដៅឧណ្ហគ្របឱ្យជិតសក់សម្រាប់រយៈពេលពី ២០ ទៅ ៣០នាទី។ លាងសម្អាតចេញជាមួយសាប៊ូកម្រិតស្រាល។ អនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍។
៣. ប្រេងអូលីវ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកម្ដៅប្រេងសម្រាប់រយៈពេលពី ២ ទៅ ៣វិនាទីជាមុនសិន បន្ទាប់មកសឹមលាបម៉ាស្សាលើស្បែកក្បាលសម្រាប់រយៈពេលពី ៤ ទៅ ៥នាទី។ លាងសម្អាតសក់ចេញនៅពេលព្រឹក (ប្រសិនបើអ្នកអនុវត្តមុនពេលចូលគេង ឬរងចាំសម្រាប់រយៈពេលយ៉ាងហោចណាស់ ១ម៉ោងសិន)។ អនុវត្តសារឡើងវិញឱ្យបាន ៣ដងក្នុងមួយសប្តាហ៍។
៤. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោមពី ១ ទៅ ២ស្លាបព្រាបាយជាមួយទឹកធម្មតា ១ពែង។ កូរឱ្យសព្វ សឹមលាងសម្អាតសក់និងស្បែកក្បាលជាមួយទឹកល្បាយនេះក្រោយពេលកក់សក់រួចជាមួយសាប៊ូ។ កុំភ្លេចម៉ាស្សាស្បែកក្បាលសម្រាប់រយៈពេល ១ ឬ ២នាទី រួចសឹមលាងសម្អាតទឹកខ្មេះផ្លែប៉ោមចេញជាមួយទឹកធម្មតា។ អនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍។
៥. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើស្រស់លើស្បែកក្បាលនិងសក់។ រងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទីសិន សឹមលាងសម្អាតចេញដូចពេលធម្មតា។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍។
៦. ទឹកខ្ទឹមបារាំងស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិន ឬចិញ្ច្រាំខ្ទឹមបារាំង ១មើមខ្នាតកណ្ដាល និងច្របាច់យកទឹក។ បន្ថែមទឹកឃ្មុំ ១ស្លាបព្រាបាយចូល រួចកូរឱ្យសព្វ។ ប្រើប្រាស់ដុំសំឡីជ្រលក់ក្នុងទឹកល្បាយ រួចលាបលើស្បែកក្បាលកន្លែងចង់ឱ្យដុះសក់។ រងចាំសម្រាប់រយៈពេលពី ២០ ទៅ ៣០នាទី សឹមលាងសម្អាតស្បែកក្បាលនិងសក់ចេញជាមួយសាប៊ូ។ អនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍។
៧. ខ្ញី
អ្វីដែលអ្នកត្រូវធ្វើ គឺំគ្រាន់តែកិន ឬ ចិញ្ច្រាំខ្ញី ១មើមប្រមាណ ៥សង់ទីម៉ែត្រឱ្យម៉ដ្ឋ និងត្រាំវាក្នុងប្រេងអូលីវ ២ស្លាបព្រាបាយសម្រាប់រយៈពេលពី ២ ទៅ ៣នាទី។ បន្ទាប់មកលាបម៉ាស្សាល្បាយលើស្បែកក្បាលសម្រាប់រយៈពេលពី ២ ទៅ ៣នាទី។ រងចាំសម្រាប់រយៈពេល ៣០នាទីសិន សឹមកក់សម្អាតជាមួយសាប៊ូដូចពេលធម្មតា។ អ្នកគួរព្យាយាមអនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍។
៨. ផ្នែកពណ៌លឿងនៃស៊ុត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកូរវឹកផ្នែកពណ៌លឿងនៃស៊ុត ១គ្រាប់ឱ្យសព្វ បន្ទាប់មកសឹមលាបល្បាយលើស្បែកក្បាល, ឬសនៃសក់ ក៏ដូចជាសក់ និងរងចាំសម្រាប់រយៈពេល ១ម៉ោង។ កក់សម្អាតចេញជាមួយសាប៊ូដូចពេលធម្មតា។ អនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍សម្រាប់រយៈពេលពី ២ ទៅ ៣សប្តាហ៍ រួចសឹមបន្ថយមកត្រឹមម្ដងរាល់សប្តាហ៍៕