ក្រៅពីត្រូវបានមនុស្សយកមកធ្វើជាបន្លែ ប៉េងប៉ោះត្រូវបានគេរកឃើញថាមានគុណប្រយោជន៍ច្រើនលើសលប់មកលើស្បែកនិងសក់។ ខាងក្រោមនេះគឺជាហេតុផលដែលអ្នកគួរប្រើប្រាស់ប៉េងប៉ោះជាគ្រឿងថែរក្សាសម្រស់ បើតាមការចុះផ្សាយរបស់គេហទំព័រ Pulse។
១. ពន្យាភាពចាស់
ប៉េងប៉ោះអាចជួយឱ្យស្បែកស្រូបយកអុកស៊ីសែននិងការពាររោគសញ្ញានៃភាពចាស់។ វាផ្តល់នូវការព្យាបាលស្បែកធម្មជាតិដ៏អស្ចារ្យ ដែលអាចធ្វើឱ្យស្បែកមើលទៅក្មេងជាងវ័យនិងមានសុខភាពល្អ។
២. ដើរតួជាឡេការពារកម្តៅថ្ងៃធម្មជាតិ
យោងតាមការសិក្សាផ្សេងៗ ប៉េងប៉ោះមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មមួយហៅថា Lycopene ដែលដើរតួជាឡេការពារកម្តៅថ្ងៃធម្មជាតិ។ នេះផ្តល់នូវការការពារស្បែកពីកាំរស្មីយូវីបានយ៉ាងល្អ។
៣. ដើរតួជាអ្នកជួយកាត់បន្ថយស្ត្រេស
ប៉េងប៉ោះត្រូវបានគេប្រើជាញឹកញាប់នៅក្នុងប្រេងម៉ាស្សារាងកាយដ៏ប្រណិត ដើម្បីបន្ថយស្រ្តេសនៅលើរាងកាយនិងស្បែក។ ជាមួយគ្នានេះដែរ គេឃើញមានគ្រីមលាបក្រោមភ្នែកជាច្រើន ត្រូវបានគេផលិតចេញពីប៉េងប៉ោះ ដោយសារតែវាអាចធ្វើឱ្យភ្នែកយើងមិនងាយឡើងខ្មៅដូចអ្នកមិនបានគេង។
៤. ព្យាបាលរន្ធញើសបើកចំហ
ដាក់ទឹកផ្លែប៉េងប៉ោះ ៤ដំណក់ចូលក្នុងទឹក ១ស្លាបព្រា ហើយយកមកលាបលើផ្ទៃមុខរបស់អ្នកដោយប្រើប្រាស់សំឡីស្អាត។ ម៉ាស្សាថ្នមៗលើស្បែករបស់អ្នក ហើយទុកវាចោលរយៈពេល ១៥នាទី។ ការអនុវត្តជាប្រចាំនឹងបង្រួមទំហំរន្ធញើសរបស់អ្នក៕