ការឈឺបំពង់ក (រលាកបំពង់ក) គឺជាជំងឺមួយដែលគួរឱ្យធុញទ្រាន់បំផុត ព្រោះវាធ្វើឱ្យយើងពិបាកនិយាយ និង ពិបាកទទួលទានអាហារ ហើយសូម្បីតែផឹកទឹកក៏ពិបាកដែរ។ ការឈឺបំពង់កគឺជាការឆ្លងមេរោគ (ភាគច្រើនមកពីវីរុស) ដែលមានរយៈពេលប្រាំ ទៅ ប្រាំពីរថ្ងៃ ទើបវាបានធូរមកវិញ។ ថ្ងៃនេះយើងនឹងពិភាក្សាគ្នាពីវិធីការពារការឈឺបំពង់ក ដោយផ្អែកលើការចុះផ្សាយនៅលើគេហទំព័រសុខភាព Pulse។

ការឈឺបំពង់កអាចបណ្តាលមកពីអាកាសធាតុត្រជាក់ស្ងួត អាកាសធាតុក្តៅពេក ការជក់បារី ឬប្រតិកម្មអាលែហ្សី។ យើងគិតថាវាចាំបាច់ក្នុងការចែករំលែកវិធីងាយៗដើម្បីការពារការឈឺបំពង់ក ដែលមានដូចខាងក្រោម៖
១. នៅពេលអ្នកមានជម្ងឺផ្តាសាយ ឬអ្នកស្ថិតក្នុងរដូវដែលសំបូរផ្តាសាយ សូមលាងដៃរបស់អ្នកអោយបានញឹកញាប់ និងព្យាយាមធ្វើយ៉ាងណាកុំយកដៃមកប៉ះច្រមុះ ភ្នែក និង មាត់។ ២. នៅឱ្យឆ្ងាយពីមនុស្សដែលមានជម្ងឺផ្តាសាយឬឈឺ។
៣. ប្រើឧបករណ៍រក្សាសំណើមនៅក្នុងបន្ទប់របស់អ្នក។

៤. ដកដង្ហើមដោយច្រមុះរបស់អ្នក ជាជាងប្រើមាត់របស់អ្នក។ នេះជួយអ្នកធ្វើឱ្យខ្យល់សើមចូលក្នុងខ្លួនអ្នកដោយធម្មជាតិ។
៥. បរិភោគអាហារសុខភាព នៅពេលអ្នកមានជម្ងឺផ្តាសាយ។ យកអាហារដូចជាផ្លែឈើនិងបន្លែ ដែលមានផ្ទុកវីតាមីន C និង E ជាមួយនឹងសារធាតុចិញ្ចឹមសំខាន់ៗមួយចំនួនទៀត។
ក្រៅពីនេះ ការប្រើប្រាស់គ្រឿងផ្សំក្នុងម្ហូបរបស់អ្នកក៏ដើរតួរយ៉ាងសំខាន់ផងដែរ។ វាមានដូចជាខ្ញី និង ខ្ទឹមសជាដើម៕