វិធីដ៏ងាយ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ដើម្បីរក្សាបាននូវសុខភាពល្អរឹងមាំនោះ គឺផ្លាស់ប្ដូររបៀបនៃការរស់នៅរបស់អ្នក ដោយគ្រាន់តែបន្ថែមបន្លែដែលមានឥទ្ធិពលជម្រុញពង្រឹងប្រព័ន្ធភាពស៊ាំចូលក្នុងរបបអាហារប្រចាំថ្ងៃជាការស្រេច។ ( អាន ៖ ឈប់ខ្វល់រឿងដេកមិនលក់ នៅពេលដឹងរឿងទាំងនេះ) ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងហើយថា ការទទួលទានបន្លែអាចផ្ដល់អត្ថប្រយោជន៍ប្រសើរយ៉ាងណាចំពោះសុខភាព។ អ្វីដែលសំខាន់នោះ បន្លែមួយចំនួនដូចខាងក្រោមមិនត្រឹមតែជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ ជៀសផុតពីបញ្ហាឆ្លងមេរោគប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជួយកាត់បន្ថយហានិភ័យនៃជំងឺមួយចំនួនដូចជា មហារីក និងជំងឺបេះដូងផងដែរ។ ថាតើបន្លែទាំងនោះមានអ្វីខ្លះទៅ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីបន្លែដែលមានប្រយោជន៍ជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ ៖
១. ផ្សិត ៖ មានប្រសិទ្ធិភាពបង្កើនសកម្មភាពកោសិកា NTKs។ NTKs ជាកោសិកាដែលជួយកម្ចាត់ និងវាយប្រហារលើកោសិកាណាដែលឆ្លងមេរោគដោយពពួកវីវុស។ ការបង្កើនសកម្មភាពនៃកោសិកានេះក៏ជួយពន្យឺតការវិវត្តន៍នៃជំងឺមហារីក ឬការលូតលាស់នៃដុំសាច់មហារីក ទប់ស្កាត់ការបំផ្លាញ DNA និងដុំសាច់ពីការទទួលបានការផ្គត់ផ្គង់ឈាម។
២. ទំពាំងបារាំង ៖ បន្លែនេះមានសមត្ថភាពពិសេសម្យ៉ាងជួយរាងកាយក្នុងការបញ្ចេញ និងកម្ចាត់ចោលនូវជាតិពុលផ្សេងៗ។ វាមានផ្ទុកនូវសារធាតុ glutathione ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មម្យ៉ាងជួយក្នុងការកាត់បន្ថយហានិភ័យនៃជំងឺមហារីក និងជំងឺបេះដូង។ លើសពីនេះទៅទៀត ទំពាំងបារាំង ក៏ជួយសម្អាតក្នុងរាងកាយ ហើយប្រឆាំងនឹងការរលាកផងដែរដូចជា ជំងឺរលាកពោះវៀន រួមទាំងជំងឺរលាកសន្លាក់។
៣. ការ៉ុត ៖ ជាបន្លែដ៏ប្រសើរជួយក្នុងការទប់ស្កាត់ជំងឺផ្ដាសាយធំ និងគ្រុនផ្ដាសាយ។ វាមានផ្ទុកសម្បូរទៅដោយសារធាតុ beta-carotene ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ។ អ្នកនឹងទទួលបានលទ្ធផលកាន់តែប្រសើរ ប្រសិនបើឧស្សាហ៍ទទួលទានការ៉ុតឆៅ។
៤. ខ្ទឹមស ៖ មានផ្ទុកនូវធាតុផ្សំសកម្មមួយហៅថា allicin ដែលជួយរក្សាសុវត្ថិភាពកោសិកាពីការបំផ្លាញដោយសារជំងឺរ៉ាំរ៉ៃណាមួយ។ ខ្ទឹមសក៏ត្រូវបានគេចាត់ទុកថាជា ថ្នាំសម្លាប់មេរោគធម្មជាតិប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លង ទប់ស្កាត់ជំងឺមហារីក និងផ្ដាសាយ។
៥. ដំឡូងផ្អែម ៖ មានផ្ទុកសម្បូរទៅដោយសារធាតុ beta-carotene ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ទប់ស្កាត់ជំងឺមហារីក និងពពួកវីរុស។ ដំឡូងផ្អែម ក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន E និងជាតិសសៃដែលជួយរក្សាសុខភាពស្បែកល្អប្រសើរផងដែរ។
៦. ប៉េងប៉ោះ ៖ ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម lycopene ជួយទប់ស្កាត់ជំងឺមហារីក។ វាក៏មានផ្ទុកសារធាតុ beta carotene កម្រិតខ្ពស់ដែលជួយរក្សាពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយផងដែរ។
៧. ឆៃថាវ ៖ មានផ្ទុកសម្បូរទៅដោយជាតិដែក ហើយមានសមត្ថភាពផលិតគ្រាប់ឈាមសផងដែរ។ ឆៃថាវ ក៏ជួយបង្កើនការផ្គត់ផ្គង់អុកស៊ីសែនទៅកាន់គ្រប់កោសិកា និងជម្រុញកោសិកាគ្រាប់ឈាមក្រហម។ លើសពីនេះទៅទៀត បន្លែនេះក៏មានប្រសិទ្ធិភាពទប់ស្កាត់ជំងឺមហារីក និងជំងឺបេះដូងគួរឲ្យកត់សម្គាល់។ វាមានលក្ខណៈសម្បត្តិបន្សាបជាតិពុលក្នុងរាងកាយ ហើយក៏សម្រួលដល់សុខភាពប្រព័ន្ធរំលាយអាហារតាមរយៈជាតិសសៃខ្ពស់ដែលវាមានផ្ទុក៕