បញ្ហាហើមជើងដោយសារការឈរយូរ ដើរច្រើន ជាពិសេសដោយសារពាក់ស្បែកជើងកែង? មិនពិបាកនឹងដោះស្រាយឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ត្រូវធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះដោះស្រាយបញ្ហាហើមជើង ៖
១. ក្រូចឆ្មារ
អ្វីដែលត្រូវធ្វើ គឺគ្រាន់តែទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាកាហ្វេជាមួយម្សៅឈើអែមកន្លះស្លាបព្រាកាហ្វេ ប្រេងអូលីវ ១ស្លាបព្រាកាហ្វេ និងទឹកដោះគោស្រស់ ១ស្លាបព្រាកាហ្វេ។ កូរឱ្យសព្វ សឹមលាបល្បាយលើជើងដែលហើម។ រងចាំសម្រាប់រយៈពេលពី ២ ទៅ ៣ម៉ោងសឹមលាងសម្អាតចេញ។ រូបមន្តនេះសាកសមនឹងអនុវត្តមុនពេលគេង ដោយអ្នកអាចទុកចោលសម្រាប់រយៈពេលពេញមួយយប់ សឹមលាងសម្អាតចេញនៅពេលព្រឹក។
២. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោមកន្លះពែងជាមួយទឹកក្ដៅឧណ្ហៗពី ២ ទៅ ៣ពែង និងបន្ថែមទឹកខ្មេះផ្លែប៉ោមដែលនៅសល់ក្នុងទឹកត្រជាក់ពី ២ ទៅ ៣ពែងក្នុងចានគោមមួយ រួចទុកដោយឡែកពីគ្នា។ ជាដំបូងអ្នកត្រូវជ្រលក់ក្រណាត់ ឬកូនកន្សែងស្អាតមួយក្នុងទឹកខ្មេះផ្លែប៉ោមក្ដៅឧណ្ហៗជាមុនសិន បន្ទាប់មកពូតទឹកចេញខ្លះ ហើយរុំជើងដែលហើម។ រងចាំរហូតសីតុណ្ហភាពក្រណាត់ធ្លាក់ចុះសិន សឹមជ្រលក់ក្រណាត់ក្នុងទឹកខ្មេះផ្លែប៉ោមត្រជាក់ រួចពូតទឹកចេញខ្លះសិន មុននឹងរុំជើងសម្រាប់រយៈពេលប្រមាណ ៥នាទី។ អនុវត្តរូបមន្តនេះសារឡើងវិញម្ដងទៀតក្រោយរយៈពេលពី ២ ទៅ ៣ម៉ោង ប្រសិនបើអាការៈហើមហាក់ដូចជាមិនធូរស្បើយ។
៣. ជីវ៉ាន់ស៊ុយ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់ឆុងស្លឹកជីវ៉ាន់ស៊ុយក្រៀមស្ងួត ១ស្លាបព្រាបាយក្នុងទឹកក្ដៅ ១ពែងសម្រាប់រយៈពេលពី ២ ទៅ ៣នាទី។ បន្ទាប់មកសឹមត្រងកាកចេញ និងទទួលទានឱ្យទាន់ក្ដៅឧណ្ហៗឱ្យបានពី ២ ទៅ ៣ពែងក្នុងមួយថ្ងៃ។
៤. ប្រេងក្រូចថ្លុង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងក្រូចថ្លុងពី ៤ ទៅ ៥ដំណក់ជាមួយប្រេងអូលីវពី ១ ទៅ ២ស្លាបព្រាបាយឱ្យសព្វចូលគ្នា។ បន្ទាប់មកលាបម៉ាស្សាល្បាយលើជើងដែលហើម។ រងចាំសម្រាប់រយៈពេលពេញមួយយប់។ អ្នកចាំបាច់គួរអនុវត្តរាល់យប់ទើបប្រសើរ។
៥. ត្រសក់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែហាន់ត្រសក់ជាបន្ទះស្ដើងៗ បន្ទាប់មកបិតលើជើងដែលហើម និងប្រើប្រាស់ស្បៃរុំឱ្យជាប់ ប៉ុន្តែមិនតឹងជិតពេក។ រងចាំសម្រាប់រយៈពេលពី ២០ ទៅ ៣០នាទី។ អ្នកក៏អាចប្រើប្រាស់ទឹកត្រជាក់ស្រស់ជំនួសក៏បាន។
៦. ស្ពៃក្ដោប
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែជូតស្ពៃក្ដោបប៉ុន្មានស្លឹកឱ្យស្អាត ប៉ុន្តែកុំលាងជាមួយទឹក។ បន្ទាប់មកសឹមដាក់ស្លឹកស្ពៃក្ដោបនេះក្នុងទូរទឹកកកឱ្យត្រជាក់ ប៉ុន្តែមិនមែនកន្លែងកក។ បិត ឬរុំស្ពៃក្ដោបលើជើងដែលហើម ប៉ុន្តែកុំរុំជិតតឹងពេក។ រងចាំសម្រាប់រយៈពេល ៣០នាទី សឹមបកចេញ។ អនុវត្តសារឡើងវិញរៀងរាល់ពី ៣ ទៅ ៤ម៉ោងប្រសិនបើចាំបាច់៕