ឪពុកម្តាយជាធម្មតាមានការខ្វាយខ្វល់ពីអាហារដែលពួកគេត្រូវផ្តល់ឱ្យកូនៗ ដើម្បីឱ្យកូនៗមានការលូតលាស់ល្អ ជាពិសេសមានកម្ពស់ខ្ពស់។ ខាងក្រោមនេះ គឺជាអាហារសំខាន់ៗទាំង៥យ៉ាង ដែលជួយដល់ការលូតកម្ពស់របស់កុមារ បើយោងតាមការចុះផ្សាយរបស់គេហទំព័រ Pulse។
១. ស៊ុត
ការសិក្សាកាលពីមុនលើទារកនៅអេក្វាឌ័រ ដែលមានអាយុពី ៦-៩ខែ បានរកឃើញថា កុមារដែលបរិភោគស៊ុតរាល់ថ្ងៃមានការថយចុះហានិភ័យនៃជម្ងឺក្រិនជាង ៤៧% ជាងក្មេងដែលមិនចូលចិត្ត។
២. ទឹកសណ្តែកសៀង
ទឹកសណ្តែកសៀង អាចជួយបង្កើនកម្ពស់របស់កូនអ្នកបានយ៉ាងងាយស្រួល ដោយសារតែវាសំបូរដោយប្រូតេអ៊ីន។ អង្គការ Scientific American ថាប្រូតេអ៊ីនគឺជាសារធាតុចិញ្ចឹមសំខាន់បំផុត សម្រាប់ការលូតកម្ពស់របស់កុមារ។
៣. សាច់
ប្រូតេអ៊ីនជាធម្មតាគឺអាចរកបាននៅលើសាច់សត្វ។ តែអ្នកគួរតែជ្រើសរើសយកតែសាច់ដែលគ្មានជាប់ខ្លាញ់។ បើបានសាច់ត្រីធូណាគឺកាន់តែល្អ។
៤. គ្រាប់ធញ្ញជាតិចម្រុះ
គ្រាប់អាល់ម៉ុន គ្រាប់ល្ពៅ គ្រាប់សណ្តែក គ្រាប់ស្វាយចន្ទី និងគ្រាប់ផ្សេងៗទៀត មានផ្ទុកដោយប្រូតេអ៊ីន ហើយពួកវាជួយដល់ការលូតកម្ពស់។ ក្រៅពីមានប្រូតេអ៊ីន គ្រាប់ធញ្ញជាតិក៏ផ្តល់នូវសារជាតិខ្លាញ់ ដែលមានសុខភាពល្អ ហើយអាចទ្រទ្រង់រាងកាយក្នុងការបង្កើតឡើងវិញនូវជាលិកាដែលខូចនិងលូតលាស់ជាលិកាសាច់ដុំថ្មីផងដែរ។
៥) ប៊ឺសណ្តែកដី
ប៊ឺសណ្តែកដីមានជាតិប្រូតេអ៊ីនច្រើនគួរឱ្យកត់សម្គាល់។ នៅលើទីផ្សារនាពេលបច្ចុប្បន្នមានផលិតផលប៊ឺសណ្តែកដីជាច្រើន ដែលដាក់លក់ ហើយក៏មានជាតិប្រូតេអ៊ីនទៅតាមកម្រិតវាដែរ។ ចូររកមើលប៊ឺសណ្តែកដីណា ដែលមានជាតិប្រូតេអ៊ីនខ្ពស់ សម្រាប់កូនអ្នក៕