ជាធម្មតាបញ្ហាស្បែកយារធ្លាក់ គឺបណ្ដាលមកពីការចុះខ្សោយ និងបាត់បង់ភាពបត់បែនធម្មជាតិ ក៏ដូចជាកូឡាជែន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វ័យកាន់តែជ្រេ ស្បែកក៏ប្រែជាយារតាមនោះដែរ ជាពិសេសប្រសិនបើអ្នកចេះថែរក្សា។ មិនដឹងដោះស្រាយទប់ស្កាត់បញ្ហាស្បែកយារធ្លាក់តាមវិធីណាមែនទេ? ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗ ប៉ុន្តែប្រសិទ្ធិភាពខ្ពស់ជួយទប់ស្កាត់ស្បែកយារធ្លាក់ ៖
១. រូបមន្តម៉ាសបន្តឹងស្បែកមុខផ្សំឡើងពីចេក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនចេកទុំ ១ផ្លែឱ្យម៉ដ្ឋ រួចសឹមបន្ថែមប្រេងអូលីវ ១ស្លាបព្រាកាហ្វេនិងទឹកឃ្មុំ ១ស្លាបព្រាកាហ្វេចូល។ រងចាំសម្រាប់រយៈពេល ១៥នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ លាងសម្អាតម្ដងទៀតជាមួយទឹកត្រជាក់ដើម្បីបង្រួមរន្ធញើស។ អនុវត្តរូបមន្តនេះម្ដង ឬពីរដងក្នុងមួយសប្តាហ៍។
២. រូបមន្តម៉ាសបន្តឹងស្បែកមុខផ្សំឡើងពីក្រូចឆ្មារ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម៉ាស្សាដុសទឹកក្រូចឆ្មារស្រស់ថ្នមៗលើស្បែកមុខនិងក។ រងចាំសម្រាប់រយៈពេលពី ៥ ទៅ ១០នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អ្នកគួរអនុវត្តឱ្យបានយ៉ាងហោចណាស់ ៣ដងក្នុងមួយថ្ងៃ។ កុំភ្លេចលាបផលិតផលផ្ដល់សំណើមតាមក្រោយផង។
៣. រូបមន្តម៉ាសបន្តឹងស្បែកមុខផ្សំឡើងផ្នែកពណ៌សនៃស៊ុត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបំបែកផ្នែកពណ៌ស និងពណ៌លឿងនៃស៊ុតចេញពីគ្នា។ បន្ទាប់មកកូរវឹកឱ្យសព្វ សឹមប្រើប្រាស់ដុំសំឡីជ្រលក់លាបស៊ុតលើស្បែកមុខនិងកដោយរងចាំសម្រាប់រយៈពេលពី ២០ ទៅ ២៥ នាទី។ លាងសម្អាតចេញជាមួយទឹកត្រជាក់។
៤. រូបមន្តម៉ាសបន្តឹងស្បែកមុខផ្សំឡើងពីទឹកឃ្មុំ
លាយទឹកឃ្មុំពី ២ ទៅ ៣ ស្លាបព្រាកាហ្វេជាមួយប្រេងអូលីវបន្តិចនិងទឹកក្រូចឆ្មារស្រស់ ឱ្យសព្វចូលគ្នា។ លាបម៉ាស្សាល្បាយលើស្បែកមុខនិងក ហើយរងចាំរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អ្នកគួរអនុវត្តម្ដង ឬ២ដងក្នុងមួយថ្ងៃ។
៥. រូបមន្តម៉ាសបន្តឹងស្បែកប្រទាលកន្ទុយក្រពើ
លាបម៉ាស្សាស្បែកមុខនិងកជាមួយជែលប្រទាលកន្ទុយក្រពើស្រស់ រួចទុកចោលសម្រាបរយៈពេលពី ១៥ ទៅ ២០ នាទី សឹមលាងសម្អាតចេញ។
៦. ល្ហុងទុំ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនលាយល្ហុងទុំ ២ស្លាបព្រាបាយជាមួយទឹកឃ្មុំ ១ស្លាបព្រាបាយ និងទឹកក្រូចឆ្មារស្រស់ កន្លះស្លាបព្រាកាហ្វេ។ លាងសម្អាតស្បែកមុខឱ្យស្អាតជាមុនសិន សឹមលាបល្បាយលើស្បែកមុខ និងរងចាំសម្រាប់រយៈពេល ១៥នាទី។ នៅពេលស្ងួត ចូរលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ និងលាងជាមួយទឹកត្រជាក់ម្ដងទៀតជាការស្រេច។