មានរឿងជាច្រើនដែលអ្នកអាចធ្វើបាន ដើម្បីជួយឱ្យបេះដូងអ្នកមានសុខភាពល្អនិងគ្មានជម្ងឺ។ អ្នកអាចកំណត់ពេលការត្រួតពិនិត្យសុខភាពប្រចាំឆ្នាំ ធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ ឈប់ជក់បារី ឬចាត់វិធានការដើម្បីកាត់បន្ថយកម្រិតស្ត្រេសក្នុងជីវិត។ មជ្ឍមណ្ឌលត្រួតពិនិត្យនិងបង្ការជម្ងឺ (CDC) ព្រមានថា ការបរិភោគអាហារដែលមានជាតិខ្លាញ់កូលេស្តេរ៉ុល ឬសូដ្យូមអាចបង្កផលអាក្រក់ដល់បេះដូង។
រឿងទាំងអស់នេះអាចមានឥទ្ធិពលវិជ្ជមានទៅលើសុខភាពបេះដូង។ ប៉ុន្តែការផ្លាស់ប្តូររបៀបរស់នៅសាមញ្ញបំផុតមួយដែលនឹងផ្តល់អត្ថប្រយោជន៍ដល់បេះដូងអ្នកគឺ ការទទួលទានតែបៃតង។
ការសិក្សានៅឆ្នាំ២០១១ បានរកឃើញថា ការផឹកតែបៃតង គឺមានជាប់ទាក់ទងនឹងការថយចុះកូលេស្តេរ៉ុល ដែលយើងដឹងថាជាការចូលរួមចំណែកដ៏សំខាន់ដល់ជម្ងឺបេះដូងនិងជម្ងឺដាច់សរសៃឈាមខួរក្បាល។ ប៉ុន្តែការសិក្សានេះមិនបានបញ្ជាក់ថា តើអ្នកដែលចង់បានប្រយោជន៍នេះ ត្រូវផឹកតែបៃតងក្នុងកម្រិតណានោះទេ។
នៅឆ្នាំ ២០១៤ ការសិក្សាថ្មីមួយទៀតបានសិក្សាពីផលប៉ះពាល់នៃការផឹកតែបៃតងលើអ្នកដែលមានជម្ងឺលើសឈាម។ របាយការណ៍បានសន្និដ្ឋានថា តែបៃតងត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកាត់បន្ថយសម្ពាធឈាម។ ប៉ុន្តែអ្នកសិក្សាស្រាវជ្រាវមិនអាចកំណត់ថា តើការបន្ថយសម្ពាធឈាមនេះអាចជួយដល់ការការពារជម្ងឺបេះដូងកម្រិតណានោះទេ៕