នៅពេលដែលស្បែកឡើងសង្វា គឹមានន័យថាកូឡាជែននៅលើស្បែករបស់អ្នកខ្សោយ។ វាបង្កជាស្នាមមិនគួរជាទីគាប់ចិត្តមួយ ដែលស្រ្តីនិងបុរសគ្រប់រូបចង់លុបបំបាត់។ ពេលដំបូង វាឡើងជាពណ៌ក្រហមឬពណ៌ផ្កាឈូក ហើយក្រោយមកវានឹងចេញជាពណ៌សឆ្នូតៗ ដែលមានទៅមិនគាប់ភ្នែក។ ខាងក្រោមនេះ គឺជាវិធីងាយៗ៣យ៉ាង ដែលអាចការពារនិងដោះស្រាយបញ្ហាឡើងសង្វាបាន បើយោងតាមការចុះផ្សាយនៅលើគេហទំព័រ Pulse។
១. ប្រេងដូង
ជាធម្មតាប្រេងដូងត្រូវបានគេប្រើជា សារធាតុផ្តល់សំណើមដល់ស្បែក។ វាអាចជួយឱ្យស្បែករបស់អ្នកមានសំណើមនិងការពារស្នាមសង្វារ។
ដំបូងឡើយអ្នកត្រូវធ្វើឱ្យស្បែករបស់អ្នកសើមជាមុនសិន រួចហើយអ្នកត្រូវម៉ាស្សាប្រេងដូងលើតំបន់រងមានស្នាមសង្វារយៈពេល ៥-១០ នាទី។ អ្នកអាចទុកប្រេងនៅលើស្បែកពេញមួយយប់ឬលាងសម្អាតវាចោលបន្ទាប់ពីទុកចោល ១ទៅ២ម៉ោង។ សាកល្បងវិធីនេះ ២ដងក្នុងមួយថ្ងៃ។
២. ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើមានលក្ខណៈសម្បត្តិផ្តល់សំណើមនិងជម្រុញការផលិតកូឡាជែន។ ដោយសារតែហេតុនេះហើយ វាជាដំណោះស្រាយដ៏ល្អសម្រាប់ការលុបស្នាមសង្វានិងការពារមិនឱ្យកើត។
អ្នកត្រូវលាបជែលប្រទាលកន្ទុយក្រពើលើស្នាមសង្វា ហើយទុកវាចោលរយៈពេលយ៉ាងហោចណាស់១ម៉ោង មុននឹងលាងវាចេញ។ ធ្វើបែបនេះ២ដងក្នុងមួយថ្ងៃ ហើយជារៀងរាល់ថ្ងៃ។
៣. ទឹកក្រូចឆ្មា
មិនមានភស្តុតាងវិទ្យាសាស្រ្តគាំទ្រប្រសិទ្ធភាពនៃទឹកក្រូចឆ្មារសម្រាប់ស្នាមសង្វាទេ។ តែតាមការអនុវត្តផ្ទាល់ គេឃើញថាវាជួយលុបបំបាត់ស្នាមសង្វាបានយ៉ាងមានប្រសិទ្ធភាព។ ប្រសិនបើស្បែករបស់អ្នកមិនមែនជាស្បែកងាយប្រតិកម្មទេ អ្នកអាចសាកល្បងបាន។
វិធីសាស្ត្រនោះ គឺត្រូវច្របាច់ទឹកក្រូចឆ្មា រួចលាបលើកន្លែងមានសង្វា ហើយទុកចោលឱ្យស្ងួត។ លាងចោលក្រោយពេល១៥នាទី រួចលាបគ្រីមរក្សាសំណើម៕