យើងភាគច្រើនផ្តោតទៅលើការទទួលអាហារណាដែលផ្តល់សុខភាពល្អ តែពេលខ្លះអាហារទាំងនោះមិនបានជួយដល់ការទទួលទានដំណេករបស់យើងនោះទេ។ តើអ្នកមានដឹងទេថា មានអាហារមួយចំនួនដែលជួយដល់ការភ្ញោចឱ្យមានការបញ្ចេញនូវអរម៉ូនធ្វើឱ្យងងុយគេង និង ធ្វើឱ្យប្រព័ន្ធសរសៃប្រសាទស្ងប់ស្ងាត់? សម្រាប់អ្នកដែលមានបញ្ហាគេងមិនលក់ ការដឹងថាតើអាហារណាដែលអាចធ្វើអោយប្រសើរឡើងដល់ការគេង គឺពិតជាសំខាន់ណាស់។
ខាងក្រោមនេះ គឺជាអាហារសំខាន់ទាំង៣យ៉ាង សម្រាប់ជួយដល់ការគេង បើយោងតាមការចុះផ្សាយរបស់គេហទំព័រ A.H. BEARD៖
១. ទឹកឃ្មុំ៖ ទឹកឃ្មុំជួយឱ្យអ្នកគេងលក់ស្រួល ព្រោះវាផ្ទុកជាតិគ្លុយកូសម្យ៉ាង ដែលជួយកាត់បន្ថយកម្រិតសារធាតុ Orexin ដែលជាសារធាតុបញ្ជូនសរសៃប្រសាទជួយបង្កើនកម្រិតនៃភាពប្រុងប្រយ័ត្ន។ ទឹកឃ្មុំមួយស្លាបព្រាកាហ្វេមុនពេលចូលគេង ក៏ត្រូវបានបង្ហាញថាអាចជួយផ្តល់ស្ករឱ្យថ្លើម ដើម្បីឱ្យយើងមិនមានអារម្មណ៍ឃ្លាននៅពេលយប់។
២. ទឹកដោះគោ៖ ទឹកដោះគោក្តៅឧណ្ណៗមួយកែវ មុនពេលគេងពិតជាជួយដល់ការគេងបានយ៉ាងល្អ។ ទឹកដោះគោគឺជាប្រភពធម្មជាតិនៃអាស៊ីតអាមីណូម្យ៉ាងហៅថា Tryptophan។ Tryptophan ជួយឱ្យអ្នកគេងលក់ ដោយបង្កើនជាតិមេឡានីនដែលជាសារធាតុគីមីជម្រុញឱ្យមានការគេងបានស្កប់។ ក្រៅពីនេះ ទឹកដោះគោក្តៅជួយដល់ការធ្វើឱ្យអារម្មណ៍ស្ងប់ល្អ។ ប្រសិនបើអ្នកមិនអាចគេងលក់ សូមសាកល្បងទឹកដោះគោក្តៅមួយកែវដើម្បីជួយអ្នកដោះស្រាយបញ្ហានេះ។
៣. ចេក៖ ចេកមានជាតិប៉ូតាស្យូមខ្ពស់ ដែលជាសារធាតុរ៉ែចាំបាច់សម្រាប់សម្រេចបាននូវការគេងលក់ស្កប់ស្កល់នៅពេលយប់។ ចេកក៏ជាថ្នាំងងុយគេងធម្មជាតិដែរ ព្រោះវាមានទាំងសារធាតុ Tryptophan និងម៉ាញ៉េស្យូម។ ញ៉ាំចេកមួយមុនពេលអ្នកចូលគេង ដើម្បីទទួលបានអត្ថប្រយោជន៍គេងលក់ស្រួល ហើយក៏កាត់បន្ថយអារម្មណ៍ឃ្លានពេលយប់ផងដែរ៕