ស្បែក-ក ឡើងខ្មៅមិនពិបាកនឹងដោះស្រាយឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណាទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីរូបមន្តបែបធម្មជាតិជួយឱ្យស្បែក-កសរលោងឡើងវិញ ៖
១. រូបមន្តជែលប្រទាលកន្ទុយក្រពើស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបដុសជែលប្រទាលកន្ទុយក្រពើស្រស់លើ-ក និងរងចាំសម្រាប់រយៈពេល ១០នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តរាល់ថ្ងៃជាប្រចាំ។
២. រូបមន្តទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ២ស្លាបព្រាបាយជាមួយទឹកធម្មតា ៤ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមប្រើប្រាស់ដុំសំឡីជ្រលក់ក្នុងទឹកល្បាយ រួចលាបលើស្បែក-ក។ រងចាំសម្រាប់រយៈពេល ១០នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តឆ្លាស់ថ្ងៃគ្នាជាប្រចាំ។ កុំភ្លេចប្រើប្រាស់ផលិតផលផ្ដល់សំណើមតាមក្រោយ ព្រោះទឹកខ្មេះផ្លែប៉ោមអាចបណ្ដាលឱ្យស្បែករាងស្ងួត។
៣. រូបមន្តម្សៅ Baking soda
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda ពី ២ ទៅ ៣ស្លាបព្រាបាយជាមួយទឹកធម្មតាបន្តិចឱ្យក្លាយជាល្បាយសព្វល្អគ្មានពពុះ។ លាបល្បាយលើស្បែក-ក និងរងចាំរហូតដល់ស្ងួត។ នៅពេលស្ងួត ប្រើប្រាស់ម្រាមដៃសើមដុសវាចេញ រួចសឹមសម្អាតចេញម្ដងទៀតជាមួយទឹកធម្មតា។ កុំភ្លេចប្រើប្រាស់ផលិតផលផ្ដល់សំណើមតាមក្រោយ។ អនុវត្តរាល់ថ្ងៃជាប្រចាំសម្រាប់រយៈពេលពេញមួយសប្តាហ៍។
៤. រូបមន្តប្រេងអូលីវ និងទឹកក្រូចឆ្មារស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ក្នុងបរិមាណស្មើគ្នាជាមួយប្រេងអូលីវ។ កូរឱ្យសព្វ សឹមប្រើប្រាស់ល្បាយនេះលាបលើ-កមុនពេលចូលគេង។ អនុវត្តជាប្រចាំសម្រាប់រយៈពេល ១ខែ ហើយអ្នកនឹងសម្គាល់ឃើញលទ្ធផល។
៥. រូបមន្តដំឡូងបារាំង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់ឈូសដំឡូងបារាំង និងច្របាច់វាយកទឹក។ បន្ទាប់មកលាបទឹកដំឡូងបារាំងស្រស់លើ-ក និងរងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទីឱ្យស្ងួត។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តម្ដង ឬ២ដងក្នុងមួយថ្ងៃ។
៦. រូបមន្តរមៀត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយយ៉ាអួរសុទ្ធពី ១ ទៅ ២ស្លាបព្រាបាយជាមួយម្សៅរមៀត ១ចុងស្លាបព្រាកាហ្វេ។ កូរលាយឱ្យសព្វ សឹមលាបល្បាយលើស្បែក-ក និងរងចាំសម្រាប់រយៈពេល ១៥នាទី។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តរាល់ថ្ងៃដើម្បីទទួលបានលទ្ធផលឆាប់រហ័ស៕