ទោះបីជាស្គាល់និងឧស្សាហ៍ទទួលទាន ប៉ុន្តែភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ពីអត្ថប្រយោជន៍ដ៏ប្រសើរនៃ “ទំពាំងបាយជូរខ្មៅ” ចំពោះសុខភាពឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើផ្លែឈើនេះល្អអ្វីខ្លះចំពោះសុខភាព? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរព្យាយាមទទួលទានផ្លែទំពាំងបាយជូរខ្មៅ ៖
១. អាចជួយគ្រប់គ្រងជំងឺទឹកនោមផ្អែម
សារធាតុ resveratrol ក្នុងទំពាំងបាយជូរខ្មៅជួយធ្វើឱ្យភាពធន់នឹងអាំងស៊ុយលីនមានលក្ខណៈប្រសើរឡើង។ ជាលទ្ធផលរាងកាយកាន់តែមានសមត្ថភាពប្រើប្រាស់គ្លុយកូសបន្ថយកម្រិតជាតិស្ករក្នុងឈាម។ ជាតិសសៃក្នុងទំពាំងបាយជូរខ្មៅជួយពន្យឺតការរំលាយ ក៏ដូចជាការស្រូបយកជាតិស្ករផងដែរ។ ដូច្នេះហានិភ័យនៃជំងឺទឹកនោមផ្អែមត្រូវបានកាត់បន្ថយ ក៏ព្រោះតែកម្រិតនៃជាតិស្ករក្នុងឈាមមិនអាចឡើងខ្ពស់គួរឱ្យព្រួយបារម្ភ។ ទំពាំងបាយជូរខ្មៅក៏មានផ្ទុកសមាសធាតុ Pterostilbene ដែលជួយបញ្ចុះកម្រិតនៃជាតិស្ករក្នុងឈាមផងដែរ។ ផ្លែឈើនេះក៏ទប់ស្កាត់ការបាត់បង់កោសិកាបេតាដែលជាផលវិបាកទូទៅមួយចំពោះជំងឺទឹកនោមផ្អែម។
២. ពង្រឹងសុខភាពបេះដូង
នេះក៏ព្រោះតែទំពាំងបាយជូរខ្មៅមានផ្ទុកសមាសធាតុ polyphenols ជួយប្រយុទ្ធប្រឆាំងរ៉ាឌីកាល់សេរីដែលបង្កជំងឺបេះដូង។ សមាសធាតុ polyphenols ក៏ជួយព្យាបាលបញ្ហាលើសសម្ពាធឈាមនិងប្រឆាំងការរលាកក្នុងរាងកាយ។ ទំពាំងបាយជូរខ្មៅមានផ្ទុកសារធាតុ flavonoids, អាស៊ីត phenolic acids និងសារធាតុ resveratrol ដែលកាត់បន្ថយហានិភ័យនៃជំងឺសសៃឈាមបេះដូង ព្រមទាំងទប់ស្កាត់ជំងឺសាច់សសៃឈាមខួរក្បាល ឬគាំងបេះដូងផងដែរ។ ជាតិប៉ូតាស្យូមក្នុងទំពាំងបាយជូរខ្មៅក៏ជួយធ្វើឱ្យសុខភាពបេះដូងកាន់តែមានលក្ខណៈល្អប្រសើរផងដែរ។
៣. ទប់ស្កាត់ជំងឺមហារីក
សារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល polyphenols ក្នុងផ្លែទំពាំងបាយជូរអាចជួយទប់ស្កាត់កាត់បន្ថយហានិភ័យនៃជំងឺមហារីកជាច្រើនប្រភេទ រួមបញ្ចូលទាំងមហារីកសួត បំពង់អាហារ បំពង់ក មាត់ លំពែង ប្រូស្តាត និងមហារីកពោះវៀនធំ។ គ្រាប់ទំពាំងបាយជូរខ្មៅមានផ្ទុកសារធាតុ proanthocyanidins ដែលជួយប្រឆាំងជំងឺមហារីកបានយ៉ាងប្រសើរ។ សារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលផ្សេងទៀតក្នុងទំពាំងបាយជូរខ្មៅ គឺសារធាតុ quercetin សារធាតុ catechin និងសារធាតុ anthocyanins។
៤. ធ្វើឱ្យមុខងារខួរក្បាលកាន់តែមានលក្ខណៈប្រសើរឡើង
សារធាតុ Flavonoids និងសារធាតុ resveratol ក្នុងទំពាំងបាយជូរខ្មៅ គឺល្អណាស់សម្រាប់លើកម្ពស់អារម្មណ៍ល្អប្រសើរនិងទប់ស្កាត់ភាពអន់ថយនៃការចងចាំទាក់ទងនឹងវ័យ។ សារធាតុ Resveratrol ក៏ជួយបង្កើនលំហូរឈាមទៅកាន់ខួរក្បាលផងដែរ។ ទំពាំងបាយជូរខ្មៅមានផ្ទុកសារធាតុ riboflavin ដែលមានអត្ថប្រយោជន៍ណាស់សម្រាប់អ្នកដែលឧស្សាហ៍ឈឺក្បាលប្រកាំង។
៥. ធ្វើឱ្យសុខភាពភ្នែកមានលក្ខណៈកាន់តែប្រសើរឡើង
ទំពាំងបាយជូរខ្មៅមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជាពិសេសសារធាតុ resveratrol ដែលជួយរារាំងអង់ហ្ស៊ីមមួយចំនួនដែលបង្កការបំផ្លាញដល់ជាលិកា។ ជាលទ្ធផលទប់ស្កាត់ហានិភ័យនៃបញ្ហាភ្នែកផ្សេងៗ។ បន្ថែមពីនេះទំពាំងបាយជូរខ្មៅមានផ្ទុកសារធាតុ lutein និង zeaxanthin ដែលល្អណាស់សម្រាប់រក្សាសុខភាពភ្នែក។
៦. ពង្រឹងសុខភាពឆ្អឹង
សារធាតុ resveratrol ក្នុងទំពាំងបាយជូរខ្មៅអាចជួយឱ្យដង់ស៊ីតេឆ្អឹងកាន់តែមានលក្ខណៈប្រសើរឡើង។
៧. ប្រឆាំងការរលាកក្នុងរាងកាយ
ទំពាំងបាយជូរខ្មៅមានផ្ទុកសមាសធាតុប្រឆាំងការរលាកក្នុងរាងកាយ រួមបញ្ចូលទាំងសារធាតុ flavans សារធាតុ anthocyanins សារធាតុ flavonols និងសារធាតុ stilbenes។ ទំពាំងបាយជូរខ្មៅក៏ល្អសម្រាប់ព្យាបាលជំងឺរលាកសន្លាក់តាមរយៈសារធាតុ resveratrol ដែលមានផ្ទុក។ ទំពាំងបាយជូរខ្មៅក៏ជួយព្យាបាលជំងឺឬសដូងបាតផងដែរ។ ស្ថានភាពសុខភាពនេះបណ្ដាលមកពីសសៃឈាមជុំវិញរន្ធគូថប្រែជារលាកនិងហើម។
៨. ជួយឱ្យគេងលក់បានស្កប់
នេះក៏ព្រោះតែទំពាំងបាយជូរខ្មៅមានផ្ទុកមេឡាតូនីនដែលការទទួលទានផ្លែឈើនេះមុនពេលចូលគេងអាចជួយឱ្យឆាប់គេងលក់បានស្កប់៕