អ្នកស្រាវជ្រាវអាមេរិក បានណែនាំថា ដើម្បីក្លាយទៅជាមនុស្សមានរាងស្លីមស្អាត គឺអ្នកគួរតែក្រោកពីព្រលឹម ហើយស្រូបយកពន្លឺព្រះអាទិត្យពេលព្រឹក។
ការសិក្សាតូចមួយ ទៅលើអ្នកស្ម័គ្រចិត្តចំនួន ៥៤នាក់បានបង្ហាញថា អ្នកដែលមានរាងស្លីមស្អាតជាងគេ មិនមែនជាអ្នកដែលត្រូវតែញ៉ាំល្អជាងគេ ឬ ហាត់ប្រាណច្រើនជាងគេនោះទេ។ ពួកគេគ្រាន់តែជាមនុស្សដែលត្រូវពន្លឺថ្ងៃ ពេលព្រឹក បានច្រើន។ ការរកឃើញរបស់អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Northwestern University ត្រូវបានចុះផ្សាយនៅក្នុងអត្ថបទវេជ្ជសាស្រ្ត PLOS ONE ។
លោក Kathryn Reid ដែលជាអ្នកដឹកនាំការស្រាវជ្រាវ និង ជាសាស្ត្រាចារ្យផ្នែកសរសៃប្រសាទនៅឯសាកលវិទ្យាល័យវេជ្ជសាស្ត្រសាកលវិទ្យាល័យ Northwestern បាននិយាយថា៖ “អ្នកដែលបានប៉ះពន្លឺថ្ងៃនេះ ព្រលឹមជាងគេនៅពេលព្រឹក គឺជាមនុស្សដែលមានរាងស្លីមជាងគេ។ មនុស្សដែលប៉ះពន្លឺថ្ងៃយឺតជាងគេ គឺជាមនុស្សដែលមាន BMI (Body Mass Index) ខ្ពស់ជាងគេ (ធាត់ជាងគេ)។”
អាយុជាមធ្យមរបស់អ្នកចូលរួមគឺ ៣០ឆ្នាំ។ ពួកគេពាក់នាឡិកតាមដានវាស់ពន្លឺនិងវដ្តដំណេករបស់ពួកគេ និងរក្សាកំណត់ហេតុអាហាររយៈពេលនៃការសិក្សា ៧ថ្ងៃ។ ពន្លឺពេលព្រឹកត្រូវបានគេរកឃើញថា មានឥទ្ធិពលលើម៉ាសរាងកាយ ដោយមិនគិតពីកម្រិតសកម្មភាពរាងកាយរបស់មនុស្ស ការទទួលទានកាឡូរី ពេលវេលានៃការគេង ឬ អាយុឡើយ។
សរុបសេចក្តីមក អ្នកស្រាវជ្រាវរកឃើញថា យើងគ្រប់គ្នាគួរតែឆាប់ក្រោកពីដំណេក ហើយស្រូបពន្លឺព្រះអាទិត្យឱ្យបានលឿន យ៉ាងហោចណាស់នៅម៉ោង៨ព្រឹក។ គ្រាន់តែចំណាយពេលឱ្យប៉ះពន្លឺថ្ងៃពី ២០ទៅ៣០នាទី គឺគ្រប់គ្រាន់ហើយ៕