បំពង់-ក ទទួលខុសត្រូវដឹកនាំអាហារទៅកាន់បំពង់អាហារ និងខ្យល់ទៅកាន់បំពង់ខ្យល់។ វាដើរតួនាទីយ៉ាងសំខាន់មួយចំពោះសុខភាពរបស់យើង។ ទោះជាយ៉ាងណាក៏ដោយ ភាគច្រើននៃពួកយើងកម្រនឹងយកចិត្តទុកដាក់ចំពោះសុខភាពបំពង់កណាស់ លុះត្រាតែមានអារម្មណ៍ថា រមាស់, ស្ងួតបំពង់ក ឬចាប់ផ្ដើមឈឺចាប់ពិបាកលេបអាហារទើបខ្វល់។ (អាន ៖ ឈប់ខ្វល់រឿងដេកមិនលក់ នៅពេលដឹងរឿងទាំងនេះ) ដើម្បីរក្សាបាននូវសុខភាពរាងកាយទាំងមូលល្អប្រសើរ ចូរបញ្ឈប់ទម្លាប់មិនខ្វល់ពីសុខភាពបំពង់កនេះភ្លាម ក៏ព្រោះតាមពិតទៅបំពង់ក គឺមានសារៈសំខាន់ ហើយគួរតែត្រូវទទួលបានការថែរក្សាត្រឹមត្រូវដូចផ្នែកផ្សេងទៀតនៃរាងកាយអញ្ចឹង។ ការថែរក្សាសុខភាពបំពង់កគ្មានអ្វីពិបាកនោះទេ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែអនុវត្តនូវទម្លាប់មួយចំនួនដែលវេបសាយសុខភាព Health.com.kh បង្ហាញជូនខាងក្រោមនេះ ៖
១. រក្សាសំណើមក្នុងបំពង់ក ៖ ចូរទទួលទានទឹកឲ្យបានញឹកញាប់ ហើយគ្រប់គ្រាន់ ដោយជៀសវាងការទទួលទានភេសជ្ជៈជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹងច្រើនហួសកម្រិត ឬជាប្រចាំ។ ប្រសិនបើអ្នកស្រេកទឹក ចូរទទួលទានទឹកធម្មតា ជំនួសឲ្យភេសជ្ជៈកំប៉ុងផ្សេងៗ។ អ្នកជំនាញសុខភាពណែនាំឲ្យទទួលទានទឹកយ៉ាងហោចណាស់ពី ៦ ទៅ ៨ កែវ ក្នុងមួយថ្ងៃ ឬច្រើនជាងនេះប្រសិនបើអ្នកកំពុងធ្វើការក្រោមបរិយាកាសក្ដៅស្ងួត ឬក្នុងបន្ទប់ម៉ាស៊ីនត្រជាក់។
២. សម្អាតច្រាសដុសធ្មេញរបស់អ្នក ៖ នេះក៏ព្រោះតែមេរោគបាក់តេរីដែលមានប្រភពចេញពី អាហារ និងវត្ថុធាតុដើមផ្សេងៗទៀតអាចជាប់នៅក្នុងច្រាសដុសធ្មេញ បន្ទាប់ពីអ្នកធ្វើការដុសសម្អាតធ្មេញ។ ដូច្នេះនៅមុនពេលអ្នកដុសសម្អាតធ្មេញនៅពេលព្រឹក ចូរលាយអំបិល ១ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅ ១ពែង ហើយត្រឹមច្រាស់ដុសធ្មេញរបស់អ្នកចូល។ អំបិល មានប្រសិទ្ធិភាពធ្វើឱ្យកោសិកាបាក់តេរីខ្សោះទឹក ហើយរារាំងបាក់តេរីមិនឱ្យលូតលាស់ពេញក្នុងមាត់រាលដាលដល់បំពង់ករបស់អ្នក។
៣. យកចិត្តទុកដាក់លើអនាម័យ ៖ ការអនុវត្តអនាម័យជាមូលដ្ឋានដូចជា ការលាងដៃមុនពេលទទួលទានអាហារ និងការមិនចែករំលែកប្រដាប់ប្រដាបប្រសើរប្រាស់សម្រាប់ទទួលទាន ក៏ដូចជារបស់របរផ្ទាល់ខ្លួនផ្សេងទៀតជាមួយអ្នកដទៃ អាចជួយទប់ស្កាត់មិនឲ្យឆ្លងមេរោគដែលបង្កជាបញ្ហាឈឺបំពង់ក។
៤. ខ្ពុរមាត់ជាមួយទឹកអំបិល ៖ អំបិល គឺជាថ្នាំសម្លាប់មេរោគបាក់តេរីបែបធម្មជាតិដែលល្អប្រសើរណាស់ក្នុងការទប់ស្កាត់ការរីកលូតលាស់នៃបាក់តេរី។ ដូច្នេះដើម្បីរក្សាបាននូវបំពង់កដែលមានសុខភាពល្អ ហើយបំបាត់បញ្ហាក្លិនមាត់មិនល្អ ចូរខ្ពុរមាត់ជាមួយទឹកអំបិលក្ដៅឧណ្ហៗនៅមុនពេលចូលគេងជាប្រចាំ៕