សម្រាប់នារីៗពិតជាមិនចង់មានរោមពុកមាត់នោះទេ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភបញ្ហានេះមិនពិបាកកម្ចាត់ឡើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិកម្ចាត់ពុកមាត់ដោយគ្មានការឈឺចាប់ ៖
១. រមៀតនិងទឹកដោះគោស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅរមៀតជាមួយទឹកដោះគោស្រស់ក្នុងបរិមាណស្មើគ្នា។ កូរឱ្យសព្វ សឹមលាបល្បាយលើរោមពុកមាត់និងម៉ាស្សាសម្រាប់រយៈពេល ១នាទី។ រងចាំរហូតដល់ស្ងួតទាំងស្រុង សឹមប្រើម្រាមដៃដុសចេញ។ បន្ទាប់មកលាងសម្អាតចេញជាមួយទឹកត្រជាក់។
២. ផ្នែកពណ៌សនៃស៊ុត
អ្វីដែលអ្នកត្រូវការ គឺស៊ុត ១ គ្រាប់ ម្សៅពោត ១ ស្លាបព្រាកាហ្វេ និងស្ករស ១ ស្លាបព្រាកាហ្វេ។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយផ្នែកពណ៌សនៃស៊ុតជាមួយម្សៅពោតនិងស្ករស។ កូរឱ្យសព្វរហូតដល់ក្លាយជាល្បាយស្អិតខាប់ៗ។ លាបល្បាយលើរោមពុកមាត់និងទុកចោលរហូតដល់ស្ងួតសម្រាប់រយៈពេលប្រហែល ៣០ នាទី។ បកចេញជាការស្រេច។ អនុវត្តឱ្យបានយ៉ាងហោចណាស់ ២ ដងក្នុងមួយសប្តាហ៍។
៣. ស្ករស
អ្វីដែលអ្នកត្រូវការ គឺស្ករស ២ ស្លាបព្រាបាយ ទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាបាយ និងក្រណាត់ស្អាត។ អ្វីដែលអ្នកត្រូវធ្វើ គឺដាក់ស្ករសក្នុងឆ្នាំងស្អាតមួយ រួចកម្ដៅបន្ទាប់មកចាក់ទឹកក្រូចឆ្មារចូលកូររហូតដល់ក្លាយជាល្បាយស្អិតខាប់ៗ។ ទុកឱ្យចុះត្រជាក់សិន សឹមលាបល្បាយលើរោមពុកមាត់។ ដាក់ក្រណាត់ស្អាតតូចមួយលើល្បាយស្ករ។ សង្កត់ថ្នមៗឈ្លីក្នុងចលនាបែបរង្វង់។ បន្ទាប់មកទាញបកចេញ។ អនុវត្ដម្ដងក្នុងមួយសប្តាហ៍ ឬច្រើនដងតាមតម្រូវការ។
៤. យ៉ាអួរ, ទឹកឃ្នុំ និងរមៀត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយយ៉ាអួរ ១ស្លាបព្រាកាហ្វេជាមួយទឹកឃ្មុំ ១ស្លាបព្រាកាហ្វេនិងម្សៅមៀត ១ចិប។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើរោមពុកមាត់ និងរងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី។ ដុសចេញថ្នមៗ បន្ទាប់មកសឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍។
៥. ស្ករ និងក្រូចឆ្មារ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែច្របាច់ក្រូចឆ្មារ ១ផ្លែ រួចយកទឹកក្រូចឆ្មារស្រស់លាយជាមួយស្ករស ១ស្លាបព្រាបាយ។ កូរឱ្យសព្វក្លាយជាល្បាយខាប់ៗ សឹមលាបលើរោមពុកមាត់។ រងចាំសម្រាប់រយៈពេលប្រហែល ១៥នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តឆ្លាស់ដៃគ្នាជាប្រចាំ។ ប្រសិនបើអ្នកមានស្បែកស្ងួត ចូរចៀសវាងរូបមន្តនេះ ក៏ព្រោះក្រូចឆ្មារអាចធ្វើឱ្យស្បែកស្ងួត។
៦. ក្រូចឆ្មារនិងទឹកឃ្មុំ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកឃ្មុំ ១ស្លាបព្រាបាយជាមួយទឹកក្រូចឆ្មារស្រស់ កន្លះស្លាបព្រាបាយឱ្យសព្វចូលគ្នា។ បន្ទាប់មកសឹមលាបល្បាយលើរោមពុកមាត់ និងរងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី។ ត្រាំក្រណាត់ស្អាតមួយក្នុងទឹកក្ដៅឧណ្ហៗ រួចពូតទឹកចេញខ្លះសិន សឹមប្រើប្រាស់ជូតសម្អាតល្បាយពីរោមពុកមាត់ថ្នមៗ។ លាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍៕