ដំឡូងបារាំង ជាបន្លែមើមមួយប្រភេទដែលសម្បូរលក់ណាស់ដែរក្នុងប្រទេសកម្ពុជា។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ និងធ្លាប់ទទួលទានដំឡូងបារាំងរួចហើយ ប៉ុន្តែប្រហែលជាមិនបានចាប់អារម្មណ៍ដឹងទេថា បន្លែមើមនេះអាចផ្ដល់អត្ថប្រយោជន៍ស្មានមិនដល់ជាច្រើនចំពោះសុខភាព និងសម្រស់។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួររួមបញ្ចូលដំឡូងបារាំងក្នុងរបបអាហារប្រចាំថ្ងៃ ៖
- អត្ថប្រយោជន៍ផ្នែកសុខភាព
១. ពង្រឹងសុខភាពខួរក្បាល
នេះក៏ព្រោះតែដំឡូងបារាំងមានផ្ទុកអាស៊ីត alpha lipoic ដែលល្អសម្រាប់រក្សាសុខភាពខួរក្បាល។ វាក៏ជួយបង្កើនការចងចាំគួរឱ្យកត់សម្គាល់ផងដែរ។ វីតាមីន C ដែលមានលក្ខណៈប្រឆាំងអុកស៊ីតកម្មក្នុងដំឡូងបារាំងថែមទាំងដើរតួនាទីក្នុងការព្យាបាលជំងឺបាក់ទឹកចិត្ត depression ទៀតផងដោយជួយការពារកោសិកាក្នុងខួរក្បាលមិនឱ្យទទួលរងការបំផ្លាញពីសំណាក់រ៉ាឌីកាល់សេរី។
២. ជួយឱ្យសុខភាពឆ្អឹងកាន់តែរឹងមាំ
ម៉ាញ៉េស្យូមនិងប៉ូតាស្យូមក្នុងដំឡូងបារាំងអាចជួយពង្រឹងសុខភាពឆ្អឹងឱ្យកាន់តែមានលក្ខណៈប្រសើរ ហើយរឹងមាំជាងមុន។
៣. ផ្ដល់សារធាតុចិញ្ចឹមចាំបាច់ជាច្រើនដល់រាងកាយ
ដំឡូងបារាំង ជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់រក្សាសុខភាពរាងកាយ រួមបញ្ចូលទាំងជាតិសសៃរលាយ និងមិនរលាយដែលល្អសម្រាប់សុខភាពប្រព័ន្ធរំលាយអាហារ និងកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល។ ក្រៅពីនេះដំឡូងបារាំងក៏មានផ្ទុកនូវសារធាតុ flavanoids និង kukoamine ជួយបញ្ចុះសម្ពាធឈាម។ វីតាមីន C ល្អសម្រាប់ប្រព័ន្ធភាពស៊ាំ និងស្បែក រួមទាំងវីតាមីន B6 ជួយពង្រឹងសុខភាពបេះដូង។ ដំឡូងបារាំងក៏មានផ្ទុកជាតិដែក និងទង់ដែងជួយកម្រិតសម្ពាធឈាម និងការពារសុខភាពបេះដូងផងដែរ។
៤. សម្រួលការរំលាយអាហារ
ដំឡូងបារាំង មានផ្ទុកសម្បូរទៅដោយជាតិកាបូអ៊ីដ្រាត រួមទាំងជាតិសសៃដែលល្អសម្រាប់ក្រពះ និងដំណើរការនៃការរំលាយអាហារទាំងមូលតែម្ដង ហើយថែមទាំងទប់ស្កាត់អាការៈទល់លាមក ក៏ដូចជាជំងឺមហារីកពោះវៀនធំផងដែរ។
៥. ប្រយុទ្ធប្រឆាំងជំងឺមហារីក និងជំងឺបេះដូង
ដំឡូងបារាំង ជាបន្លែមើមមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុ zeaxanthin រួមជាមួយ carotenes ដែលជួយទប់ស្កាត់ជំងឺមហារីកបានយ៉ាងច្រើនប្រភេទ។ ហើយក៏ព្រោះតែដំឡូងបារាំងអាចជួយគ្រប់គ្រងកម្រិតនៃសម្ពាធឈាមដោយមានជំនួយពីជាតិសសៃ និងវីតាមីន C ដែលវាមានផ្ទុកនោះជាលទ្ធផលអ្នកអាចរក្សាបាននូវសុខភាពបេះដូងល្អប្រសើរ និងថែមទាំងជៀសផុតពីបញ្ហាជំងឺផ្សេងៗដូចជា ជំងឺទឹកនោមផ្អែម, ពិបាករំលាយអាហារ និងអតុល្យភាពនៃសារធាតុចិញ្ចឹម។
- អត្ថប្រយោជន៍ផ្នែកសម្រស់
១. កម្ចាត់ស្នាមមុននិងស្នាមអ៊ុចខ្មៅ
អ្វីដែលអ្នកត្រូវការ គឺទឹកដំឡូងបារាំង ១ ស្លាបព្រាបាយ និងទឹកប៉េងប៉ោះស្រស់ ១ ស្លាបព្រាបាយ។ ហើយអ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកដំឡូងបារាំងស្រស់ និងទឹកប៉េងប៉ោះស្រស់ចូលគ្នា។ កូរឱ្យសព្វ សឹមលាបទឹកល្បាយនេះលើស្នាមមុន និងស្នាមអ៊ុចខ្មៅលើផ្ទៃមុខរបស់អ្នក។ ទុកចោលសម្រាប់រយៈពេលប្រមាណពី ៤០ ទៅ ៤៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់ ឬទុកចោលពេញមួយយប់ សឹមលាងសម្អាតចេញនៅព្រឹកបន្ទាប់ក៏បាន។ អ្នកអាចអនុវត្តរូបមន្តនេះរាល់ថ្ងៃ រហូតទទួលបានលទ្ធផលគាប់ចិត្ត។
២. ទប់ស្កាត់ស្នាមជ្រីវជ្រួញនិងធ្វើឱ្យស្បែកមុខស
អ្វីដែលអ្នកត្រូវការ គឺដំឡូងបារាំង ១ មើមតូច, ការ៉ុត ១ មើមតូច និងម្ស៉ៅរមៀត ១ ចិប។ អ្វីដែលអ្នកត្រូវធ្វើ គឺស្ងោរដំឡូងបារាំង និងការ៉ុតក្នុងទឹកធម្មតាសម្រាប់រយៈពេលប៉ុន្មាននាទីរហូតដល់ទន់។ ទុកឱ្យចុះត្រជាក់ សឹមហាន់ជាដុំតូចៗ រួចចាប់ផ្ដើមកិនរហូតដល់ក្លាយជាល្បាយម៉ដ្ឋខាប់ៗ ហើយបន្ថែមម្ស៉ៅរមៀតចូល និងកូរឱ្យសព្វ។ លាបល្បាយនេះលើផ្ទៃមុខ និងទុកចោលសម្រាប់រយៈពេល ១៥ នាទីសិន សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។
៣. កម្ចាត់ស្នាមខ្មៅរង្វង់ខ្មៅក្រោមភ្នែក
អ្វីដែលអ្នកត្រូវការ គឺទឹកដំឡូងបារាំងស្រស់ចំនួន ២ ស្លាបព្រាកាហ្វេ និងទឹកត្រសក់ស្រស់ចំនួន ២ ស្លាបព្រាកាហ្វេ។ លាយទឹកដំឡូងបារាំង និងទឹកត្រសក់ចូលគ្នាឱ្យសព្វ សឹមលាបទឹកល្បាយក្រោមភ្នែកមុនពេលចូលគេងយប់។ លាងសម្អាតចេញនៅព្រឹកបន្ទាប់ជាមួយទឹកត្រជាក់។
៤. ព្យាបាលសក់ខូច
លាយជែលប្រទាលកន្ទុយក្រពើស្រស់ ២ ស្លាបព្រាបាយ ជាមួយទឹកដំឡូងបារាំងស្រស់ ៣ ស្លាបព្រាបាយ និងទឹកឃ្មុំ ១ ស្លាបព្រាបាយ។ កូរឱ្យសព្វល្អ សឹមលាបម៉ាស្សាលើស្បែកក្បាលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី បន្ទាប់មកកុំភ្លេចសិតសក់រហូតដល់ចុង។ រងចាំសម្រាប់រយៈពេល ១ ម៉ោង ឬច្រើនជាងនេះអាស្រ័យលើថាតើសក់របស់អ្នកខូចកម្រិតណា សឹមលាងសម្អាតចេញ។
៥. បំបាត់បញ្ហាក្លៀកខ្មៅ
អ្វីដែលអ្នកត្រូវធ្វើ គឺលាបទឹកដំឡូងបារាំងស្រស់ត្រង់ក្លៀក រួចទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញនិងជូតផ្ដិតៗឱ្យស្ងួតជាការស្រេច។
៦. ដោះស្រាយបញ្ហាស្បែក-កឡើងខ្មៅ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់ឈូសដំឡូងបារាំង និងច្របាច់វាយកទឹក។ បន្ទាប់មកលាបទឹកដំឡូងបារាំងស្រស់លើ-ក និងរងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទីឱ្យស្ងួត។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តម្ដង ឬ២ដងក្នុងមួយថ្ងៃ។
៧. បំបាត់ក្លិនក្លៀកមិនល្អ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ដំឡូងបារាំង ១បន្ទះដុសក្លៀក និងរងចាំសម្រាប់រយៈពេល ៣០នាទី។ លាងសម្អាតចេញជាមួយទឹកធម្មតាជាការស្រេច។
៨. បំបាត់ស្បែកកែងដៃនិងជង្គង់ដែលឡើងខ្មៅ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឈូស ឬកោសដំឡូងបារាំង រួចពូតយកទឹកនិងលាបលើស្បែកត្រង់កែងដៃ ព្រមទាំងក្បាលជង្គង់។ ទុកចោលសម្រាប់រយៈពេល ១៥ នាទី សឹមលាងសម្អាតចេញ។ អ្នកក៏អាចយកដំឡូងបារាំងទៅស្ងោរជាមុនសិន បន្ទាប់មកកិនវាឱ្យម៉ដ្ឋ។ លាយដំឡូងបារាំងដែលកិនរួចជាមួយយ៉ាអួរសុទ្ធមួយចំនួន រួចលាបវាលើកែងដៃ និងជង្គង់។ រងចាំសម្រាប់រយៈពេល ៣០នាទី សឹមលាងសម្អាតចេញ៕