ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ និងចូលចិត្តទទួលទានផ្លែឪឡឹក ប៉ុន្តែធ្លាប់ឆ្ងល់ឬអត់ថាតើស្ត្រីមានផ្ទៃពោះអាចញ៊ាំផ្លែឈើនេះបានដែរទេ? ហើយចំពោះស្ត្រីជាម្ដាយវិញកំពុងបារម្ភថាការទទួលទានឪឡឹកអាចបង្កគ្រោះថ្នាក់គួរឲ្យព្រួយបារម្ភចំពោះទារកក្នុងផ្ទៃឬ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ការទទួលទានឪឡឹកកំឡុងពេលមានផ្ទៃពោះ គឺប្រសើរណាស់ ក៏ព្រោះផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹម ប៉ុន្តែក៏កុំទទួលទានច្រើនលើសពេក។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងនូវអត្ថប្រយោជន៍ដ៏គួរឲ្យភ្ញាក់ផ្អើលនៃការទទួលទានឪឡឹកកំឡុងពេលមានផ្ទៃពោះ ៖
១. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
នៅពេលមានផ្ទៃពោះ គឺរាងកាយកំពុងការពារសុខភាពចំនួន ២ ទាំងអ្នកម្ដាយនិងកូនក្នុងផ្ទៃ។ ដូច្នេះការរក្សាបាននូវប្រព័ន្ធភាពស៊ាំរាងកាយរឹងមាំ គឺចាំបាច់ណាស់។ ឪឡឹកជាជម្រើសនៃផ្លែឈើដ៏ប្រសើរសម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយដោយវាមានផ្ទុកសារធាតុ lycopene។
២. បំបាត់អាការៈទល់លាមក
នេះក៏ព្រោះតែឧឹឡឹកមានផ្ទុកសម្បូរទៅដោយជាតិសសៃ និងជាតិទឹកជួយដោះស្រាយបញ្ហាទល់មកបានយ៉ាងប្រសើរ។
៣. ជម្រុញការលូតលាស់នៃឆ្អឹងទារកក្នុងផ្ទៃ
ផ្លែឈើនេះក៏ជាប្រភពដ៏ល្អនៃកាល់ស្យូមនិងប៉ូតាស្យូមដែលជាជាតិរ៉ែជួយពង្រឹងសុខភាពឆ្អឹង និងការលូតលាស់ឆ្អឹងនៃទារកក្នុងផ្ទៃផងដែរ។
៤. កាត់បន្ថយអាការៈក្រហាយទ្រូង
ជាទូទៅស្ត្រីមានផ្ទៃពោះ គឺតែងប្រឈមមុខនឹងបញ្ហានៃការរំលាយអាហារដែលបណ្ដាលឲ្យមានអាការៈក្រហាយទ្រូង ឬច្រាលទឹកអាស៊ីតក្រពះ។ ផ្លែឪឡឹក មានប្រសិទ្ធិភាពកម្ចាត់នូវបញ្ហាទាំងនេះបានដោយជួយក្នុងការសម្រួលដំណើរការនៃបំពង់អាហារ និងក្រពះ។ ការទទួលទានឪឡឹកអាចជួយធ្វើឲ្យបញ្ហាក្រហាយទ្រូងបាត់ទៅវិញយ៉ាងឆាប់រហ័ស។
៥. កាត់បន្ថយការហើម
ការហើមដៃ និងជើង តែងកើតឡើងជាទូទៅកំឡុងពេលមានផ្ទៃពោះ។ បរិមាណនៃជាតិទឹកខ្ពស់ក្នុងផ្លែឪឡឹកកាត់បន្ថយការស្ទះក្នុងសសៃឈាម និងសាច់ដុំ ដូច្នេះបញ្ហានៃការហើមត្រូវបានព្យាបាល។
៦. បំបាត់អាការៈចាញ់កូន
ទទួលទានទឹកឪឡឹកស្រស់មួយកែវនៅព្រឹកព្រលឹម គឺល្អបំផុតកំឡុងពេលមានផ្ទៃពោះ។ ឪឡឹកជួយធ្វើឲ្យអារម្មណ៍ស្រស់ស្រាយមានថាមពលពេញមួយថ្ងៃ និងថែមទាំងជួយបំបាត់កាត់បន្ថយអាការៈចាញ់កូនខ្លាំងផងដែរ។
៧. ទប់ស្កាត់បញ្ហាខ្សោះជាតិទឹក
ការខ្សោះ ឬខ្វះជាតិទឹកក្នុងរាងកាយជាមូលហេតុចម្បងមួយដែលបង្កឲ្យមានបញ្ហាទារកកើតមិនគ្រប់ខែ ឬសម្រាលមុនពេលកំណត់។ ស្ត្រីមានផ្ទៃពោះគួរទទួលទានទឹកឲ្យបានច្រើនគ្រប់គ្រាន់ដើម្បីទប់ស្កាត់បញ្ហាខ្សោះ ឬខ្វះជាតិទឹកក្នុងរាងកាយ។ ឪឡឹកមានផ្ទុកជាតិទឹកដល់ទៅ ៩០ ភាគរយ ដូច្នេះការទទួលទានវាជាវិធីដ៏ងាយ ហើយល្អបំផុត ដើម្បីជៀសផុតពីបញ្ហាខ្សោះជាតិទឹក។
៨. បង្កើនថាមពល
ឪឡឹក ជាប្រភពដ៏ប្រសើរនៃជាតិរ៉ែល្អៗដូចជា វីតាមីន A, វីតាមីន B1, វីតាមីន B6, ប៉ូតាស្យូម និងម៉ង់កាណែស ដែលជួយបង្កើនផ្ដល់ថាមពលតាមបែបធម្មជាតិដល់រាងកាយ។ សារធាតុទាំងអស់នេះក៏ប្រសើរសម្រាប់ទារកក្នុងផ្ទៃផងដែរ។
៩. កាត់បន្ថយហានិភ័យនៃជំងឺក្រឡាភ្លើង
ឪឡឹក មានផ្ទុកកម្រិត lycopene ខ្ពស់ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺក្រឡាភ្លើងកំឡុងពេលមានផ្ទៃពោះ។
សម្គាល់! ទោះជាយ៉ាងណាអ្នកអាចពិគ្រោះជាមួយគ្រូពេទ្យមុននឹងទទួលទាន ឬរួមបញ្ចូលផ្លែឈើនេះក្នុងរបបអាហារ៕