ការសិក្សាដែលបានចុះផ្សាយនៅលើគេហទំព័រវេជ្ជសាស្រ្ត WebMD បានរកឃើញថា កុមារដែលបរិភោគត្រីយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ មានកម្រិតនៃភាពវៃឆ្លាត (IQ) ខ្ពស់ជាងក្មេងដែលមានបរិភោគត្រីដល់ទៅ៥ពិន្ទុ។ គេឃើញថា អ្នកទទួលទានត្រីច្រើន ក៏មានការគេងស្រួលផងដែរ។
ការស្រាវជ្រាវនេះ ដឹកនាំដោយអ្នកស្រាវជ្រាវ Jianghong Liu ដែលជាសាស្រ្តាចារ្យរងផ្នែកគិលានុបដ្ឋាយិកានៃសាលាគិលានុបដ្ឋាយិកានៃសកលវិទ្យាល័យ Pennsylvania ក្នុងទីក្រុង Philadelphia សហរដ្ឋអាមេរិក។
លោកស្រី Liu បាននិយាយថា៖ “ប្រសិនបើឪពុកម្តាយចង់ឱ្យកូនរបស់ពួកគេមានសុខភាពល្អនិងមានសមត្ថភាពខួរក្បាលខ្ពស់ ពួកគេគួរតែឱ្យកូនញ៉ាំត្រីយ៉ាងហោចម្តងក្នុងមួយសប្តាហ៍។”
យោងតាមអ្នកស្រាវជ្រាវបានឱ្យដឹងថា ការជួយដល់ភាពវៃឆ្លាតរបស់កុមារក៏អាចមានទំនាក់ទំនងនឹងការគេងបានស្កប់ ដែលមានជំនួយពី Omega3 ដែលបានមកពីត្រីផងដែរ។
ដើម្បីដឹងពីទំនាក់ទំនងនៃសុខភាពខួរក្បាលកុមារ ជាមួយនឹងការញ៉ាំត្រី លោកស្រី Lui និងសហការី បានសិក្សាពីទម្លាប់នៃការបរិភោគរបស់ក្មេងប្រុសនិងក្មេងស្រីជាង ៥០០នាក់នៅក្នុងប្រទេសចិន ដែលមានអាយុពី ៩ ទៅ ១១ឆ្នាំ។ កុមារបានបំពេញកម្រងសំណួរអំពីថា តើពួកគេបរិភោគត្រីញឹកញាប់ប៉ុណ្ណាក្នុងមួយខែកន្លងមកនេះ។
កុមារក៏បានធ្វើតេស្តវាស់កម្រិត IQ ជាភាសាចិន ដែលវាយតម្លៃជំនាញនិយាយនិងជំនាញមិនពាក់ព័ន្ធនឹងការនិយាយ ដែលគេហៅតេស្តនោះថា Wechsler Intelligence Scale សម្រាប់កុមារ។
ក្រុមស្រាវជ្រាវបានរកឃើញថា កុមារដែលបរិភោគត្រីយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ទទួលបានពិន្ទុខ្ពស់ជាងកុមារដែលមានសូវបរិភោគត្រីឬមិនបរិភោគសោះ ដល់ទៅ៤.៨ពិន្ទុ៕