នៅពេលងងុយគេង អ្នកគិតទៅដល់កាហ្វេ។ តែពេលខ្លះ អ្នកផឹកវាហើយ អ្នកក៏មានអារម្មណ៍ថាឈឺក្បាល។ នេះក៏មកពីក្នុងកាហ្វេមានជាតិកាហ្វេអ៊ីនអាចបណ្តាលឱ្យឈឺក្បាល។ ជាតិកាហ្វេអ៊ីនអាចធ្វើឱ្យអ្នកនោមបានច្រើន ដែលអាចធ្វើឱ្យអ្នកខ្សោះជាតិទឹក។ ជាលទ្ធផលការខ្សោះជាតិទឹកអាចបណ្តាលឱ្យឈឺក្បាល។
ការឈឺក្បាលក៏អាចបណ្តាលមកពីការទទួលទានជាតិកាហ្វេអ៊ីនច្រើនពេក។ យោងទៅតាមគេហទំព័រវេជ្ជសាស្រ្ត Mayo Clinic បានឱ្យដឹងថា ការទទួលទានជាតិកាហ្វេអ៊ីនច្រើនពេកអាចបណ្តាលឱ្យឈឺក្បាល រូមជាមួយនឹងបញ្ហាផ្សេងៗទៀត។ កម្រិតខ្ពស់បំផុតក្នុងការទទួលកាហ្វេរាល់ថ្ងៃ គឺគួរតែត្រឹម ៤០០មីលីក្រាមនៃជាតិកាហ្វេអ៊ីន។ នេះគឺស្មើនឹងកាហ្វេប្រហែល៤កែវ ក្នុងការមួយថ្ងៃ។ វាអាចមានការប្រែប្រួលអាស្រ័យលើភាពខ្លាំងរបស់ប្រភេទកាហ្វេនីមួយៗ។
ការសិក្សាតូចមួយឆ្នាំ ២០១៦ បានបង្ហាញថា ការឈប់ទទួលទានជាតិកាហ្វេអ៊ីន ធ្វើឱ្យការព្យាបាលបញ្ហាឈឺក្បាលមានប្រសិទ្ធភាពល្អ។ សូមចាំថាកាហ្វេមិនមែនជារបស់តែម្យ៉ាងដែលផ្ទុកជាតិកាហ្វេអ៊ីននោះទេ។ ជាតិកាហ្វេអ៊ីនអាចត្រូវបានរកឃើញនៅក្នុងអាហារនិងភេសជ្ជៈជាច្រើនទៀតដូចជាសូកូឡា ទឹកតែមួយចំនួន ភេសជ្ជៈប៉ូវកម្លាំង និង ភេសជ្ជៈមួយចំនួនផ្សេងទៀត។
ប្រសិនបើអ្នកឈឺក្បាលនៅពេលអ្នកទទួលទានជាតិកាហ្វេអ៊ីន ការបំពេញជាតិទឹកឱ្យបានគ្រប់គ្រាន់ អាចជាវិធីល្អបំផុតក្នុងការដោះស្រាយបញ្ហានេះ ព្រោះវាទប់ស្កាត់ការខ្សោះជាតិទឹកដែលបណ្តាលមកពីកាហ្វេ៕