គូឆាយ ជាបន្លែមួយប្រភេទដែលពេញនិយម និងសម្បូរណាស់ដែរក្នុងប្រទេសកម្ពុជា។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហើយតែងត្រូវបានគេមកចម្អិនជាម្ហូបផ្សេងៗ ឬបន្ថែមក្នុងអាហារបង្កើនរសជាតិ និងធ្វើជានំ។ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ និងធ្លាប់ទទួលទានបន្លែនេះ ប៉ុន្តែប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ដឹងអំពីអត្ថប្រយោជន៍ដ៏ប្រសើរនៃការទទួលទានវាចំពោះសុខភាពឡើយ! ទោះបីជាមិនចូលចិត្តក៏ពិតមែន ប៉ុន្តែក្រោយពីអានអត្ថបទខាងក្រោមនេះរួច អ្នកក៏ប្រហែលជានឹងប្ដូរចិត្តចង់ទទួលទានមិនខាន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីឥទ្ធិពលវិជ្ជមានល្អៗនៃស្លឹកគូឆាយចំពោះសុខភាពទប់ស្កាត់ជំងឺ ៖
១. ពង្រឹងភាពរឹងមាំនៃឆ្អឹង
នេះក៏ព្រោះតែស្លឹកគូឆាយមានផ្ទុកសម្បូរទៅដោយវីតាមីន k ដែលរាងកាយត្រូវការចាំបាច់សម្រាប់រក្សាសុខភាពឆ្អឹងរឹងមាំ។ តួនាទីនៃវីតាមីន k ក្នុងការទប់ស្កាត់ជំងឺពុកឆ្អឹង គឺជួយរក្សាជាតិកាល់ស្យូមក្នុងឆ្អឹងជាជាងបញ្ចេញវាទៅក្នុងចរន្តឈាម។ បន្លែនេះក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយព្យាបាលជំងឺរលាកសន្លាក់ផងដែរ។
២. កម្ចាត់ជាតិពុលផ្សេងៗចេញពីរាងកាយ
បន្លែនេះមិនត្រឹមតែជួយសម្អាតពោះវៀន និងបំពង់រំលាយអាហារប៉ុណ្ណោះទេ ប៉ុន្តែគឺរាងកាយទាំងមូលតែម្ដង។ គូឆាយ មានលក្ខណៈសម្បត្តិបញ្ចុះទឹកនោម ដូច្នេះហើយទើបការទទួលទានវាជួយបង្កើនការបញ្ចេញជាតិពុលផ្សេងៗចេញពីរាងកាយតាមរយៈទឹកនោម។
៣. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
នេះក៏ព្រោះតែស្លឹកគូឆាយមានផ្ទុកសមាសធាតុ phytochemicals។ វាថែមទាំងជាប្រភពដ៏ប្រសើរនៃសេលេញ៉ូមដែលជាសារធាតុចិញ្ចឹមសំខាន់មួយទៀតដែលល្អសម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។
៤. កាត់បន្ថយហានិភ័យនៃជំងឺមហារីក
ស្លឹកគូឆាយមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនប្រភេទ រួមបញ្ចូលទាំងសារធាតុ quercetin។ សារធាតុប្រឆាំងអុកស៊ីតកម្ម quercetin មានឥទ្ធិពលបំផុតប្រយុទ្ធប្រឆាំងក៏ដូចជាទប់ស្កាត់ជំងឺមហារីក។
៥. បង្កើនសុខភាពភ្នែក
បន្លែនេះក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ lutein និង zeaxanthin ដែលជួយបង្កើនសុខភាពភ្នែកពីការបំផ្លាញដោយរ៉ាឌីកាល់សេរី។ ការទទួលទានស្លឹកគូឆាយជួយឱ្យមើលឃើញបានកាន់តែច្បាស់និងជៀសផុតពីជំងឺភ្នែកផ្សេងៗគួរឱ្យកត់សម្គាល់។
៦. ល្អសម្រាប់សុខភាពបេះដូង
ស្លឹកគូឆាយមានផ្ទុកសមាសធាតុ allicin ដែលជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ ក៏ដូចជាទប់ស្កាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់។ ហើយដូចដែលធ្លាប់បានដឹងរួចមកហើយថា បញ្ហានៃកម្រិតកូឡេស្តេរ៉ូល និងសម្ពាធឈាមជាមូលហេតុចម្បងបង្កផលប៉ះពាល់ដល់សុខភាពបេះដូង។
៧. ល្អសម្រាប់ស្ត្រីមានផ្ទៃពោះ
ស្លឹកគូឆាយមានផ្ទុកសម្បូរទៅដោយសារធាតុ Folate ដែលចាំបាច់សម្រាប់ការលូតលាស់ខួរក្បាលនៃទារកក្នុងផ្ទៃ។ វាក៏ជួយដល់ការបែងចែកកោសិកានិងសំយោគ DNA ផងដែរ។ អាស៊ីត Folic ក្នុងស្លឹកគូឆាយជួយទប់ស្កាត់បញ្ហាពាក់ព័ន្ធនឹងខួរក្បាល ព្រមទាំងខួរឆ្អឹងខ្នងរបស់ទារក។
៨. ជួយឱ្យឆាប់គេងលក់និងលើកកម្ពស់អារម្មណ៍ល្អប្រសើរ
ស្លឹកគូឆាយជាប្រភពដ៏ប្រសើរនៃសារធាតុ choline ដែលជាសារធាតុចិញ្ចឹមសំខាន់មួយជួយឱ្យគេងលក់បានស្កប់។ អាស៊ីត Folic ក្នុងស្លឹកគូឆាយក៏ល្អសម្រាប់ជម្រុញការផលិតអ័រម៉ូនរីករាយ dopamine និង serotonin ដែលជួយលើកកម្ពស់អារម្មណ៍ល្អប្រសើរផងដែរ៕