ស្រាបៀរគឺជាជម្រើសសារជាតិអាល់កុលដែលពេញនិយមបំផុត។ មនុស្សភាគច្រើនចូលចិត្តគាស់ក្រវិលកំប៉ុងឬគម្របដប ហើយផឹកជួបជុំគ្នា ដើម្បីកាត់ស្រ្តេស នៅពេលយប់ៗ។
ដោយមានជាតិអាល់កុលតែ ៥ ទៅ ១២% ស្រាបៀរត្រូវបានគេចាត់ទុកថាមានគ្រោះថ្នាក់តិចជាងភេសជ្ជៈមានជាតិអាល់កុលផ្សេងទៀត។ ការសិក្សាជាច្រើនបានបង្ហាញថា ការផឹកស្រាបៀរអាចបង្កើនអាយុ កាត់បន្ថយការឈឺចាប់ និងកាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង។
បើទោះបីជាមានការសិក្សាលើកឡើងថាបែបនេះក៏ដោយ ក៏យើងមិនត្រូវភ្លេចដែរថា បើយើងទទួលទានរាល់ថ្ងៃ ឬ ច្រើនពេក វាអាចធ្វើឱ្យផលប៉ះពាល់ដល់សុខភាព។ ខាងក្រោមនេះ នឹងនិយាយថាតើនឹងមានអ្វីកើតឡើងចំពោះបេះដូង និង តម្រងនោម ប្រសិនបើយើងផឹកស្រាបៀររាល់យប់ រៀងរាល់ថ្ងៃ។
ការសិក្សាជាច្រើនបង្ហាញថាការផឹកស្រាបៀរគឺល្អសម្រាប់សុខភាពបេះដូង ប៉ុន្តែនេះអាចទៅជាគុណវិបត្តិ ប្រសិនបើអ្នកផឹកច្រើនលើសកំណត់។ ការផឹកច្រើនអាចបំផ្លាញសាច់ដុំបេះដូង បង្កើនហានិភ័យនៃជម្ងឺដាច់សរសៃឈាមខួរក្បាល ជម្ងឺលើសឈាម ទឹកនោមផ្អែមប្រភេទទី២ និង ជម្ងឺបេះដូងលោតខុសចង្វាក់។ ចំពោះអ្នកផឹកច្រើនជោគជាំ២ដងក្នុងមួយសប្តាហ៍ គឺមានហានិភ័យខ្ពស់ជាងអ្នកផឹកល្មមៗរៀងរាល់ថ្ងៃ។ នេះគឺដោយសារតែការឡើងចុះសម្ពាធឈាមភ្លាមនិងមិនទៀងទាត់។
ការផឹកស្រាបៀរពីរកែវក្នុងមួយថ្ងៃ សម្រាប់បុរស និងមួយកែវសម្រាប់ស្ត្រី ត្រូវបានគេចាត់ទុកថាជាការផឹកស្រាកម្រិតមធ្យម។ ការលើសពីដែនកំណត់នេះ អាចមានផលវិបាកដែលអាចបង្កគ្រោះថ្នាក់។ ការពិសាស្រាបៀរដែលមានជាតិអាល់កុលខ្ពស់ អាចធ្វើឱ្យអ្នកប្រឈមនឹងជម្ងឺលើសឈាមនិងជម្ងឺតម្រងនោម។ នោះគឺដោយសារតែស្រាបៀរគឺជាសារធាតុបញ្ចុះទឹកនោម ហើយអាចដាក់សម្ពាធបន្ថែមទៅលើតម្រងនោមរបស់អ្នក។ វាក៏អាចបណ្តាលឱ្យខ្វះជាតិទឹកនិងអាចរំខានដល់តុល្យភាពនៃរាងកាយ។ ក្នុងរយៈពេលវែងវាអាចធ្វើឱ្យខូចតម្រងនោម ដែលនាំឱ្យមានគ្រួសក្នុងតម្រងនោមឬខ្សោយតម្រងនោម៕