មានការសិក្សាជាច្រើនបានលើកឡើងថា ការគេងតិចពេកបណ្តាលឱ្យកុមារធាត់លើសទម្ងន់គិតចាប់ផ្តើមពីវ័យជាទារក។ ការសិក្សាមួយពីមន្ទីរពេទ្យកុមារ Penn State សហរដ្ឋអាមេរិកបានបង្ហាញថា នៅពេលឪពុកម្តាយចេះដឹងពីរបៀបធ្វើឱ្យកូនគេងលក់ស្រួល និង ផ្តល់ពេលវេលាគ្រប់គ្រាន់ឱ្យកូនគេងបានត្រឹមត្រូវ គេឃើញថាកូនៗទាំងនោះមិនងាយប្រឈមនឹងជម្ងឺធាត់លើសទម្ងន់នោះទេ។
ការសិក្សានេះ ត្រូវបានធ្វើឡើងនៅលើទារកនៅអាយុ២សប្តាហ៍ ហើយតាមដានទារកទាំងនោះរហូតដល់ទៅ១ឆ្នាំពេញ។ គេឃើញថា ទារកទាំងនោះមានរាងកាយមាំមួន និង មិនមានការធាត់លើសទម្ងន់នោះទេ។ នេះបើយោងតាមការលើកឡើងរបស់ លោកវេជ្ជបណ្ឌិត Ian Paul ដែលជាអ្នកដឹកនាំការសិក្សា និង ជាសាស្រ្តាចារ្យផ្នែករោគកុមារនៅសាកលវិទ្យាល័យវេជ្ជសាស្រ្ត Penn State។
នៅពេលដែលរាងកាយទទួលបានអាហារគ្រប់គ្រាន់ កោសិកាខ្លាញ់បានបង្កើតអរម៉ូនម្យ៉ាងហៅថា Leptin ដែលជួយប្រាប់ខួរក្បាលថាមិនចង់ទទួលទៀតនោះទេ។ ការគេងមិនគ្រប់ធ្វើឱ្យអរម៉ូននេះមិនចេញមកទេ។ ជាលទ្ធផល កុមារនឹងឃ្លានមិនឈប់។ លោកវេជ្ជបណ្ឌិត Dorit Korean ដែលជាអ្នកឯកទេសខាងក្រពេញអង់ដូគ្រីន និង ជាអ្នកសិក្សាស្រាវជ្រាវខាងផ្នែកដំណេក នៅសាកលវិទ្យា Chicago បានលើកឡើងថា៖ “យូរៗ ទៅក្មេងដែលគេងមិនបានគ្រប់គ្រាន់ទំនងជាងាយនឹងធាត់។”
លោកវេជ្ជបណ្ឌិត Koren មានប្រសាសន៍ថា៖ “ការស្រាវជ្រាវបានបង្ហាញថាកុមារដូចជាមនុស្សពេញវ័យ ចូលចិត្តអាហារមានជាតិខ្លាញ់ខ្ពស់ឬជាតិខាញ់ខ្ពស់ នៅពេលពួកគេហត់ និង មិនបានដេកស្កប់៕”