ទោះបីជាភាគច្រើននៃពួកយើងស្គាល់និងឧស្សាហ៍ទទួលទានអំពិលទុំ ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងទេថាផ្លែឈើនេះល្អសម្រាប់ដោះស្រាយបញ្ហាសម្រស់ផ្សេងៗ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ត្រូវយកមកធ្វើបែបណាខ្លះទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗប្រើប្រាស់អំពិលទុំថែសម្រស់ ៖
១. រូបមន្តអំពិលទុំនិងម្សៅរមៀត
ល្អណាស់សម្រាប់ជួយសម្អាតស្បែកឱ្យស្រស់ថ្លានិងកម្ចាត់បាក់តេរី។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាក់ដាំអំពិលទុំ ៣០ក្រាមក្នុងទឹកធម្មតា ១ពែងឱ្យអំពិលក្លាយជាទន់សាច់។ ទុកឱ្យចុះត្រជាក់បន្តិចសិន សឹមអំពិលទុំបេះយកតែសាច់មកលាយជាមួយម្សៅរមៀត កន្លះស្លាបព្រាកាហ្វេ។ កូរឱ្យសព្វ សឹមល្បាយលើស្បែកមុខនិងរងចាំរហូតដល់ស្ងួតសម្រាប់រយៈពេល ២០នាទី។ បន្ទាប់មកលាងសម្អាតស្បែកមុខចេញជាមួយទឹកធម្មតាជាការស្រេច។
២. រូបមន្តអំពិលទុំនិងទឹកឃ្មុំ
សាកសមជាពិសេសសម្រាប់ស្បែកមុខខ្លាញ់។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់លាយសាច់អំពិលទុំ ១ស្លាបព្រាកាហ្វេជាមួយទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ និងម្សៅសណ្ដែក (Gram flour) ២ស្លាបព្រាកាហ្វេឱ្យសព្វចូលគ្នាក្នុងចានគោមមួយ។ លាបល្បាយលើស្បែកមុខនិងក រួចរងចាំសម្រាប់រយៈពេល ២០នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ ប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែកតាមក្រោយជាការស្រេច។
៣. រូបមន្តស្ក្រាប់អំពិលទុំ
សាកសមសម្រាប់កម្ចាត់កោសិកាស្បែកងាប់ៗនិងជួសជុលស្បែកឡើងវិញឱ្យស្អាតស្រស់ថ្លា។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយសាច់អំពិលទុំ ២ស្លាបព្រាបាយជាមួយស្ករអំពៅ ឬស្ករស ២ស្លាបព្រាបាយ, ទឹកក្រូចឆ្មារស្រស់ ២ស្លាបព្រាកាហ្វេ និងម្សៅ Baking soda ២ស្លាបព្រាកាហ្វេឱ្យសព្វចូលគ្នាក្នុងចានគោមមួយ។ ប្រើប្រាស់ស្ក្រាប់ធម្មជាតិនេះកំឡុងពេលងូតទឹកដើម្បីខាត់ស្បែកមុខនិងក។
៤. រូបមន្តអំពិលទុំ និងក្រូចឆ្មារ
សាកសមសម្រាប់បន្ថយស្នាមជាំនិងស្នាមអ៊ុចខ្មៅ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែត្រាំអំពិលទុំ ១ពែងក្នុងទឹក។ រងចាំរហូតដល់អំពិលប្រែជាទន់ សឹមបេះយកសាច់ដាក់ចូលក្នុងចានគោមមួយ។ បន្ទាប់មកបន្ថែមទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាកាហ្វេ និងទឹកឃ្មុំ ១ស្លាបព្រាកាហ្វេចូល។ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែកមុខនិងក។ រងចាំរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។
៥. រូបន្តអំពិលទុំនិងអង្ករ
សាកសមណាស់សម្រាប់កម្ចាត់មុន។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលីងសាច់អំពិលទុំ ១ពែងជាមួយអង្ករកន្លះពែងរហូតដល់ប្រែជាពណ៌ត្នោត។ បន្ទាប់មកសឹមយកទៅកិនឱ្យម៉ដ្ឋក្លាយជាល្បាយខាប់ៗ រួមបន្ថែមប្រេងអូលីវ ១ស្លាបព្រាបាយចូល។ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែកមុខ។ រងចាំសម្រាប់រយៈពេលយ៉ាងហោចណាស់ពី ១៥ ទៅ ២០នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ៕